ភ្នំពេញៈ ផ្សារមូលបត្រ​កម្ពុជា​ (CSX) បានធ្វើ​ទំនើបកម្ម​កម្មវិធី​ជួញដូរ​របស់ខ្លួន​ដោយបាន​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ជួញដូរ​មូលបត្រ ​«CSX Trade» បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធី MTS(Mobile Trading System) ​ដែលមាន​លក្ខណៈ​ជា​គេហទំព័រ (Web-based) ​តាំងពី​ឆ្នាំ​ ២០១៨ មក​។

សម្រាប់​កម្មវិធី CSX Trade នេះ​គឺជា​វេទិកា​សម្រាប់​ជួញដូរ​មូលបត្រ ដែលជា​ការធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​ជួញដូរ​ចល័ត​បច្ចុប្បន្ន ដែល​គ្រប់គ្នា​ស្គាល់ ថា MTS (Mobile Trading System) មកជា​កម្មវិធី​ទូរស័ព្ទ ដែល​ដំណើរការបាន​ទាំង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android​។

លោក ហុង សុហួរ អគ្គនាយក CSX បានលើកឡើង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​នេះ​កាលពី​ថ្ងៃទី ​២២ ខែកុម្ភៈ​ថា CSX Trade ត្រូវបាន​អភិវឌ្ឍ​ឡើង ដោយ​ក្រុមការងារ​បច្ចេកទេស​ផ្ទាល់​របស់ CSX ដោយ​យក​លំនាំ​តាម និង​រក្សា​នូវ​មុខងារ​សំខាន់ៗ​ដែលមាន​នៅក្នុង​ប្រព័ន្ធ​ជួញដូរ​ចល័ត NTS ប៉ុន្តែ​មាន​បន្ថែម​នូវ​មុខងារ​សុវត្ថិភាព ការរចនា​លម្អ ពិសេស​គឺ​ការបន្ថែម​សមត្ថភាព​ប្រព័ន្ធ​មេ​ ដើម្បី​ទទួល​បញ្ហា​បាន​ច្រើនជាង​មុន និង​រហ័ស​ជាង​មុន​។

លោក​ថ្លែងថា​៖ «​ជាការ​ពិតណាស់ យើង​មិនអាច​រំពឹង​ភាពឥតខ្ចោះ​ចំពោះ​ការផលិត​កម្មវិធី​ជា​លើកដំបូង​នោះទេ ប៉ុន្តែ​យើង​ជឿ និង​រំពឹងទុក​នូវ​ភាពល្អ​ប្រសើរ​ជាង​មុន ប្រសិទ្ធភាព​ខ្ពស់ជាង​មុន និង​ការបន្ត​អភិវឌ្ឍ​ឥតឈប់ឈរ​»​។

«​ដូច្នេះ​ហើយ​ការដាក់​ឱ្យ​ដំណើរការ​ជាបឋម ពិតជា​មាន​សារៈសំខាន់​ដើម្បី​សាកល្បង និង​វាស់​ស្ទង់​សមត្ថភាព​កម្មវិធី​ទូរស័ព្ទ​ដែល​យើង​បាន​អភិវឌ្ឍ​ឡើង​។ ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​ស្នើឱ្យ​វិនិយោគិន​ទាំងអស់​ទាញយក​កម្មវិធី​នេះ និង​ចូលរួម​ប្រើប្រាស់​សាកល្បង​ទាំងអស់គ្នា ព្រមទាំង​ចូលរួម​ផ្តល់​ជា​មតិយោបល់​កែលម្អ​ដើម្បី​យើង​អាច​កែសម្រួល​ឱ្យបាន​កាន់តែ​ប្រសើរ មុនពេល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការដែល​គ្រោង​ធ្វើ​នៅ​ខែឧសភា​ខាងមុខ​»​។

លោក​បន្ថែមថា ការបង្កើត​គំនិត​ផ្តួចផ្តើម​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ជួញដូរ​ចល័ត MTS និង​កម្មវិធី​ទូរស័ព្ទ CSX Trade ដែលជា​សមិទ្ធផល​ថ្មី​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង និង​ការវិនិយោគ​របស់​ផ្សារមូលបត្រ​កម្ពុជា​ដើម្បី​សម្រួល​បន្ទុក ចំណាយ​ដល់​សមាជិក​ទីផ្សារ ដែលជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​នៅ​ដំណាក់កាល​កកើត​ទីផ្សារ​ដំបូង ដែល​អាចជា​ខ្ទង់​វិនិយោគ​ខ្ពស់​មួយ​ក្នុង​ការបង្កើត​វេទិកា​បញ្ជា​ទិញ​លក់​ផ្ទាល់ខ្លួន ដោយ​អាចមក​ប្រើប្រាស់​វេទិកា​រួម​ដែល​ផ្តល់​ដោយ CSX ដោយ​ឥតគិតថ្លៃ​។

លោក សៀង ធីរិទ្ធ អគ្គនាយករង​នៃ​និយតករ​មូលបត្រ​កម្ពុជា​បាន​ថ្លែងថា រយៈពេល ៥ ​ឆ្នាំ​ចាប់ពី​ពេល​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០១៨ រហូតដល់​ឆ្នាំ ​២០២២ ​នេះ ប្រព័ន្ធ MTS បាន​ចូលរួម​កាត់បន្ថយ​ការខាត​ពេលវេលា​, ការបាត់បង់​ឱកាស​វិនិយោគ និង​ភាពលំបាក​ក្នុងការ​វិនិយោគ​របស់​វិនិយោគិន​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​។ ប្រព័ន្ធ​ជួញដូរ​ចល័ត​ (MTS) បាននិងកំពុង​ដើរតួនាទី​សំខាន់​ក្នុងការ​សម្រួល​ដល់​ការដាក់​បញ្ជា​ទិញ-​លក់​របស់​វិនិយោគិន ដោយ​ក្នុងនោះ​ការបញ្ជាទិញ-​លក់​មូលបត្រ តាមរយៈ​ប្រព័ន្ធ​នេះ​មាន​រហូតដល់​ ៩៦​ ភាគរយ​នៃ​ចំនួន​បញ្ជា​សរុប ខណៈ​ការដាក់​បញ្ជា​តាមរយៈ​ភ្នាក់ងារ ក្រុមហ៊ុន​មូលបត្រ​មាន​ត្រឹមតែ ៤ ​ភាគរយ​។

លោក​បន្តថា ទោះយ៉ាងណា​ប្រព័ន្ធ​ជួញដូរ​ចល័ត​ (MTS) នេះ​នៅ​ខ្វះ​ភាពបត់បែន និង​អាចមាន​រអាក់រអួល​មួយចំនួន​។ ដូចនេះ ខ្ញុំ​រំពឹងថា ការអភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ CSX Trade ដែល​ដំណើរការ​លើ​ប្រព័ន្ធ Android និង iOS នឹង​បំពេញ​នូវ​ចំណុច​ខ្វះខាត​ទាំងនេះ ព្រម​ផ្តល់​កាលានុវត្តភាព​ថ្មី​សម្រាប់​ទីផ្សារ​មូលបត្រ​កម្ពុជា​។

បើ​យោងតាម​លោក សុហួរ ទំហំ​ជួញដូរ​ប្រចាំថ្ងៃ​ចាប់ពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ​ ២០១៧ ដែលមាន​មិន​ដល់ ១,៥ ​ម៉ឺន​ដុល្លារ បាន​កើន​ឡើងដល់ ២,៦ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ និង​បន្ត​កើនឡើង​ដល់​ជិត ១៦ ​ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​ ២០១៩ មុនពេល​មានការ​ធ្លាក់ចុះ​បន្តិច​វិញ​ក្នុង​ឆ្នាំ​ ២០២០ ដោយសារ​ឥទ្ធិពល​វិបត្តិ​កូវីដ​ ១៩​។ ដោយឡែក ក្នុង​ឆ្នាំ​ ២០២១ បាន​បំបែក​កំណត់ត្រា​ថ្មី​ជាមួយ​នឹង​តម្លៃ​ជួញដូរ​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​ជាង ១ ​ពាន់​លាន​រៀល ប្រមាណ​ជាង ២៧ ​ម៉ឺន​ដុល្លារ កើនឡើង​រហូតដល់ ១២៧ ​ភាគរយ នៃ​តម្លៃ​ជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ​ក្នុង​ឆ្នាំ​ ២០២០​។

លោក​បន្តថា ជាក់ស្តែង​ចំនួន​បញ្ជា​ដែល​ដាក់​មក​ទីផ្សារ​នៅ​ឆ្នាំ​ ២០២១ បាន​កើន​ដល់​ជិត​ ៥០ ​ម៉ឺន​ស្មើនឹង ៣២ ​ដង​ធៀប​ឆ្នាំ ២០១៧ ក្នុងនោះ ៩៩ ​ភាគរយ​នៃ​ចំនួន​បញ្ជា​សរុប​គឺជា​បញ្ជា​តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត​។

ប្រព័ន្ធ​ជួញដូរ MTS មាន​គណនី​អ្នកប្រើប្រាស់​ដំបូង​ត្រឹម ៣ ៤៩១ ​គណនី​ប៉ុណ្ណោះ ខណ:​នៅ​ដំណាច់ឆ្នាំ​ ២០២១ ចំនួន​គណនី​បាន​កើន​ដល់ ១៧ ២០៧ ​គណនី ស្មើនឹង ៥៥​ ភាគរយ​នៃ​គណនី​ជួញដូរ​សរុប​ដែលមាន​ចំនួន ៣០ ៩៥៦ ​គណនី​៕ LA