ភ្នំពេញៈ បារាំង និង​អ៊ីរ៉ង់ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​ជើងហោះហើរ​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ និង​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ដំណាក់កាល​ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។

ប្រទេស​បារាំង និង​ប្រទេស​អ៊ីរ៉ង់ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា កាលពី​ថ្ងៃទី ​២១ ខែកុម្ភៈ ឆ្នាំ​ ២០២២ សុទ្ធតែ​បានបង្ហាញ​ពី​បំណង​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​នៅលើ​វិស័យ​ទេសចរណ៍​។

លោក Pellet Jacques ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​បាន​និយាយថា​៖ «​យើង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរៀបចំ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រទេស​សមាជិក​ដទៃ​។ នេះ​គឺជា​ការចូលរួម​ដើម្បី​ផលប្រយោជន៍ ភាពរីកចម្រើន​ទាំងអស់គ្នា ពិសេស​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ផងដែរ​»​។

ក្នុងឱកាស​នោះ​លោក ថោង ខុន ក៏បាន​ស្នើឱ្យ​មានការ​ជំរុញ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​បារាំង​ទៅមក​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ទៅវិញទៅមក​។ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ «​នាពេលខាងមុខ យើង​នឹង​ជួប​ជាមួយ​អាជីវករ​ និង​ប្រតិបត្តិករ​​ក្នុង​វិស័យ​ទេសចរណ៍​ដែលជា​ជនជាតិ​បារាំង​ដើម្បី​រក​វិធីសាស្ត្រ​បន្ថែមទៀត​ក្នុង​ការស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ ខណៈ​នៅ​កម្ពុជា​ក៏មាន​អាជីវករ និង​ប្រតិបត្តិករ​ជា​ជនជាតិ​បារាំង​ច្រើន​ផងដែរ​»​។

ដោយឡែក​ក្នុងជំនួប​ជាមួយ​លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់​វិញ លោក ថោង ខុន និយាយថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មូស្លីម​តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ​មូស្លីម ដែល​ក្នុងនោះ​ក៏​នឹង​ជំរុញឱ្យមាន​ការវិនិយោគ ក៏ដូចជា ភ្ញៀវទេសចរ​មូស្លីម​មក​កម្ពុជា​ផងដែរ​។

លោក ថោង ខុន (​ស្តាំ​) ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង លោក Pellet Jacques​។ រូបថត សហការី

លោក ថោង ខុន ក៏បាន​ស្នើឱ្យ​ភាគី​អ៊ីរ៉ង់​ជួយ​សិក្សា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​នាពេល​ខាងមុខ ខណៈ​ភាគី​ទាំង​ ២ ​បាន​ពិនិត្យ​លើ​លទ្ធភាព​ជា​ជំហាន​លើ​ការហោះហើរ​ជា​លក្ខណៈ​ត្រីកោណ​ពី​អ៊ីរ៉ង់​ចូលមក​ប្រទេស​ថៃ ​ឬ​ប្រទេស​ម៉ាឡេស៊ី និង​​បន្តដំណើរ​មក​កម្ពុជា​។

លោក Ali Akbar Nazari ក៏បាន​ឯកភាព​ជាមួយ​ភាគី​កម្ពុជា​លើ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ ២ ដោយ​កម្ពុជា​ជា​អ្នក​ផ្ដួចផ្ដើម និង​បានស្នើ​ទៅកាន់​ភាគី​អ៊ីរ៉ង់​កន្លងមក​រួចហើយ​។

លោក​បញ្ជាក់ថា៖ «​ភាគី​ទាំង ​២​នឹង​រៀបចំ​ឱ្យមាន​កិច្ចចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​វិស័យ​ទេសចរណ៍ ហើយ​ទន្ទឹមគ្នា​នោះ​ក៏​នឹងមាន​ការចុះ​អនុស្សរណៈ​លើ​វិស័យ​កីឡា​ផងដែរ ដោយ​ការចុះហត្ថលេខា​នឹងធ្វើ​ឡើង​នៅ​ប្រទេស​អ៊ីរ៉ង់​»​។

លោកស្រី ឆាយ ស៊ីលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនួប​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជាមួយ​បារាំង​អាច​នឹង​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ឡើងវិញ​បាន​មួយកម្រិត​ទៀត ដោយសារ​កន្លងទៅ​កម្ពុជា​ទទួលបាន​ទេសចរ​បារាំង​ក្នុង​រង្វង់ ២០ ​ម៉ឺន​នាក់​ដែរ ក្នុង​ ១ ​ឆ្នាំ​។

ដោយឡែក​ចំពោះ​ភ្ញៀវទេសចរ​មកពី​ខាង​ប្រទេស​អ៊ីរ៉ង់​វិញ លោកស្រី​បាន​បន្ថែមថា គឺ​នៅមានកម្រិត​នៅឡើយ ដូចនេះ​ប្រសិនបើ​មានការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​ប្រសើរ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ប្រជាជន​បារាំង​បាន​ស្គាល់ និង​មាន​ប្រវត្តិ​ជាមួយ​ប្រទេស​កម្ពុជា​ជាយូរ​មកហើយ ដូចនេះ​បើ​មាន​កិច្ចសហការ​ថែមទៀត​នឹង​កាន់តែ​ប្រសើរ​។ ចំណែក​អ៊ីរ៉ង់​វិញ ខ្ញុំ​រំពឹងថា តាមរយៈ​ការផ្សព្វផ្សាយ​កីឡា​ស៊ីហ្គេម​ដែល​កម្ពុជា​ នឹង​ធ្វើជា​ម្ចាស់ផ្ទះ ប្រជាជន​អ៊ីរ៉ង់​នឹង​អាច​ស្គាល់​កម្ពុជា​កាន់តែច្បាស់​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​របស់​កម្ពុជា​កាន់តែច្រើន ជាពិសេស​ជាមួយ​ប្រទេស​បារាំង គឺជា​សញ្ញាណ​ដ៏ល្អ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។

លោក​បាន​អះអាង​ថា​៖ «​កន្លងមក​ទេសចរ​ដែលមាន​ចំនួន​ច្រើន គឺ​មកពី​ខាង​ប្រទេស​បារាំង​នេះហើយ ហើយ​គ្រប់​រដូវកាល​ភ្ញៀវ​បារាំង​តែងមាន​ការរួមចំណែក​ជាមួយ​ទេសចរណ៍​កម្ពុជា ខណៈ​កន្លងមក​កម្ពុជា និង​បារាំង​មាន​ភាព​ជិតដិត​រួចហើយ​»៕ LA