ភ្នំពេញៈ «​អង្ករ​ព្រះវិហារ​» ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ដាក់​សម្ពោធ​ជា​ម៉ាក​សមូហភាព​ (Collective Mark) ​ដែល​នេះ គឺជា​ការបើកផ្លូវ​ក្នុង​ការជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន ព្រមទាំង​អាច​ទទួលបាន​តម្លៃបន្ថែម​កាន់តែច្រើន​ទាំង​នៅ​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។

ពិធី​ប្រកាស​សម្ពោធ​ «​អង្ករ​ព្រះវិហារ​» ជា​ម៉ាក​សមូហភាព​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ​២១ ខែ​កម្ភៈ នៅ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ ខេត្តព្រះវិហារ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​, អាជ្ញាធរខេត្ត​, អង្គការ​អ្នក​ក្សេត្រសាស្ត្រ និង​ពេទ្យ​គ្មាន​ព្រំដែន ​(AVSF), តំណាង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​, ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​, អង្គកា​រក្រៅរដ្ឋាភិបាល​, ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​វិស័យ​ឯកជន​, សមាគម​, សហគមន៍ និង​ក្រុម​អ្នក​ផលិត​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក អ៊ុក ប្រជា បានលើកឡើង​ក្នុង​ពិធី​សម្ពោធ​ម៉ាក​សមូហភាព​ «​អង្ករ​ព្រះវិហារ​»​ថា ការចុះបញ្ជី​ម៉ាក​សមូហភាព​នេះ​គឺជា​ការធានា​ផ្លូវច្បាប់​ ដើម្បី​ធ្វើឱ្យ​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់​នៅលើ​ទីផ្សារ និង​ទប់ស្កាត់​ការក្លែងបន្លំ​ផលិតផល​, បង្កើន​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​ពី​អ្នកបញ្ជា​ទិញ និង​អ្នកប្រើប្រាស់​ចុងក្រោយ​។

លោក​បន្តថា ការចុះបញ្ជី​ម៉ាក​សមូហភាព ​«​អង្ករ​ព្រះវិហារ​» ត្រូវបាន​ធ្វើឡើង​នៅក្នុង​គោលបំណង​សំខាន់ៗ​មួយចំនួន​ដូចជា ការផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​ដល់​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ដែលជា​ម្ចាស់​ម៉ាក​សមូហភាព​ក្រោម​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជនាម និង​អំពើ​នៃ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់ និង​ការទប់ស្កាត់​ការ​ក្លែងបន្លំ​ម៉ាក​សមូហភាព​,​ការអភិរក្ស​ចំណេះដឹង​ចំណេះធ្វើ​តាមបែប​ប្រពៃណី​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​ព្រះ​-​វិហារ​តាមរយៈ​ការរៀបចំ​ចងក្រង​បទបញ្ជា​រួម​គ្រប់គ្រង​ការប្រើប្រាស់​ម៉ាក​សមូហភាព​។

បន្ថែម​ពីលើ​នេះ វា​ក៏​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ម៉ាក​សមូហភាព និង​ចូលរួម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ដាំដុះ និង​ទាក់ទាញ​ភ្ញៀវទេសចរ​, ការលើកកម្ពស់​គុណភាព និង​ស្តង់ដា​អនាម័យ​ម៉ាក​សមូហភាព និង​បង្កើន​ចង្វាក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​កសិករ​ក្នុង​តំបន់​។

លោក​បាន​បញ្ជាក់ថា​៖ «​ម៉ាក​សមូហភាព «​អង្ករ​ព្រះវិហារ​» ​មិន​ត្រឹមតែ​ជាការ​កំណត់​អត្តសញ្ញាណ​ផលិតផល​ជា​របស់​សហភាព​សហគមន៍​ក្នុង​ខេត្តព្រះវិហារ​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម៉ាក​សមូហភាព​នេះ ក៏​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ និង​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ​»​។

ជាមួយ​គ្នានេះ លោក ប្រជា ក៏បាន​បញ្ជាក់ថា ដើម្បី​ថែរក្សា និង​ធានាបាន​កេរ្តិ៍ឈ្មោះ​«​អង្ករ​ព្រះវិហារ​» និង​ការទាញយក​អត្ថប្រយោជន៍​ពី​ការចុះបញ្ជី​នេះ គឺជា​ការចាំបាច់​ដែល​សមាជិក​ម្នាក់ៗ​នៅក្នុង​សហគមន៍​ត្រូវមាន​សាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និង​អភិបាលកិច្ច​គ្រប់គ្រង​ល្អ ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព ទើប​ម៉ាក​សមូហភាព​ «​អង្ករ​ព្រះវិហារ​» ផ្តល់នូវ​គុណតម្លៃ​ពិតប្រាកដ ព្រមទាំង​ធានាបាន​នូវ​និរន្តរភាព​សម្រាប់​អ្នកជំនាន់ក្រោយ​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ពីង ទ្រីដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ​ថា ការប្រកាស​ដាក់​ «​អង្ករ​ព្រះវិហារ​» ជា​ម៉ាក​សមូហភាព​នឹង​ផ្តល់នូវ​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាកសិករ​ក្នុង​ខេត្តព្រះវិហារ​ដោយ​មិន​ត្រឹមតែ​កេរ្តិ៍ឈ្មោះ​ត្រូវបាន​គេទទួល​ស្គាល់​ជា​អន្តរជាតិ និង​មានច្បាប់​ការពារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​អាចជួយ​ឱ្យ​កសិករ​ទទួលបាន​តម្លៃ​លក់​ចេញ​កាន់តែ​ខ្ពស់ និង​ជំរុញ​ឱ្យមាន​ការបង្កបង្កើន​ផល​ស្រូវ​កាន់តែច្រើន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា ការទទួលបាន​ម៉ាក​សមូហភាព​នេះ​នឹង​ជួយ​ឱ្យ​ផលិតផល​អង្ករ​ព្រះវិហារ ទទួល​បាន​ការបញ្ជា​ទិញ​កាន់តែច្រើន ហើយ​តម្លៃ​ក៏​នឹង​កើនឡើង​ខ្ពស់ជាង​មុន​ដែរ ពោលគឺ​ដូច​ផលិតផល​ម្រេច​កំពត ដែល​ទទួល​បានការ​បញ្ជា​ទិញ​កាន់តែ​ច្រើន​ពេល​បាន​ចុះបញ្ជី ព្រោះ​ជា​ផលិតផល​ដែលមាន​ការធានា​គុណភាព និង​ការដាំដុះ ជាដើម​»​។

បើតាម​លោក ទ្រីដា បច្ចុប្បន្ន​ទូទាំង​ខេត្តព្រះវិហារ​មាន​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​ជិត ១០ ​ម៉ឺន​ហិកតា​។ កាលពី​ឆ្នាំ ​២០២១ ខេត្តព្រះវិហារ​ទាំងមូល​ប្រមូលផល​ស្រូវ​បាន​ជិត ៣០ ​ម៉ឺន​តោន​ ខណៈ​អង្ករ​ល្អ​មាន​តម្លៃ​មធ្យម ១ ៣៥០​ រៀល​ក្នុង​ ១ ​គីឡូក្រាម​។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន បាន​និយាយថា នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រជាកសិករ និង​សហគមន៍​ផលិត​ស្រូវ​នៅ​ខេត្តព្រះវិហារ ដែល​បាន​ខិតខំ​បង្កបង្កើនផល​ស្រូវ​មួយ​ដែលមាន​គុណភាព​ល្អ​រហូត​ត្រូវបាន​រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ម៉ាក​សមូហភាព​ «​អង្ករ​ព្រះវិហារ​»​។ លោក​បន្តថា ការចុះបញ្ជី​ម៉ាក​សមូហភាព​នេះ គឺ​ដើម្បី​ធ្វើឱ្យ​ការប្រកួតប្រជែង​មាន​ភាព​ស្មោះត្រង់ និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ផលិតផល និង​ជំនឿ​ទំនុកចិត្ត​ពី​អ្នកបញ្ជា​ទិញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា តាមរយៈ​ការទទួល​បាន​ម៉ាក​សមូហភាព​ «​អង្ករ​ព្រះវិហារ​» នឹង​ជួយ​ធ្វើឱ្យ​ផលិតផល​ស្រូវ-​អង្ករ​របស់​ប្រជាកសិករ​ក្នុង​ខេត្តព្រះវិហារ កាន់​តែមាន​ទីផ្សារ​ធំ​ជាង​មុន ហើយ​វា​ក៏​នឹង​ជួយ​ឱ្យ​ «​អង្ករ​ព្រះវិហារ​» ​ទទួលបាន​នូវ​តម្លៃបន្ថែម​ផងដែរ​»​។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៦១៧ ០៦៩ ​តោន គិត​ជា​ប្រាក់​ចំនួន ៤១៨​ លាន​ដុល្លារ និង​នាំ​ស្រូវ​ចេញ ៣ ៥២៧ ៤១៨ តោន​គិត​ទឹកប្រាក់ ៨៤៥,៩៥ លាន​ដុល្លារ​៕ LA