ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Sudirman Haseng បាន​និយាយថា ស្ថានទូត​ឥណ្ឌូនេស៊ី​នឹង​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ការដោះដូរ​ទំនិញ និង​ជំរុញ​វិនិយោគិន​របស់ខ្លួន​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។

ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​វិនិយោគ​កម្ពុជា-​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ ​២០២២ ក្រោម​កិច្ចសហការ​ជាមួយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​ជាមួយ​សភាពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា នៅ​ទីស្តីការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) និង​មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​ពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ ក៏ដូចជា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នៃ​ប្រទេស​កម្ពុជា​ជូន​ដល់​វិនិយោគិន​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា និង​នៅក្រៅ​ប្រទេស​ដោយមាន​អ្នកចូលរួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ប្រមាណ ១៥០ ​នាក់​។

លោក Sudirman Haseng បាន​សាទរ​ចំពោះ​លទ្ធផល​ដ៏ល្អ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ក្នុង​អត្រា ១ ​ខ្ពស់​គួរឱ្យកត់សម្គាល់ ដែល​ធ្វើឱ្យ​ស្ថានភាព​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ ​១៩ នៅ​កម្ពុជា​អាច​គ្រប់គ្រង​បាន និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​វិនិយោគ​តាមរយៈ​ការអនុម័ត​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​ដែល​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១​។

លោក​លើកឡើងថា​៖ «​សភា​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​ដែល​ទើបបាន​បង្កើត​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៣ ខែកញ្ញា ឆ្នាំ​ ២០២១ និង​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​នឹង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ក្នុង​ការជំរុញ​ការវិនិយោគ​ឥណ្ឌូនេស៊ី​មក​កម្ពុជា​បន្ថែម​ទៀត​»​។

បន្ថែម​លើ​នេះ​លោក Luhut Binsar Panjaitan រដ្ឋមន្ត្រី​សម្របសម្រួល​ការវិនិយោគ និង​កិច្ចការ​សមុទ្រ​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ក៏បាន​កត់សម្គាល់​ពី​ភាពជឿនលឿន​នៃ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ទ្វេភាគី​ឥណ្ឌូនេ​ស៊ី និង​កម្ពុជា ក្នុង​រយៈពេល​ជាង​ ២​ ទសវត្សរ៍​កន្លងមក​។ លោក​បាន​កោតសរសើរ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បានរៀបចំ​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​គឺ​អនុលោម​តាម​អភិក្រម​បុរេសកម្ម​ក្នុងការ​ជំរុញ​, ផ្តល់​កិច្ច​សម្រួល​, ការធានា​, ការការពារ និង​ការថែទាំ​វិនិយោគ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។

លោក​ក៏បាន​លើកឡើង​អំពី​ការធ្វើ​សាមញ្ញកម្ម​នីតិវិធី​អនុម័ត​គម្រោង​វិនិយោគ​នៅ​ឥណ្ឌូនេស៊ី តាមរយៈ​ការច្របាច់​បញ្ចូល​គ្នា​នូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​តាម​វិស័យ​នីមួយៗ​ចំនួន ៧៦ ឱ្យ​ក្លាយជា​ច្បាប់​គោល (Omnibus Law 2020)​។

លោក សុខ ចិន្តាសោភា បាន​ថ្លែងថា វិនិយោគិន​ឥណ្ឌូនេស៊ី​កំពុង​ចូលរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​លើ​សក្ដានុពល​នៃ​ការវិនិយោគ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ និង​សេដ្ឋកិច្ច​ធំជាងគេ​នៅ​តំបន់​អាស៊ាន ស្របពេល​នៃ​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​ដែល​នឹង​បើក​ទីផ្សារ​ដល់​កម្ពុជា​បន្ថែម​ទៀត​ដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​, និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ​។

លោក​បញ្ជាក់ថា​៖ «​អត្រា​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​កម្ពុជា​ជា​អត្រា​មួយ​ខ្ពស់​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា​អាច​បើក​ដំណើរការ​ប្រទេស​ពេញលេញ​លើ​គ្រប់​វិស័យ​។ ឈរលើ​មូលដ្ឋាន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ និង​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២១ នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដោយ​ឈរលើ​សសរស្តម្ភ​ចំនួន ៣ (3Rs) គឺ​ការ​ស្តារឡើងវិញ​, ការកែទម្រង់ និង​ការកសាង​ភាពធន់​។

លោក​ជឿថា តាមរយៈ​កិច្ចសន្ទនា​នេះ សហគមន៍​ធុរកិច្ច​ឥណ្ឌូនេស៊ី​នឹង​បាន​យល់​កាន់តែច្បាស់ និង​ស៊ីជម្រៅ​ពី​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី ហើយ​នឹង​ជួយ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ឥណ្ឌូនេស៊ី​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​៕ LA