
លោក ហ៊ុន សែន ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវស្ថាប័នពាក់ព័ន្ធឱ្យសហការជាមួយអង្គភាពគយ និងរដ្ឋាករកម្ពុជា និងអង្គភាពពន្ធដារ ដើម្បីជំរុញឱ្យការប្រមូលចំណូលពន្ធគ្រប់តាមផែនការ និងចាត់វិធានការចំពោះអ្នកគេចពន្ធ ខណៈនៅសល់រថយន្តជាង ៥ ពាន់គ្រឿងទៀតមិនទាន់បង់ពន្ធ ដែលស្មើប្រាក់ជាង ៥០ លានដុល្លារ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឱ្យចូលរួមគាំទ្រចំពោះដំណើរការប្រមូលចំណូលជូនរដ្ឋ និងខិតខំសន្សំសំចៃការចំណាយ។
លោកបានបន្ថែមថា ត្រូវតែរួមគ្នា ដើម្បីធ្វើយុទ្ធនាការគាំទ្រដល់អ្នកប្រមូលចំណូល គឺអង្គភាពពន្ធដារ និងអង្គភាពគយ ព្រោះបើប្រមូលចំណូលមិនបាន ហើយបែរជាបណ្តោយឱ្យមានវប្បធម៌អត់ពន្ធបន្តរស់តទៅទៀត នោះជាគ្រោះមហន្តរាយមួយសម្រាប់ប្រទេសជាតិ។
លោកបញ្ជាក់ថា៖ «ចាប់តាំងពីដាក់ចេញបទបញ្ជាដាច់ខាតថា ចាប់ពីខែ ៦ -ខែ ៧ ឆ្នាំខាងមុខនេះ (ឆ្នាំ ២០២២) មិនត្រូវមានឡានអត់ពន្ធ និងឡានចង្កូតស្តាំនៅលើផ្លូវទេ យើងប្រមូលចំណូលចេញឡានដែលអត់ពន្ធមានចំនួន ៥ ៩៩៣ គ្រឿង ស្មើនឹងជាង ៥១ លានដុល្លារ គិតត្រឹមថ្ងៃ ២៣ ខែកុម្ភៈ ដូចនេះតាមការប៉ាន់ស្មានយើងនៅសល់ឡានពាក់កណ្តាលទៀតមិនទាន់បានបង់ពន្ធ»។
លោកបានបញ្ជាក់ថា៖ «ប្រាក់ដែលយើងសន្សំបានកាលពីពេលមុនកាន់តែខ្សោះទៅៗ ដូចនេះខ្ញុំសុំចេញបទបញ្ជាថា បើទោះបីមានគម្រោងរួចហើយក៏ដោយ បើមិនចាំបាច់ទេ សូមពន្យារពេលទុកសិន ចាំអនុវត្តក្រោយកូវីដធូរស្រាល»។
ជុំវិញការប្រមូលចំណូលពន្ធនេះដែរលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ក្នុងករណីកូវីដ ១៩ នៅតែបន្តការរាតត្បាតខ្លាំងនោះនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលចំណូលពន្ធដារ និងពន្ធគយមិនខាន។
លោកពន្យល់ថា៖ «ជាទូទៅ កាលណាជំងឺនេះកើតមានឡើង ហើយមានការរាតត្បាត វានឹងអាចប្រឈមការបិទអាជីវកម្ម ដែលនឹងមានផលប៉ះពាល់ដល់ការប្រមូលចំណូលពន្ធដារ។ នៅពេលណាចំណូលអ្នកប្រើប្រាស់ត្រូវកាត់បន្ថយដោយភ័យខ្លាចចំពោះវិបត្តិនេះ ក៏នឹងធ្វើឱ្យកាត់បន្ថយការនាំចូលទំនិញដូចជារថយន្តជាដើម ដែលនឹងអាចធ្វើពន្ធគយត្រូវបានកាត់បន្ថយផងដែរ»។
ទោះយ៉ាងណាលោក សេរីវឌ្ឍន៍ យល់ឃើញថា សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ននេះ ផលប៉ះពាល់នៃជំងឺកូវីដដូចជាមានតិច ដោយសាររដ្ឋាភិបាលបានផ្តលឱកាសឱ្យប្រជាជន ដែលឆ្លងជំងឺនេះអាចព្យាបាលនៅតាមគេហដ្ឋានរៀងៗខ្លួន ក៏ដូចជាបានអនុញ្ញាតឱ្យវិស័យឯកជនមានអាជ្ញាប័ណ្ណក្នុងការលក់ថ្នាំព្យាបាលដល់ពលរដ្ឋ។
លោកបញ្ជាក់ថា៖ «បើយើងមើលពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល បន្ទាប់ពីមានការជំរុញការចាក់វ៉ាក់សាំងឱ្យបាន ៤ ដូសហើយ គឺបានអនុញ្ញាតឱ្យប្រជាពលរដ្ឋព្យាបាលខ្លួនឯងនៅផ្ទះ ឃើញមានអត្រាជាសះស្បើយច្រើន និងឆ្លងច្រើន ដូច្នេះខ្ញុំជឿថាក្នុងរយៈពេលខ្លីយើងមើលឃើញស្ថានភាពបែបនេះហើយ ប៉ុន្តែក្នុងរយៈពេលវែង សម្រាប់ចុងឆ្នាំ ២០២២ អូមីក្រុង អាចនឹងមិនមានផលប៉ះពាល់ដល់ចំណូលរបស់រដ្ឋាភិបាលទេ»។
បើតាមលោក ហ៊ុន សែន ក្នុងខែមករា ឆ្នាំ ២០២២ រដ្ឋប្រមូលចំណូលបាន ៤៧០ លានដុល្លារ ប៉ុន្តែចំណូលនេះមិនអាចទប់ទល់នឹងការចំណាយបានទេ ខណៈកម្ពុជាត្រូវចំណាយច្រើនទៅលើផ្នែកសុខាភិបាលដូចជាទិញវ៉ាក់សាំង ទិញថ្នាំព្យាបាល និងប្រាក់ឧបត្ថម្ភដល់ជនក្រីក្រប្រមាណ ៤០ លានដុល្លារក្នុងមួយខែ៕ LA