
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិភាក្សាជាមួយសមភាគី លោក Ismail SabriYaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាពកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ រូបថត SPM
ភ្នំពេញៈ កម្ពុជា និងម៉ាឡេស៊ីបានសន្យានឹងខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ខណៈនាយករដ្ឋមន្ត្រីកម្ពុជាស្នើសុំឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជួយជំរុញការនាំចូលអង្ករពីកម្ពុជាកាន់តែច្រើនទៀត។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ីនៅវិមានសន្តិភាពកាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ភាគីទាំង ២ កម្ពុជា និងម៉ាឡេស៊ីបានពិភាក្សាគ្នាយ៉ាងច្រើនដើម្បីធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែធំបន្ថែមទៀត។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំបានអំពាវនាវទៅឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឱ្យជួយដល់ការនាំចេញអង្ករច្រើនថែមទៀតពីកម្ពុជា ឬការវិនិយោគលើរោងចក្រម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្តាញប្រមូលទិញ ដើម្បីផ្គង់អង្ករចេញពីកម្ពុជាទៅកាន់ម៉ាឡេស៊ី ដែលជាផ្នែកមួយនៃការបង្កើនទំហំពាណិជ្ជកម្ម»។
លោក ហ៊ុន សែន បានបន្តទៀតថាគិតពីឆ្នាំ ២០១៧-២០២១ ប្រទេសម៉ាឡេស៊ី ឈរនៅលេខ ១ នៃការនាំអង្ករពីកម្ពុជាច្រើនជាងគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដូចនេះកម្ពុជាស្នើឱ្យម៉ាឡេស៊ីបង្កើនបរិមាណទិញអង្ករ និងផលិតផលកសិកម្មពីកម្ពុជាឱ្យបានច្រើនថែមទៀត។
លោកបន្តថា ទោះបីមានការរំខានដោយការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ីនៅបន្តកើនឡើង ដោយសម្រេចបានក្នុងទំហំជាង ៥០០ លានដុល្លារក្នុងឆ្នាំ ២០២១ ខណៈកាលពីឆ្នាំ ២០២០ មាន ៤៤២ លានដុល្លារ។ លោករំពឹងថា នៅក្នុងឆ្នាំ ២០២២ នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងថែមទៀត។
លោក Ismail SabriYaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយថា ពាណិជ្ជកម្មទ្វេភាគីម៉ាឡេស៊ីកម្ពុជានៅមានកម្រិតទាបនៅឡើយ ប៉ុន្តែអាចបង្កើនថែមទៀតស្របតាមសក្តានុពលដែលប្រទេសទាំង ២ មាន ជាពិសេសផលិតផលកសិកម្ម។ លោកបន្តថា សកម្មភាពវិនិយោគិនម៉ាឡេស៊ីនៅកម្ពុជា គឺមានសារៈសំខាន់ ដោយបានផ្តល់ឱកាសការងារ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តប្រទេសទាំង ២ ឱ្យជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ICT Fintech SME និងការចាប់ផ្តើមនូវធុរកិច្ចថ្មីៗ។ សហគមន៍ធុរកិច្ចរបស់យើងគួរស្វែងរកវិស័យផ្សេងៗដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគរវាងគ្នា»។
បើតាមលោក ហ៊ុន សែន ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ តួលេខវិនិយោគិនម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់ទី ៣ ហើយសង្ឃឹមថា កម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីម៉ាឡេស៊ី ក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ដូចនេះកម្ពុជា សូមលើកទឹកចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាលើវិស័យនានាដូចជា អចលនទ្រព្យ សំណង់ គ្រឿងបន្លាស់រថយន្ត ហេដ្ឋារចនាសម្ព័ន្ធ និងម្ហូបអាហារហាឡាល់ ជាដើម។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ី ក្នុងឆ្នាំ ២០២១ សម្រេចបានទឹកប្រាក់ជាង ៥០០ លានដុល្លារកើនឡើង ១៣,១៤ ភាគរយ ធៀបនឹងឆ្នាំ ២០២០។ នៅក្នុងនោះ ការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ីមានទឹកប្រាក់ជាង ១០១ លានដុល្លារ កើន ២,៦២ ភាគរយ ខណៈការនាំពីម៉ាឡេស៊ីមកកម្ពុជាមានទឹកប្រាក់ចំនួន ៣៩៩ លានដុល្លារ កើនឡើង១៦,១៦ ភាគរយ។ ចំណែករបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆ្នាំ ២០២១ ម៉ាឡេស៊ីបានវិនិយោគនៅកម្ពុជាជាង ៣,១៥ ពាន់លានដុល្លារ៕ LA