The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិស័យ​ទេសចរណ៍​កម្ពុជា ​ទទួលផល​ចំណេញ​ជាច្រើន​ពី​ការមកដល់​របស់​តារាភាពយន្ត Jolie

វិស័យ​ទេសចរណ៍​កម្ពុជា ​ទទួលផល​ចំណេញ​ជាច្រើន​ពី​ការមកដល់​របស់​តារាភាពយន្ត Jolie

Content image - Phnom Penh Post
កំពូល​តារាភាពយន្ត​ហូលីវូដ អ្នកនាង Angelina Jolie នៅឯក្រសួងបរិស្ថានកាលពីម្សិលមិញ។ រូបថត ក្រសួងបរិស្ថាន

វិស័យ​ទេសចរណ៍​កម្ពុជា ​ទទួលផល​ចំណេញ​ជាច្រើន​ពី​ការមកដល់​របស់​តារាភាពយន្ត Jolie

ភ្នំពេញៈ ការមកដល់​កម្ពុជារ​បស់​កំពូល​តារាភាពយន្ត​ហូលីវូដ អ្នកនាង Angelina Jolie នា​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នេះ​ត្រូវបាន​ចាត់ទុកជា​ការផ្សព្វផ្សាយ​ដ៏ល្អ​មួយ​ទៅ​ពិភពលោក​ថា កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​ស្រស់បំព្រង​មាន​សុវត្ថិភាព និង​និរន្តរភាព ខណៈពេល​ប្រទេស​កម្ពុជា បាននិងកំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​។

កំពូល​តារាភាពយន្ត​អាមេរិក​អ្នកនាង Angelina Jolie បានមក​បំពេញ​បេសកកម្ម​ការងារ​នៅ​ឧទ្យាន​ជាតិ​អង្គរ ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី ​២១ ខែកុម្ភៈ ឆ្នាំ​ ២០២២ និង​បាន​ចូលរួម​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​ចិញ្ចឹម​ឃ្មុំ​សម្រាប់​ស្ត្រី​ (Women for Bees) ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​យូណេស្កូ និង​សម្របសម្រួល​ដោយ​អាជ្ញាធរ​​ជាតិ​អប្សរា​។

កម្មវិធី​ចិញ្ចឹម​ឃ្មុំ​នេះ​មាន​គោលបំណង​ជួយ​អភិរក្ស​ប្រភេទ​ឃ្មុំ Apis cerana និង Apis dor-sata ដែលមាន​ដើមកំណើត​ក្នុង​ឧទ្យាន​អង្គរ លើកកម្ពស់​ការចិញ្ចឹម​ឃ្មុំ​ប្រកបដោយ​ចីរភាព និង​ពង្រឹងសមត្ថភាព​ស្ត្រី​ក្នុងការ​រកប្រាក់​ចំណូល​សម្រាប់​​ផ្គត់ផ្គង់​ក្នុង​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​។ អ្នកនាង Angelina Jolie គឺជា​ស្ថាបនិក​នៃ​គម្រោង UNESCO-GUERLAIN «Women for bees» ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន GUERLAIN​។

ការបង្ហាញ​វត្តមាន​ដ៏សំខាន់​នៅក្នុង​បេសកកម្ម​របស់ខ្លួន​នាពេលនេះ តារា​ហូលីវូដ​រូបនេះ ក៏បាន​ជួយ​ផ្សព្វផ្សាយ​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅកាន់​ពិភពលោក​ផងដែរ​។ បន្ថែម​ពីលើ​នេះ​កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ អ្នកនាង Angelina Jolie ក៏ត្រូវ​គេ​ឃើញ​ដើរ​កម្សាន្ត​នៅ​ផ្សារ​ទួលទំពូង​ (​ភ្នំពេញ​) ​ទៀតផង​។

អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិអប្សរា លោក ​ឡុង កុសល បានឱ្យដឹងថា ការមកដល់​ប្រទេស​កម្ពុជា​របស់​កំពូល​តារា​ភាពយន្ត​ហូលីវូដ អ្នកនាង Angelina Jolie ជា​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​ក្នុង​ពេលនេះ​អាច​បញ្ជាក់ប្រាប់​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​បរទេស​ទាំងអស់​ថា កម្ពុជា គឺជា​គោលដៅ​ទេសចរ​ប្រកបដោយ​សុវត្ថិភាព និង​ជា​គោលដៅ​ទេសចរណ៍​ដែល​ពុំមាន​បញ្ហា​ប្រឈម​ជាមួយ​នឹង​ជំងឺ​កូវីដ ​១៩ ឡើយ​។ លោក​បន្តថា ក្រៅពីនេះ​កម្ពុជា​ក៏​ត្រូវបាន​គេ​ទទួលស្គាល់​ជា​ប្រទេស​ទទួលបាន​ជោគជ័យ​ក្នុង​​អត្រា​ដ៏ខ្ពស់​នៃ​ចំនួន​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការមកដល់​របស់ Angelina Jolie ក៏​ជា​និមិត្តរូប​មួយ​ដែល​បង្ហាញថា កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា និយាយថា ការ​មកដល់​របស់​អ្នកនាង Angelina Jolie គឺ​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅដល់​ប្រជាជន​លើ​ពិភពលោក តាមរយៈ​ការ​ផ្តល់នូវ​ទំនុកចិត្ត និង​ក៏បាន​ជួយ​សន្សំ​ប្រាក់​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វិស័យ​ទេសចរណ៍​បាន​រាប់លាន​ដុល្លារ​ផងដែរ​។ លោក​បន្តថា ការមកដល់​របស់ Angelina Jolie ក៏​ស្របពេល​កម្ពុជា​បាននិងកំពុង​ខិតខំ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​សុវត្ថិភាព​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដំណើរ​របស់​អ្នកនាង Angelina Jolie មក​កម្ពុជា​នៅក្នុង​ពេលនេះ ខ្ញុំ​អាច​ហៅថា «Free Marketing» ​ព្រោះ​វា​នឹង​រួមចំណែក​ច្រើន​ក្នុងការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​ពិភពលោក ពិសេស​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​សន្សំ​ប្រាក់​បាន​ខ្ទង់លាន​ដុល្លារ​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​វិស័យ​ទេសចរណ៍​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី លើកឡើងថា ទន្ទឹមនឹង​កិច្ចខិតខំ​របស់​ក្រសួង​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ ការមកដល់​របស់​អ្នកនាង Angelina Jolie គឺជា​ការប្រាប់​ទៅកាន់​ពិភពលោក​ថា កម្ពុជា ជា​ទីតាំង​ទេសចរណ៍​សុវត្ថិភាព​។

លោក​បញ្ជាក់ថា​៖ «​បើទោះបីជា​ពេលនេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា​មាន​ចំនួន​តិច ប៉ុន្តែ​ខ្ញុំ​រំពឹងថា ចាប់ពី​ខែក្រោយ ​(​ខែមីនា​) ​ទៅ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា​នឹងមាន​កំណើន​ជា​បណ្តើរៗ ខណៈ​ចំនួន​ជើងហោះហើរ​អន្តរជាតិ​ក៏​នឹង​កើនឡើង​ផងដែរ​» ។

នៅក្នុង​ន័យ​ពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិ​បាល​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ​ ១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​ ២១ ខែ​កុម្ភៈ​ក៏​បានចេញ​សារាចរ​ណែនាំ​មួយ​ដែលមាន​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ការបន្ត​ពង្រឹង​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ​, គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ត្រូវ​បន្ត​ពង្រឹង​ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ ជាពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក​អតិបរមា​, គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​មិនត្រូវ​រៀបចំ​ឱ្យមាន​ការជួបជុំ​ផឹកស៊ី កម្សាន្ត​ប្រាសចាក​ពី​ការណែនាំ​, គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ត្រូវ​ធានាថា គ្រប់​បុគ្គលិក​បម្រើការ​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​, និង​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម​ថែរក្សា​បរិស្ថាន​អនាម័យ និង​រក្សា​តម្លៃ​ផលិតផល​ឱ្យបាន​សមរម្យ​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍