ភ្នំពេញៈ អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ និង ទីភ្នាក់ងារ​សុវត្ថិភាព​សហគមន៍​អឺរ៉ុប ផ្តល់ជំនួយ​បច្ចេកទេស​បន្ថែម​ដល់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ដើម្បី​ធានា​សន្តិសុខ​ និង​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​។

ជំនួយ​បច្ចេកទេស​ពី​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង (French DGAC) លើ​ជំនាញ អាកាសយានដ្ឋាន (AGA) ជំនាញ​អាជ្ញាប័ណ្ណ​បុគ្គលិក ( PEL ) និង​លទ្ធភាព​ហោះហើរ​ (AIR ) និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សុវត្ថិភាព​សហគមន៍​អឺរ៉ុប ហៅ​កាត់ EASA ជួយ​លើ​ជំនាញ អាជ្ញាប័ណ្ណ​បុគ្គលិក ប្រតិបត្តិ​ការហោះហើរ (OPS )​និង​លទ្ធភាព​ហោះហើរ ( AIR) ព្រមទាំង​ការរៀបចំ​លិខិតបទដ្ឋាន​បច្ចេកទេស​ឱ្យ​សមស្រប​តាម​ស្តង់ដា​មួយ​ដែល​អាច​ទទួល​យក​បាន​។ ​

នៅក្នុង​នោះដែរ គម្រោងការ​ជំនួយ​បច្ចេកទេស​ពី French DGAC នឹង​ជួយ​លើ​ជំនាញ AGA, PEL and AIR និង​ជំនួយ​បច្ចេកទេស​ពី EASA លើ​ជំនាញ PEL OPS និង AIR ដើម្បី​ជួយ​ដល់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​លើ​ការរៀបចំ PEL OPS និង AIR សម្រាប់​ត្រៀម​ទទួល ការធ្វើ​សវនកម្ម​ហៅ​កាត់ ថា ICVM នាពេល​ខាងមុខ ការងារ​បរិស្ថាន និង​បច្ចេកវិទ្យា​ព័ត៍មាន​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ការិយាល័យ​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ និង​តំណាង​ទីភ្នាក់ងារ​សុវត្ថិភាព​សហគមន៍​អឺរ៉ុប (EASA ) ​កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ ​២០២២ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​លើកឡើងថា វិស័យ​ផ្សេងៗ​នៅ​កម្ពុជា​ត្រូវបាន​ស្តារឡើងវិញ ក្រោយ​សម័យ​ខ្មែរក្រហម រួមទាំង​វិស័យ​អាកាសចរណ៍​ផង​ដូចនេះ​ការជួយជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។

លោក​បញ្ជាក់ថា​៖ «​គោលដៅ​ចម្បង​របស់​យើង​គឺ ធានា​សន្តិសុខ​និង​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ហើយ​នេះ​ជាការ​រួមចំណែក​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ទាំងមូល និង​ការជួយជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​នានា​»​។

លោក នីកូឡាស ប្រធាន កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​នៃ​កម្មវិធី​លទ្ធភាព​ហោះហើរ និង​សុវត្ថិភាព តំបន់​អាស៊ីអាគ្នេយ៍​នៃ​ការិយាល័យ​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ ប្រចាំ​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​ឱ្យដឹងថា កម្ពុជា​ជា​ប្រទេសមួយ​តូច តែមាន​ប្រភព​សក្តានុពល​ទាក់ទាញ​សម្រាប់​ទេសចរ ព្រោះហេតុនោះ​វិស័យ​អាកាសចរណ៍​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការដឹកជញ្ជូន​ទាំង​មនុស្ស​ និង​ទំនិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចាំបាច់​ត្រូវតែ​រៀបចំ​ឱ្យបាន​ល្អ​ និង​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការធានា​ឱ្យបាន​ទាំង​សន្តិសុខ​ និង​សុវត្ថិភាព​»​។

លោក ហ្សង់ទី តំណាង​ទីភ្នាក់ងារ​សុវត្ថិភាព​សហគមន៍​អឺរ៉ុប (EASA ) ​បាន​លើកឡើងថា រហូតមកដល់​ពេលនេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ធ្វើ​កិច្ចការ​បាន​ល្អ​ប្រសើរ​ច្រើន តែ​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ការស្នើសុំ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ឱ្យបាន​ឆាប់​ដើម្បី​ជំរុញ​ការងារ​ស្នូល​សំខាន់ៗ​មួយចំនួនទៀត ការពិនិត្យ​លទ្ធភាព​ហិរញ្ញវត្ថុ​សម្រាប់​ការងារ​សុវត្ថិភាព និង​ការបណ្តុះបណ្តាល ការគិតគូរ​ពី​ឥឡូវ​លើ​ការចាត់ចែង​មន្ត្រី​បន្តវេន ជាពិសេស​ផ្នែក PEL OPS and ANS ដែល​មន្ត្រី​ចាស់​នឹង​ចូលនិវត្តន៍​នៅពេល​ ១​ ឆ្នាំ​ ឬ​ ២​ ឆ្នាំ​ខាងមុខនេះ និង​ត្រូវ​រៀបចំ​គេហទំព័រ​ឡើងវិញ​ឱ្យបាន​ល្អ​ និង​អភិវឌ្ឍ E-Library​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់ថា ជា​រឿង​ចាំបាច់​ណាស់​ដែល វិស័យ​អាកាសចរណ៍​កម្ពុជា​ត្រូវមាន​ជំនាញ​បច្ចេកទេស​ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ទទួលបាន​ការទុកចិត្ត​ពី​អ្នកដំណើរ​ និង​អ្នក​ប្រកប​អាជីវកម្ម​។

លោក​ថា​៖ «​ការផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​ពី​ខាង​អង្គការ​អន្តរជាតិ​ផ្នែក​អាកាសចរ​ស៊ីវិល​នេះ គឺជា​ការផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ជាពិសេស​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ហោះហើរ​ពិតប្រាកដ ដែល ត្រៀម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ពី​ប្រទេស​នានា​មកកាន់​កម្ពុជា ស្រប​ពេលដែល​កម្ពុជា​បើកទទួល​ទេសចរ​វ៉ាក់សាំង​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្នុង​បទពិសោធ​ជាង​ ១០ ​ឆ្នាំ​ដែល​លោក​បានធ្វើ​ការងារ​ជុំវិញ​ការដឹកជញ្ជូន​ទំនិញ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពិតជា​ចាំបាច់​ខ្លាំងណាស់​អំពី​ការយល់ដឹង​ផ្នែក​បច្ចេកទេស​។

លោក​ថា​៖ «​ទំនិញ ដែល​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​មាន​ច្រើន​ប្រភេទ ដូចជា ទំនិញ​ដែលមាន​ហានិភ័យ​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការយល់ដឹង​ច្រើន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ និង​ធានា​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន ដូចនេះ​ការគាំទ្រ​ជំនួយ​ផ្នែក​បច្ចេកទេស​ពី​ស្ថាប័ន​ជំនាញ​អន្តរជាតិ គឺជា​រឿង​សំខាន់​ដែល​ខាង​វិស័យ​ដឹកជញ្ជូន​ដូច​ពួកយើង​ចង់បាន​»​។

របាយការណ៍​ពី​អាកាសចរ​ស៊ីវិល​បានបង្ហាញ ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​មាន​កំណើន​នៅក្នុង​ឆ្នាំ​ ២០២១ មាន​ចំនួន​ ៥៥​ ពាន់​តោន មាន​កំណើន​ប្រមាណ​ ២៨% ខណៈដែល​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​នៃ​អាកាសយានដ្ឋាន​ទាំង​ ៣ ថយចុះ​ ៨៧​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២០៕LA