
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងថ្នាក់ដឹកនាំស្ថានទូត និងក្រុមហ៊ុនមកពីសិង្ហបុរី។ រូបថត សហការី
ភ្នំពេញៈ ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) របស់ក្រុមហ៊ុន YCH និងក្រុមហ៊ុន PricewaterhouseCooper (PwC) របស់ប្រទេសសិង្ហបុរី បច្ចុប្បនសម្រេចបានប្រមាណ ៥០ ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី ២ ខាងមុខ ព្រមទាំងអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំ ២០២២ នេះ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២៣ ខែកុម្ភៈ លោក Lavan Thiru នាយកប្រតិបត្តិ Infrastructure Asia(IA) ឱ្យដឹងថា កាលពីសប្តាហ៍កន្លងទៅក្រុមហ៊ុន YCH និងក្រុមហ៊ុន PricewaterhouseCooper (PwC) បានប្រមូលទិន្នន័យដើម្បីធ្វើការវិភាគ និងបានចុះទៅពិនិត្យទីតាំងទាំង ៣ កន្លែងនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC)។
លោក Lavan Thiru បានថ្លែងថា៖ «ជារួម ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) សម្រេចបានប្រមាណ ៥០ ភាគរយហើយ ដោយគ្រោងបញ្ចប់នាពាក់កណ្តាលខែមេសាខាងមុខ ដើម្បីដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច ពិនិត្យ និងសម្រេច»។
រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ និងរង់ចាំមើលលទ្ធផលនៃការសិក្សានេះនៅក្នុងខែមេសា ដើម្បីឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនេះតាមផែនការដែលបានគ្រោងទុកនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។
លោកបន្ថែមថា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និងក្រុមហ៊ុន Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ត្រូវបានចុះហត្ថលេខាកាលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ តាមស្មារតីនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលផងដែរ។
បើតាម លោក ចាន់ថុល គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនឹងដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ព្រមទាំងរួមចំណែកជំរុញការធ្វើសមាហរណកម្មភ័ស្តុភារកម្មកម្ពុជាទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។
លោកថ្លែងថា៖ «ការរីករាលដាលនៃជំងឺកូវីដ ១៩ បានបន្ថយល្បឿនគម្រោងនេះបន្តិចមែន ប៉ុន្តែវាមិនអាចបញ្ឈប់គម្រោងនេះទាំងស្រុងពីការសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលបានទេ ដោយហេតុថា PPLC គឺជាគម្រោងដឹកជញ្ជូនយុទ្ធសាស្ត្រមានទីតាំងស្ថិតនៅចំចំណុចកណ្តាលប្រទេសកម្ពុជាអាចផ្តល់ការគាំទ្រដល់បណ្តាញចែកចាយទំនិញ និងបណ្តាញតភ្ជាប់គ្រប់មធ្យោបាយដឹកជញ្ជូនដូចជា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៤ ខែកុម្ភៈថា ក្នុងវិស័យភ័ស្តុភារកម្មនេះ សមាគមលោកក៏បានជួយដល់ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន YCH និងក្រុមហ៊ុន PricewaterhouseCooper (PwC) លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ដែរ។
លោកបានបន្តថា នៅពេលគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) កើតឡើងដូចការគ្រោងទុក វានឹងបង្កភាពងាយស្រួល និងជួយកាត់បន្ថយតម្លៃភ័ស្តុភារកម្មនៅកម្ពុជាបានជាច្រើន ពីព្រោះវាបានប្រមូលផ្តុំនូវសេវាកម្មទាំងអស់ និងជាពិសេសមានទាំងសមត្ថកិច្ចគយនៅទីនោះក្នុងការត្រួតពិនិត្យទំនិញផងដែរ ខណៈបច្ចុប្បន្ននេះផែស្ងួត និងកន្លែងធ្វើបែបបទសម្រាប់នាំទំនិញចេញ-ចូលមាននៅកន្លែងជាច្រើននៅទីក្រុងភ្នំពេញ។
លោកថ្លែងថា៖ «ខ្ញុំគិតថា នៅពេលមជ្ឈមណ្ឌលភ័ស្តុភារកម្មកើតឡើង វាមានភាពងាយស្រួល និងមានការតភ្ជាប់រវាងផ្លូវរថភ្លើង និងផ្លូវរថយន្តជាដើម និងស្ថិតនៅជាយក្រុងមិនមានការកកស្ទះខ្លាំង វានឹងមានការប្រមូលផ្តុំ ដែលអាចផ្តល់ផលចំណេញច្រើនក្នុងការធ្វើភ័ស្តុភារកម្មនេះ។ ដូច្នេះខ្ញុំសូមគាំទ្រនូវគម្រោងនេះ»។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែកុម្ភៈថា តាមផែនការរបស់រាជរដ្ឋាភិបាលគឺចង់បានមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយដែលមានស្តង់ដានៅក្នុងទីក្រុងភ្នំពេញ និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងពិភពលោក ទើបរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនសិង្ហបុរីទាំង ២ នេះធ្វើការលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ។
លោកថ្លែងថា៖ «ក្រុមហ៊ុន YCH និង ក្រុមហ៊ុន PricewaterhouseCooper (PwC) គឺជាអ្នកចំណាយ និងសិក្សាលើគម្រោងនេះ។ ក្រសួងគ្រាន់តែចង្អុលបង្ហាញទីតាំងនេះ ឬទីតាំងនោះដែលត្រូវធ្វើការសិក្សា។ ពួកគាត់បានមកពិភាក្សាជាមួយយើងដោយពឹងផ្អែកលើផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា»៕ LA