លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ នៅក្នុង​វេទិកា​ធុរកិច្ច​អង់គ្លេស​-​អាស៊ាន ឆ្នាំ​ ២០២២ (UK-ASEAN Business Forum 2022) តាម​ប្រព័ន្ធ​វីដេអូ កាលពី​រសៀល​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដោយបាន​លើកឡើង​ពី​សារ:សំខាន់​នៃ​ការគាំទ្រ​របស់​អង់គ្លេស​លើ​របៀបវារ:​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស និង​ក្រុមប្រឹក្សា​ធុរកិច្ច​អង់គ្លេស​-​អាស៊ាន (UK-ASEAN Business Council – UK-ABC)​។

វេទិកា​ធុរកិច្ច​ដែល​ចូលរួម​ដោយ​ឥស្សរជន​សំខាន់ៗ​ដូចជា លោក Grimstone of Boscobel Kt រដ្ឋមន្ត្រី​វិនិយោគ​អង់គ្លេស លោក Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន លោកស្រី Baroness Neville-Rolfe DBE CMG ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អង់គ្លេស​-​អាស៊ាន លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​ឆ្នាំ​ ២០២២ និង​តំណាង​មកពី​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ក្រុមហ៊ុន​នានា​ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សា UK-ABC សរុប​ប្រមាណ ២៥០ ​រូប​។

នាពេលនោះ លោក ប៉ាន សូរស័ក្តិ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការគាំទ្រ​របស់​អង់គ្លេស​ដល់​កម្ពុជា ដើម្បី​សម្រេចបាន​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០២២ និង​វិស័យ​សក្តានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អាស៊ាន​-​អង់គ្លេស រួមមាន​ពាណិជ្ជកម្ម​ឌីជីថល ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​ចីរភាព​ក្នុង​ដំណើរ​ឆ្ពោះទៅរក​សហគមន៍​អាស៊ាន​ប្រកបដោយ​ចីរភាព បរិយាប័ន្ន និង​ភាពធន់​រឹងមាំ​។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​វិស័យ​ឯកជន​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ទ្បើង​វិញ​សម្រាប់​កម្ពុជា ក៏ដូចជា​សម្រាប់​តំបន់​អាស៊ាន ជាពិសេស​ការពង្រឹង​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់ និង​ផលិតកម្ម​សកល តាមរយៈ​ការពង្រឹង​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ជាដើម​។

លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគ្រប់គ្រង និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស​គ្រប់រូប ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការស្តារ​ទ្បើង​វិញ​នូវ​សេដ្ឋកិច្ចសង្គម រួមជាមួយ​ការខិតខំ​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​៕