ភ្នំពេញៈ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ នៃ​ការបង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រទេស​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) បន្ទាប់ពី​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី ខណៈ​ការនាំចេញ​របស់​កម្ពុជា​នឹង​កើន​ប្រមាណ ៦,៥ ​ភាគរយ ដោយ​ជាប់​លេខ ៣ បន្ទាប់ពី​វៀតណាម ១១,៤ ​ភាគរយ និង​ជប៉ុន ៨,៩ ​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ចុងក្រោយ​ពី​ធនាគារពិភពលោក​ (WB)​។

យោងតាម​ឯកសារ​ស្រាវជ្រាវ​កម្រាស់ ៤៦​ ទំព័រ កាលពី​ខែកុម្ភៈ របស់ WB ដែល ​ភ្នំពេញ ប៉ុស្តិ៍ ទទួលបាន​កាលពី​ថ្ងៃ​សុក្រ បានឱ្យដឹងថា RCEP ត្រូវបាន​ចុះហត្ថលេខា​នៅពេល​ថ្មីៗ​នេះ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៥ ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​រួមមាន ប្រទេស​អូស្ត្រាលី កម្ពុជា ប្រ៊ុយណេ ចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ថៃ និង​វៀតណាម​។ ក្នុងចំណោម​ប្រទេស​ទាំង ១៥ ដែលជា​ផ្នែក​នៃ RCEP មាន ៥ ប្រទេស​កំពុង​រង់ចាំ​ការផ្តល់​សច្ចាប័ន គឺ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង​ប្រទេស​កូរ៉េ​។

ឯកសារ​នេះ​បន្តថា​៖ «​ដោយ​ពិចារណា​លើ​សេណារីយោ​ពេញលេញ​ជាមួយ​ការកាត់បន្ថយ​ពន្ធ វិធានការ​មិនមែន​ពន្ធ​នាំចូល និង​តម្លៃ​ពាណិជ្ជកម្ម​ប្រទេស​ឡាវ ថៃ កម្ពុជា វៀតណាម និង​ម៉ាឡេស៊ី​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​។ ការកើនឡើង​ជា​វិជ្ជមាន​ទាំងនេះ​ត្រូវបាន​បង្កើន​នៅពេល​ដែល​ផលិតភាព​ត្រូវបាន​កំណត់​»​។

ស្ថិតក្រោម​សេណារីយ៉ូ​នេះ ប្រាក់ចំណូល​ពិតប្រាកដ​នៅ​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី​បាន​កើន​ជិត​ ៥ ​ភាគរយ​។ ជប៉ុន ដែលជា​ប្រទេស​ទទួល​ប្រាក់​ចំណូល​តិចជាងគេ​ស្ថិតនៅក្រោម​សេណារីយោ​នេះ ដោយ​ប្រាក់ចំណូល​ពិតប្រាកដ​កើនឡើង ០,៥ ​ភាគរយ​។ គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​ប្រទេស​ជប៉ុន ឥទ្ធិពល​នៃ​សេណារីយោ RCEP ទាំង​ ៤ ​គឺ​ស្រដៀង​គ្នា​ដែល​បង្ហាញថា ការកើនឡើង​ភាគច្រើន​ត្រូវបាន​ជាប់ទាក់ទង​ការធ្លាក់ចុះ​ពន្ធ​នាំចូល ផ្ទុយ​ទៅនឹង​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត ដែល​ការធ្លាក់ចុះ​ពន្ធ​នាំចូល​នាំឱ្យមាន​ផលប៉ះពាល់​តិចតួច​បំផុត ឬ​ថែមទាំង​ផលប៉ះពាល់​អវិជ្ជមាន​ដូចជា នៅ​ប្រទេស​កម្ពុជា និង​វៀតណាម​។

ទាក់ទង​នឹង​ការនាំចេញ​សរុប វិស័យ​ដែល​កើនឡើង​ច្រើនជាងគេ​សម្រាប់​កម្ពុជា គឺ​ផលិតផល​ឈើ និង​ក្រដាស​ (៣៤,៨​ ភាគរយ​) សារធាតុ​គីមី កៅស៊ូ និង​ប្លាស្ទិក​ (២៥,៣ ​ភាគរយ​) និង​ឧបករណ៍​អគ្គិសនី និង​គ្រឿង​ម៉ាស៊ីន​ (២៤,២​ ភាគរយ​)​។

លោក ហុង វណ្ណៈ នាយក​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នាពេល​កន្លងមក​ថា មុននឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លឹងថ្លែង​ដោយ​ប្រុងប្រយ័ត្ន​នូវ​ផលិតផល​ដែលមាន​សក្តានុពល​ដែល​អាចបំពេញ​តម្រូវការ​តាម​ការយល់ឃើញ​របស់​ភាគី​ហត្ថលេខី​។ លោក​បន្ថែមទៀតថា ពេលនេះ​កម្ពុជា​ត្រូវតែ​បង្កើន​បរិមាណ និង​គុណភាព​ការផលិត និង​បង្កើន​កម្រិត​នៃ​ការធ្វើ​ពិពិធកម្ម​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​ទោះបី​កិច្ចព្រមព្រៀង RCEP ភ្ជាប់​យើង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​កាន់តែច្រើន និង​ផ្តល់​លក្ខខណ្ឌ​ពិសេស​លើ​ការនាំចេញ​-​នាំចូល​ទំនិញ​ក៏ដោយ ក៏​អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ​គឺ​តើ​ផលិតផល​របស់​យើង​ត្រូវ​គ្នា​នឹង​តម្រូវការ​របស់​ប្រទេស​ផ្សេងទៀត​ដែរ​ឬទេ​? នេះ​ជា​ព័ត៌មាន​លម្អិត​ដ៏សំខាន់​មួយ​ដែល​ត្រូវ​ពិចារណា​ឱ្យបាន​ហ្មត់ចត់​»​។

ជាមួយ​នឹង​ការចរចា​កិច្ចព្រមព្រៀង RCEP និង​ការ​ស្រាវជ្រាវ​បន្ថែម​ជា​មូលដ្ឋាន វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សាការតា​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) បាន​រកឃើញថា កិច្ចព្រមព្រៀង RCEP នឹង​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា ២ ​ភាគរយ​បន្ថែមទៀត បង្កើន​ការនាំចេញ ៧,៣ ​ភាគរយ​បន្ថែម និង​បង្កើន​ការវិនិយោគ​បន្ថែម ២៣,៤ ​ភាគរយ​៕ LA