ភ្នំពេញៈ ក្រោម​កិច្ច​សម្របសម្រួល​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី​ (​ប្រទេស​ចិន​) កម្ពុជា​នឹង​នាំចេញ​ដំឡូងមី​ស្ងួត​ចំនួន ៤០​ ម៉ឺន​តោន​ទៅ​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី​ចាប់ពី​ខែមីនា ឆ្នាំ​ ២០២២ ដល់​ខែមីនា ២០២៣​។ នេះ​បើតាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU) ​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​មន្ទីរ​ពាណិជ្ជកម្ម​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​នា​ថ្ងៃទី​ ២៤ ខែកុម្ភៈ​។

ដំឡូងមី ជា​ដំណាំ​កសិឧស្សាហកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​។ កាលពី​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​បានដាក់​ចេញ​ជា​ផ្លូវការ​នូវ «​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥» ក្នុង​គោលបំណង​ដើម្បី​បង្កើន​ផលិតកម្ម និង​ធ្វើឱ្យ​វា​កាន់​តែមាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ការនាំចេញ​។

ក្នុងអំឡុងពេល​ពិធី​ចុះ MoU កាលពី​ថ្ងៃ​ទី ​២៤ ខែកុម្ភៈ លោក សូរស័ក្តិ បានបង្ហាញ​នូវ​ក្តីរីករាយ​ដែល​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី​យល់ព្រម​ទទួល​ទិញ​ដំឡូងមី​ស្ងួត​ចំនួន ៤០ ​ម៉ឺន​តោន​ពី​កម្ពុជា ខណៈ​ដំណាំ​ដំឡូងមី​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​ផលិតផល​មាន​សក្តានុពល​សម្រាប់​នាំចេញ​។ បន្ថែម​ពីលើ​នេះ​លោក​ក៏បាន​ស្នើឱ្យ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ពិនិត្យ​លទ្ធភាព​លើ​ការជំរុញ​ក្រុមហ៊ុន​ចិន​ឱ្យ​បន្ត​រៀបចំ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុងការ​នាំចូល​អង្ករ ពោត ស្វាយ ចេក និង​ផលិតផល​សក្តានុពល​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន ពិសេស​តំបន់​ស្វយ័ត​ក្វាងស៊ី​។

លោក​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ ដោយសារ​ការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ និង​ស្មារតី​សហប្រតិបត្តិការ​របស់​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ទាំង​ ២ ក៏ដូចជា​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំង​ ២ ​កាលពី​ឆ្នាំ​ ២០១០, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​, កិច្ចព្រមព្រៀង RCEP, និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​សុទ្ធតែ​បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​»​។

អភិបាលខេត្ត​នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី លោក LAN Tianli បាន​អបអរសាទរ និង​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​តំបន់​ស្វយ័ត​ជនជាតិ​ជាំងក្វាងស៊ី​។ លោក​បន្តថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការនាំចូល​ផលិតផល​ដែលមាន​គុណភាព​ពី​បណ្តា​ប្រទេស​អាស៊ាន រួមទាំង​ការទិញ​ផលិតផល​កសិកម្ម​ដែលមាន​តម្លៃ​ដល់ ១៥០ ​ពាន់​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា និង​កិច្ចសន្យា​ទិញ​លក់​ដំឡូងមី​ស្ងួត គឺជា​សកម្មភាព​ជាក់ស្តែង​មួយ ដើម្បី​អនុវត្ត​សេចក្តីណែនាំ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ថា ប្រទេស​ចិន គឺជា​ទីផ្សារ​ធំជាងគេ​លើ​ពិភពលោក ហេតុនេះ​បើ​ទីផ្សារ​ចិន​ព្រម​ទទួល​ទិញ​បែបនេះ វា​នឹង​ក្លាយជា​ការចាប់ផ្តើម​ដ៏​សំខាន់ និង​ជាការ​ផ្តល់​ទំនុកចិត្ត​សម្រាប់​អ្នក​ដាំដុះ ក៏​ដូចជា​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​លើ​ការដាំដុះ រោងចក្រ​កែច្នៃ និង​សម្ងួត​កាន់តែច្រើន​នៅ​កម្ពុជា​។

លោក​អះអាងថា​៖ «​នេះ​ជា​ដំណើរ​វិវឌ្ឍន៍​ថ្មី​មួយទៀត​សម្រាប់​ផលិតផល​ដំឡូងមី​កម្ពុជា ខណៈ​កន្លងមក​ការនាំចេញ​របស់​យើង​មាន​ភាគច្រើន​ទៅកាន់​ប្រទេស​ថៃ និង​វៀតណាម​។ ដំឡូងមី ជា​ផលិតផល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​នាំចេញ ព្រោះ​វា​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​ប្រភេទ ជាពិសេស​ការផលិត​ចំណីអាហារ​»​។

លោក​បន្ថែមថា ព័ត៌មាន​នេះ​ក៏​នឹង​ធ្វើឱ្យ​ការដាំដុះ​ដំឡូងមី​កាន់តែ​មាន​ភាពផុលផុស និង​ទទួលបាន​តម្លៃ​ខ្ពស់ជាង​មុន បើ​កសិករ-​អ្នក​ដាំដុះ ចេះ​រួមគ្នា​បង្កើតជា​ប្រព័ន្ធ ឬ​សហគមន៍​រួម​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​លើកឡើងថា តម្លៃ និង​បរិមាណ​ទិន្នផល​ដំឡូងមី​នៅ​ខេត្តបាត់ដំបង​នា​ដើមឆ្នាំ​ ២០២២ នេះ​មាន​ភាពល្អប្រសើរ​បើ​ធៀប​ដើមឆ្នាំ​ ២០២១ ខណៈ​ការនាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ថៃ ក៏​មិនមាន​ឧបសគ្គ​អ្វី​នោះទេ​។ លោក​បន្តថា ប្រសិនបើ​មាន​ទីផ្សារ​បរទេស​កាន់​តែ​ច្រើន​វា​នឹង​ជំរុញឱ្យមាន​ការដាំដុះ និង​វិនិយោគ​លើ​វិស័យនេះ​កាន់តែច្រើន​។

លោក​ប្រាប់ថា​៖ «​តម្លៃ និង​ទិន្នផល​ដំឡូងមី​ក្នុង​ខេត្តបាត់ដំបង​នៅ​ដើមឆ្នាំ​ ២០២២ ល្អ​ជាង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ តាមរយៈ​ការសម្របសម្រួល​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បើក​ឱ្យមាន​ការនាំចេញ​ដំឡូងមី​ស្ងួត ៤០ ​ម៉ឺន​តោន​ទៅ​ប្រទេស​ចិន វា​នឹង​ជួយ​ធ្វើឱ្យ​ប្រជាកសិករ​កាន់តែ​មានសង្ឃឹម​ច្រើន​ថែមទៀត​លើ​ការដាំដុះ​»​។

យោងតាម​លោក គឹម ហួត គិត​ត្រឹម​ថ្ងៃអាទិត្យ​ (​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២២) ដំឡូងមី​ស្រស់​នៅ​ខេត្តបាត់ដំបង មានតម្លៃ​ជា​មធ្យម ៣១០ ​រៀល​ក្នុង​ ១​ គីឡូក្រាម និង​ដំឡូងមីស្ងួត​មានតម្លៃ ៨៣០ ​រៀល ដែល​តម្លៃ​នេះ ខ្ពស់​ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១​។ ទិន្នផល​ដំឡូងមី​ក្នុង​ខេត្តបាត់ដំបង​ស្ទើរ​ទាំងស្រុង​ត្រូវ​បាន​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​។

ទិន្នន័យ​ក្រសួងកសិកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​បាន​នាំចេញ​ដំឡូងមី​សរុប ២ ៧៩៣ ៧២៨,៩២ ​តាន ក្នុងនោះ​ចំណិត​ដំឡូងមី​ក្រៀម ១ ៦៤៤ ៥៩១,៦៨ ​តោន កើនឡើង ៨,៤៥​ ភាគរយ​, ដំឡូងមី​ស្រស់ ១ ១០៤ ២២០ ​តោន កើន ៥២,៦ ​ភាគរយ​, ម្សៅដំឡូងមី ៣៥ ៨៦២,៧៤ ​តោន កើន ២,៦៦ ​ភាគរយ និង​កាកសំណល់​ដំឡូងមី ៩ ០៥៤,៥០ ​តោន ថយចុះ -៣៣,០៦ ​ភាគរយ​៕ LA