ព្រះសីហនុៈ មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹងថា តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ​រដ្ឋសភា​រុស្ស៊ី លោក Alexey V. Chepa បាន​អះអាងថា លោក​នឹង​ខិតខំ​កៀរគរ​អ្នកវិនិយោគ​រុស្ស៊ី​ដើម្បី​មក​បណ្ដាក់ទុន និង​ធ្វើ​ធុរកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ជាពិសេស​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា និង​ឧស្សាហកម្ម​ធុន​ធ្ងន់​។

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៧ ខែ កុម្ភៈ​ថា ការអះអាង​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ជាមួយ​តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​នៃ​រដ្ឋសភា​រុស្ស៊ី លោក Alexey V. Chepa កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ ខណៈ​ដែល​លោក Alexey V. Chepa ទៅ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​បន្តថា លោក Alexey V. Chepa បាន​សន្យា​នឹង​ជំរុញ​ឱ្យ​វិនិយោគិន​រុស្ស៊ី​ចូលមក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​លោក​មើលឃើញ​ជាក់ស្តែង​នូវ​ការអភិវឌ្ឍ​យ៉ាង​លឿន​របស់​ខេត្ត​ព្រះសីហនុ ព្រមទាំង​កោតសរសើរ​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​បោះទុន​វិនិយោគ​សាធារណៈ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។

លោក ឌីម៉ង់ បាន​ប្រាប់ថា​៖ «​បន្ថែម​លើ​នេះ លោក Alexey V. Chepa ក៏​សន្យា​នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​រុស្ស៊ី​ដែល​កំពុង​វិនិយោគ​លើ​កោះពស់​អភិវឌ្ឍ​បន្ត​ទោះបីជា​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូវីដ​ក៏ដោយ​»​។

បើ​យោងតាម​ការផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ​២៦ ខែកុម្ភៈ នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក គួច ចំរើន បាន​លើកឡើងថា ដោយសារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា និង​រុស្ស៊ី​នៅមានកម្រិត ហេតុនេះ​តាមរយៈ​ទស្សនកិច្ច​របស់លោក Alexey V. Chepa លោក​សូមឱ្យ​វិនិយោគិន​រុស្ស៊ី​ចូល​បានមក​បណ្តាក់ទុន​លើ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​បន្តទៀត​។

លោក គួច ចំរើន បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដូចជា កំពង់ផែ​ទឹក​ជ្រៅ អាកាសយានដ្ឋាន​អន្តរជាតិ ផ្លូវដែក ផ្លូវ​ល្បឿនលឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ ដែល​ទាំងនេះ គឺជា​សក្តានុពល​សម្រាប់​ផ្តល់ឱកាស​ឱ្យ​អ្នកវិនិយោគ​ចូលមក​បណ្តាក់ទុន​ក្នុងនោះ​ក៏មាន​វិនិយោគិន​រុស្ស៊ី​ផងដែរ​។

លោក គួច ចំរើន បាន​ថ្លែងថា​៖ «​ដោយសារ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​អាចឱ្យ​យន្តហោះ​ឆ្លង​ទ្វីប​ចុះចត​បាន ហេតុនេះ​ខ្ញុំ​សង្ឃឹមថា​ឯកឧត្តម Alexey V. Chepa នឹង​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកទេសចរ​រុស្ស៊ី និង​អ្នកវិនិយោគ​រុស្ស៊ី​មក​ធ្វើការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន​នាពេលខាងមុខ ព្រោះ​កន្លងមក​ទេសចរ​រុស្ស៊ី​មកកាន់​ខេត្ត​ព្រះសីហនុ​ជាប់​ចំណាត់ថ្នាក់​លេខ​ ៣ បន្ទាប់ពី​ទេសចរ​ចិន និង​វៀតណាម​»​។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ខាងលើ លោក Alexey V. Chepa បាន​ថ្លែងថា ការ​មក​បំពេញ​ទស្សនកិច្ច​របស់លោក​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​វប្បធម៌ ឱ្យ​កាន់តែ​ល្អ​ថែមទៀត ខណៈ​ខេត្ត​ព្រះសីហនុ​មាន​ការរីកចម្រើន​លឿន ជាពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរបែប និង​សំណង់​អគារ​ខ្ពស់​ជាច្រើន​។

លោក​និយាយថា​៖ «​កាលពី​លោក​មកកាន់​ខេត្ត​ព្រះសីហនុ​កាលពី​ប៉ុន្មាន​ឆ្នាំមុន មិនសូវ​ឃើញ​មាន​ជនជាតិ​រុស្ស៊ី​ច្រើន​ទេ បន្ទាប់ពី​ការផ្សព្វផ្សាយ​របស់​ទេសចរ​រុស្ស៊ី បង្ហាញ​ពី​ការ​ស្វាគមន៍​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា​ធ្វើឱ្យ​អ្នកទេសចរ​រុស្ស៊ី​ចង់​មក​កម្ពុជា​កាន់តែច្រើន​។ យើង​រំពឹងថា ទេសចរ​រុស្ស៊ី​នឹង​បង្វែរ​មកកាន់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​»​។

ជាមួយ​គ្នានេះ​លោក Alexey V. Chepa បាន​គាំទ្រ​ការហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ និង​សៀមរាប​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនោះ​លោក Alexey V. Chepa បានបង្ហាញ​បំណង​អញ្ជើញ​ប្រតិភូ​ខេត្ត​ព្រះសីហនុ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី និង​ប្រតិភូ​រុស្ស៊ី​មក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​វិញ ដើម្បី​ចងសម្ព័ន្ធភាព​ទីក្រុង​ព្រះសីហនុ និង​ទីក្រុង Veliky Novgorod នៃ​ប្រទេស​រុស្ស៊ី​នៅពេល​ខាងមុខ​ផងដែរ​»៕ LA