ទីក្រុងវែលីងតុនៈ ​ក្រុមហ៊ុន​អាកាសចរណ៍ Air New Zealand បានបង្ហាញ ការខាតបង់​ជា​បណ្តោះអាសន្ន​កាលពី​ចុងសប្តាហ៍​មុន ហើយ​បាន​ព្រមាន​ថា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​នឹង​ខាតបង់​បន្ថែមទៀត ខណៈដែល​ក្រុមហ៊ុន​មួយ​នេះ ប្រឈមមុខ​នឹង​ឆ្នាំ​ដ៏លំបាក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រតិបត្តិការ​របស់ខ្លួន​។

ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នូវែលសេឡង់​មួយ​នេះ​បានឱ្យដឹងថា ការខាតបង់​ពាក់កណ្តាល​ឆ្នាំ​បាន​កើនឡើង​ខ្លាំង​ជិត​ ៤ ដង ដល់​ ២៧២​ លាន​ដុល្លារ​នូវែលសេឡង់​ (១៨៥​ លាន​ដុល្លារ​) ពី ៧២​ លាន​ដុល្លារ​នូវែលសេឡង់​ធៀប​នឹង​ឆ្នាំ​ ២០២០​។

ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ខ្លួន​កំពុង​ស្ថិតនៅ​លើផ្លូវ​សម្រាប់​ការខាតបង់​ពេញ​ ១ ​ឆ្នាំ ដែល​លើសពី ៨០០ ​លាន​ដុល្លារ​នូវែលសេឡង់​ដោយសារតែ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ និង​ការ​រឹតបន្តឹង​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដដែល​កើនឡើង​ខ្លាំង​នៅ​ព្រំដែន​ប្រទេស​នូវែលសេឡង់​។

លោកស្រី ប្រធាន Therese Walsh បានឱ្យដឹងថា​ឆ្នាំ​ហិរញ្ញវត្ថុ ២០២២ ​ដែល​ដំណើរការ​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា​នឹង​ក្លាយជា​ «​ឆ្នាំ​ដែល​ពិបាក​បំផុត​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​» ដោយសារ​ការរីករាលដាល​ជំងឺ​បាន​ប៉ះពាល់​ដល់​ត្រីមាស​ចុងក្រោយ​នៃ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២០ ​ហើយ​ការឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​បាន​សម្រាល​ដល់​ផលប៉ះពាល់​នេះ​កាលពី​ឆ្នាំ​ ២០២១​។

លោកស្រី​បាន​បន្តថា​៖ «​ឆ្នាំ​ហិរញ្ញវត្ថុ​ឆ្នាំ ២០២២ នឹង​បន្ត​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ច្រើន​ទៀត ទាំង​ដោយ​ការបន្ត​ការគាបសង្កត់​តម្រូវការ និង​ការ​កើនឡើង​ថ្លៃ​ដើម​»​។

ក្រុមហ៊ុន​អាកាសចរណ៍ Air New Zealand មិនបាន​បញ្ជាក់​ពី​ចំនួន​ភាគហ៊ុន​ដែល​ខ្លួន​កំពុង​ស្វែងរក ស្ថិត​ក្រោម​ផែនការ​នេះ​ទេ ដែល​ត្រូវបាន​ពន្យារពេល​ ២​ ដង​កាលពី​ឆ្នាំ​ ២០២១​ ដោយសារ​លក្ខខណ្ឌ​ទីផ្សារ​មិនល្អ​។

លោក Greg Foran នាយក​ប្រតិបត្តិ​បាន​ឱ្យដឹងថា បណ្តាញ​អ្នកដំណើរ​អន្តរជាតិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​Air New Zealand ដែលជា​ធម្មតា​ផ្តល់ប្រាក់​ចំណូល​ប្រហែល ២ ​ភាគ​ ៣ ​នៃ​ប្រាក់ចំណូល​សរុប​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​រាយការណ៍​ពី​ខែមិថុនា​ដល់​ខែធ្នូ ឆ្នាំ ​២០២១​។

លោក Foran ​បាន​លើកឡើងថា ការបិទខ្ទប់ ជាពិសេស​នៅ​ទីក្រុង Auckland ដ៏ធំ​របស់​ប្រទេស​នេះ​ក៏​ប៉ះពាល់​ដល់​ចំនួន​អ្នកដំណើរ​ក្នុងស្រុក​។

លោក​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ផែនការ​របស់​ប្រទេស​នូវែលសេឡង់​ក្នុង​ការបើក​ព្រំដែន​ឡើងវិញ​ជា​បណ្ដើរៗ​ក្នុង​រយៈពេល ៨ ​ខែ​បន្ទាប់ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ នៅពេល​ការមកដល់​របស់​ Kiwis ​ពី​ប្រទេស​អូស្ត្រាលី​អាចដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​ជំនួស​ឱ្យ​ការចូល​ទៅធ្វើ​ចត្តាឡីស័ក​នៅតាម​សណ្ឋាគារ​។

លោក​បាន​ថ្លែងថា​៖ «​យើង​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ មនុស្ស​ត្រឹមត្រូវ ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ហោះហើរ​»​។

លោក​បន្ថែមថា​៖ «​យើង​មានការ​រំភើប​ចំពោះ​ការស្វាគមន៍​មកកាន់​ផ្ទះ​របស់ Kiwis ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​ខែ​ខាងមុខនេះ និង​អ្នកធ្វើដំណើរ​អន្តរជាតិ​ត្រឡប់​ទៅ Aotearoa (​ប្រទេស​នូវែលសេឡង់​) ​នៅ​ចុង​ឆ្នាំនេះ​»៕ LA