ភ្នំពេញៈធនាគារជាតិ​នៃ​កម្ពុជា​បាន​សាទរ​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​មូលនិធិ​បើកចំហ​របស់​ធនាគារ​ក្នុងការ​ទូទាត់​អន្តរជាតិ (BIS) សម្រាប់​ការវិនិយោគ​របស់​ធនាគារ​កណ្ដាល​ទៅលើ​សញ្ញា​បណ្ណ​ដែលមាន​ចំណាត់ថ្នាក់​ឥណទាន​ខ្ពស់ ដែល​បានចេញ​ដោយ​រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​ក្រុមហ៊ុន​សាជីវកម្ម​។

មូលនិធិ​នេះ​ត្រូវ​បានដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ​ឆ្នាំ​ ២០២២ សម្រាប់​ការវិនិយោគ​លើ​គម្រោង​បៃតង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ឆ្លើយតប​នឹង​ការ​កើនឡើង​នៃ​តម្រូវការ សម្រាប់​ការវិនិយោគ​ដែល​គិតគូរ​ដល់​កិច្ចការពារ​បរិស្ថាន ក្នុង​ចំណោម​ស្ថាប័ន​ផ្លូវការ​របស់ខ្លួន​។ គំនិត​ផ្ដួចផ្ដើម​នេះ នឹង​ជួយ​ដល់​ធនាគារ​កណ្ដាល​ក្នុងការ​អនុវត្ត​គោលការណ៍​បរិស្ថាន​ប្រកបដោយ​ចីរភាព​ទៅក្នុង​ការគ្រប់គ្រង​ទុនបម្រុង​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)​។

សេចក្តី​ប្រកាស​របស់ NBC ឱ្យដឹងថា NBC មាន​សេចក្ដីសោមនស្ស ដោយ​បាន​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិ​ការប្រឹក្សា​យោបល់ ដែល​បានផ្ដល់​ការគាំទ្រ​ដល់​គំនិត​ផ្តួចផ្ដើម​នេះ ហើយ NBC ជា​អ្នកវិនិយោគ​ដំបូង​លើ​សញ្ញាបណ្ណ​បៃតង​នៅក្នុង​តំបន់​អាស៊ី សម្រាប់​ផ្ដល់​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព និង​នវានុវត្តន៍​នេះ​ផងដែរ​។

NBC ឱ្យដឹង​ទៀតថា​៖ «​ខណៈ​ដែល​បម្រែបម្រួល​អាកាសធាតុ ត្រូវបាន​មើលឃើញថា ជា​ប្រភព​ចម្បង​មួយ ដែល​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់ និង​អាច​ផ្ដល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​កត្តា​សង្គម និង​បរិស្ថាន ការផ្ដល់​ហិរញ្ញប្បទាន​បៃតង​នៅក្នុង​តំបន់​អាស៊ី​អាច​ផ្ដល់នូវ​ជម្រើស​ដែលមាន​គុណប្រយោជន៍​ជាច្រើន​សម្រាប់​វិនិយោគិន ដើម្បី​ជួយ​ការពារ​ភពផែនដី​»​។ «​ការវិនិយោគ​សញ្ញាបណ្ណ​បៃតង មិន​ត្រឹមតែ​ផ្ដល់ប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​បរិស្ថាន​ផងដែរ ដោយសារតែ​សញ្ញាបណ្ណ​នេះ ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​គម្រោង​បៃតង ឬ​ធុរកិច្ច​ដែល​ផ្ដល់​ផល​វិជ្ជមាន​ដល់​បរិស្ថាន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ជា​លទ្ធផល​ធ្វើឱ្យ​នវានុវត្តន៍​បៃតង​កើនឡើង និង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

លោក ជា ចាន់តូ ទេសាភិបាល NBC បានឱ្យដឹងថា ហានិភ័យ​ហិរញ្ញវត្ថុ និង​អត្ថប្រយោជន៍​នៃ​ការវិនិយោគ​លើ​សញ្ញាបណ្ណ​បៃតង ក៏ដូចជា​ការ​ការពារ​ភពផែនដី​ផងដែរ​។ លោក​បន្តថា ការដាក់ឱ្យ​ប្រើប្រាស់ BIS នៃ​គំនិត​ផ្តួចផ្តើម​សញ្ញា​បណ្ណ​បៃតង​សម្រាប់​ធនាគារកណ្តាល​នឹង​រួមចំណែក​ដល់​ការកាត់បន្ថយ​ហានិភ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក៏ដូចជា​ផលប៉ះពាល់​ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ធនាគារកណ្ដាល តួនាទី​របស់​យើង​គឺ​ចូលរួម​កាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ ដែល​បណ្ដាលមកពី​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​មកលើ​សេដ្ឋកិច្ច ស្ថានភាព​សង្គម និង​បរិស្ថាន​។ យើង​ជឿថា ស្ថាប័ន ក៏ដូចជា​បុគ្គល​ម្នាក់ៗ​អាច​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការរួមចំណែក​ដល់​កំណើន​ប្រកប​ដោយ​សមធម៌ និង​ចីរភាព តាមរយៈ​នៃ​ការ​កាត់បន្ថយល្បឿន​នៃ​ការប្រែប្រួល​អាកាសធាតុ​យ៉ាង​ឆាប់រហ័ស និង​ហានិភ័យ​នៃ​បម្រែបម្រួល​នេះ​។ យើង​លើក​ទឹកចិត្ត​យ៉ាងខ្លាំង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ឱ្យ​ដាក់ចេញ​នូវ​គោលនយោបាយ​ដែល​លើកកម្ពស់​ហិរញ្ញប្បទាន​បៃតង និង​គាំទ្រ​ការវិនិយោគ​ដែល​ផ្ដល់​ផលវិជ្ជមាន​ដល់​បរិស្ថាន​»​។

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ ២០២១ របស់ NBC កម្ចី​ដែល​បានផ្ដល់​ដោយ​គ្រឹះ​ស្ថាប័នហិរញ្ញវត្ថុ​ដល់​គ្រប់​វិស័យ​បាន​កើនឡើង ២១,២ ​ភាគរយ​ដល់ ១៨៦,៤ ​ពាន់​ពាន់​លាន​រៀល (៤៥,៧ ​ពាន់​លាន​ដុល្លារ​)​។

NBC បានឱ្យដឹង​ទៀតថា ចំណែក​គណនី​បញ្ញើ​បាន​កើន​ដល់ ១២,១ ​លាន កើនឡើង ៤០,៧ ​ភាគរយ និង​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន បាន​កើនឡើង​ដល់ ៣,៣ ​លាន​កើនឡើង ៥,១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០៕ LA