
សំណង់ធំៗបានលេចឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញៈ សហព័ន្ធធុរជនផ្នែកឧស្សាហកម្ម និងវិនិយោគិនតួកគីបានឱ្យដឹងថា ខ្លួនកំពុងចាប់អារម្មណ៍ចំពោះឱកាសវិនិយោគក្នុងវិស័យសំណង់ ថាមពល និងធនធានរ៉ែ នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសតួកគីកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ រវាងសហព័ន្ធធុរជនឧស្សាហកម្មតួកគី ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគីបានលើកឡើងថា វិនិយោគិនតួកគីមានការចាប់អារម្មណ៍ចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលប្រទេសទាំង ២ អាចប្រតិបត្តិរួមគ្នាមានដូចជា សំណង់ ថាមពល និងធនធានរ៉ែ។
លោក Ferudun Cevahiroglu បានស្នើថា ស្ថាប័នទាំង ២ អាចសិក្សារួមគ្នាលើគម្រោងអាទិភាពមួយចំនួន បន្ទាប់មកសហព័ន្ធធុរជនឧស្សាហកម្មតួកគីនឹងដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាលទ្ធភាពសហការ និងអនុវត្តគម្រោងតែម្តង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា លោកគាំទ្រចំពោះការអភិវឌ្ឍគម្រោងរួមគ្នារវាងស្ថាប័នទាំង ២ និងបានស្នើឱ្យប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី និងគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាលទ្ធភាពសហការលើគម្រោងរួមគ្នា។
លោកបន្ថែមថា កម្ពុជា មានទីផ្សារទូលំទូលាយដោយកម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយចិន និងកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ការ-នាំផលិតផលកម្ពុជាដោយមិនជាប់ពន្ធទៅកាន់អង់គ្លេស និងសហគមន៍អឺរ៉ុប (EBA) និង ការនាំចេញផលិតផលកម្ពុជាទៅសហរដ្ឋអាមេរិកក្នុងប្រព័ន្ធអនុគ្រោះពន្ធ (GSP)។
ចំពោះការចាប់អារម្មណ៍របស់វិនិយោគិនតួកគីនៅក្នុងវិស័យសំណង់ ថាមពល និងធនធានរ៉ែរបស់កម្ពុជានេះដែរត្រូវបានលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជាស្វាគមន៍រាល់វិនិយោគិនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលចង់វិនិយោគលើវិស័យរ៉ែ ដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា។
លោកបន្ថែមថា បើសិនមានក្រុមហ៊ុនធំៗ ដែលមានបទពិសោធលើផ្នែកវិស័យរ៉ែនេះ គឺកាន់តែប្រសើរ ព្រោះវិស័យរ៉ែនៅកម្ពុជាត្រូវការបច្ចេកទេសខ្ពស់ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព។
លោកបញ្ជាក់ថា៖ «ដូចយើងដឹងហើយថា ការធ្វើរ៉ែ ក៏ដូចជាការអភិវឌ្ឍផ្សេងៗទៀតដែរ គឺវាតែងតែមានការប៉ះពាល់ហើយ តិច ឬច្រើន ប៉ុន្តែយើងខិតខំធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនោះត្រូវគិតដល់សង្គម និងបរិស្ថាន ក៏ដូចជាសេដ្ឋកិច្ចជាតិឱ្យបានខ្ពស់។ ដូចនេះបើមានក្រុមហ៊ុនមានបទពិសោធ ក្នុងការអភិវឌ្ឍវិស័យរ៉ែនេះ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាកម្ពុជា ស្វាគមន៍ជានិច្ចតាមរយៈការវិនិយោគដោយខ្លួនឯង ឬស្វែងរកដៃគូវិនិយោគនៅកម្ពុជា»។
បើតាម លោក ឌីប៉ូឡា សព្វថ្ងៃមានក្រុមហ៊ុនមកពីប្រទេសមួយចំនួនរួមមាន អូស្ត្រាលី កាណាដា ជប៉ុន កូរ៉េ ចិន ឥណ្ឌា និងកម្ពុជាខ្លួនឯង ដែលបាននិងកំពុងវិនិយោគក្នុងវិស័យសំណង់ និងរ៉ែលោហៈ៕ LA