ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​កូរ៉េ ក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២២ នេះ​មាន​ទឹកប្រាក់​ជាង ១១១ ​លាន​ដុល្លារ កើន ៣១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម-​អន្តរជាតិ​កូរ៉េ​ (Kita)​។

យោងតាម Kita នៅ​ខែមករា ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-​កូរ៉េ​មាន​ទឹកប្រាក់​សរុប ១១១,៣២ ​លាន​ដុល្លារ​កើនឡើង ៣១,០២ ​ភាគរយ ធៀប​នឹង​ខែមករា ឆ្នាំ​ ២០២១ ដែលមាន ៨៤,៩៦ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ នា​ខែមករា ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់ ៣៣,០២ ​លាន​ដុល្លារ កើន ១ ​ភាគរយ​ពី​ចំនួន ៣២,៦៩ ​លាន​ដុល្លារ ចំណែក​ទំនិញ​នាំ​ពី​កូរ៉េ​មក​កម្ពុជា មាន​ទឹកប្រាក់ ៧៨,៣ ​លាន​ដុល្លារ កើនឡើង ៤៩,៨ ​ភាគរយ​ពី​ចំនួន ៥២,២៦ ​លាន​ដុល្លារ​។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កូរ៉េខាងត្បូង​មានដូចជា សម្លៀកបំពាក់​, ផលិតផល​ធ្វើដំណើរ​, ស្បែកជើង​, ភេសជ្ជៈ​, កៅស៊ូ​, ថ្នាំពេទ្យ​, គ្រឿងបន្លាស់​អេឡិចត្រូនិក​, និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មកវិញ​មាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ថា ទោះបីជា​ការនាំ​ទំនិញ​ពី​កម្ពុជា​មាន​ទឹកប្រាក់​តិចជាង​ការនាំ​ចូល​ពី​ប្រទេស​កូរ៉េ​ជាង​ពាក់កណ្តាល ក៏​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​បាន​បញ្ជាក់ថា ប្រទេស​ទាំង ​២ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ល្អ​មួយ​ដែល​អាច​រក្សាបាន​កំណើន​ជា​បន្តបន្ទាប់​ទោះ​ក្នុងអំឡុង​ពេលដែល​សេដ្ឋកិច្ច​ពិភពលោក​ជួបនឹង​វិបត្តិ​ដែល​បណ្តាលមកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។ លោក​បន្តថា ម្យ៉ាងទៀត​ផលិតផល​ដែល​កម្ពុជា​នាំចូល​មកពី​ប្រទេស​កូរ៉េ ក៏​ជា​ចំណែក​ដែល​រួម​ក្នុង​ចង្វាក់​ផលិតកម្ម​បម្រើឱ្យ​ការផលិត​ទំនិញ​សម្រាប់​ការនាំ​-​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហេតុនេះ​តម្រូវការ​នាំចូល​ផលិតផល​មួយចំនួន​ពី​បរទេស​ ដើម្បី​គាំទ្រ​ដល់​ចង្វាក់​ផលិតកម្ម​ខ្លួន​ប្រាកដ​ជាមាន​ច្រើន​»​។ លោក​បន្ថែមថា​៖ «​ទោះយ៉ាងណា​បរិមាណ​ទំនិញ​កម្ពុជា​នាំទៅ​កូរ៉េ​ត្រូវ​រំពឹងថា​នឹង​កើនឡើង​ខ្ពស់​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ចូល​ជា​ធរមាន​»​។

រាជរដ្ឋាភិបាល​កម្ពុជា និង​កូរ៉េ​កាលពី​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (CKFTA) ជាមួយគ្នា ដោយ​រំពឹងថា​នឹង​ចូល​ជាធរមាន​ក្នុងពេល​ឆាប់ៗ​នេះ​។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម កិច្ចព្រមព្រៀង CKFTA នឹង​ផ្តល់​ការរួច​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ជាង ១ ​ម៉ឺន​មុខ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង​។

លោក វណ្ណៈ បាន​បញ្ជាក់ថា CKFTA នឹង​ធ្វើឱ្យ​ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​សម្ទុះ​ថែមទៀត ប៉ុន្តែ​ដើម្បី​ទទួលបាន​ឧត្តមភាព​ជញ្ជីង​ពាណិជ្ជកម្ម ការងារ​ចាំបាច់​គឺ​កម្ពុជា​ត្រូវខិតខំ​បង្កើន​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​ថែមទៀត​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ប្រទេស​កូរ៉េ​។ ផលិតផល​កសិកម្ម​អាចជា​ឱកាស​មួយ​របស់​កម្ពុជា​។

លោក​និយាយថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​ជួយ​ធ្វើឱ្យ​វិនិយោគិន​កាន់តែច្រើន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​សម្រាប់​ផលិត និង​កែច្នៃ​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ​វិញ​»​។

ទិន្នន័យ​ធនាគារជាតិ​កម្ពុជា​ឱ្យដឹងថា គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប​ ៣៩ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​កូរ៉េ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ ២ ដោយមាន​ទឹកប្រាក់ ៤,១ ​ពាន់​លាន​ដុល្លារ​៕ LA