
លោក ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាពីការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ រូបថត សហការី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការសិក្សាគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតនៃខេត្តស្វាយរៀង ដើម្បីជំរុញការតភ្ជាប់ជាមួយប្រទេសជិតខាងក្នុងន័យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនៃបណ្តាខេត្តតាមព្រំដែន ជាពិសេសការនាំចេញកាន់តែច្រើនបន្ថែមទៀត។
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនលើកមកពិភាក្សាបន្តជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញបច្ចេកទេសកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត ដោយប្រមូលមតិយោបល់ និងធាតុចូលពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទៅលើរបាយការណ៍សិក្សា។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីបច្ចេកទេសពាក់ព័ន្ធមកពីក្រសួង-ស្ថាប័នទាំងអស់ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងទៅនឹងបញ្ហាបច្ចេកទេស ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ។
ក្រសួងសាធារណការបង្ហាញថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ៤ គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវនេះនឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវាត់ក្រុងទី ៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀងឆ្ពោះទៅក្រុងបាវិតព្រំដែនកម្ពុជា-វៀតណាម។
លោក រស់ ផារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសាងសង់ផ្លូវល្បឿនលឿននឹងជួយជំរុញសក្តានុពលរបស់ខេត្តបន្ថែមទៀត ជាពិសេសសម្រួលដល់ការដឹកជញ្ជូនដ៏មមាញឹកទៅកាន់ច្រកព្រំដែនបាវិត។
លោកបានបន្ថែមថា កាលពីមុនផ្លូវមានសភាពតូចដែលធ្វើឱ្យការចរាចរ ដឹកជញ្ជូនកម្មករ ក៏ដូចជាកុងតឺន័រដឹកជញ្ជូនទំនិញផ្សេងៗមានការកកស្ទះ ប៉ុន្តែក្រោយពេលក្រសួងសាធារណការបានរៀបចំឱ្យមានផ្លូវវាងសម្រាប់រថយន្តដឹកទំនិញធំៗ និងបានពង្រីកផ្លូវបន្ថែមមក បញ្ហាទាំងអស់នេះត្រូវបានកាត់បន្ថយបានច្រើន។
លោកបញ្ជាក់ថា៖ «ប៉ុន្មានឆ្នាំមុនការរីករាលដាលជំងឺកូវីដ ១៩ ផ្លូវមកច្រកបាវិតនេះមានការកកស្ទះខ្លាំងណាស់ ព្រោះតំបន់នេះជាទីប្រជុំជនមានទាំងរោងចក្រច្រើន ហើយការដឹកជញ្ជូនទំនិញចម្រុះក៏មានច្រើនដែរ។ ប៉ុន្តែចាប់តាំងពីមានជំងឺកូវីដ ១៩ មក ការដឹកជញ្ជូនមិនសូវមមាញឹកដូចមុនទេ ហើយក្រសួងពង្រីកផ្លូវថែមទៀត ទើបសព្វថ្ងៃ ផ្លូវនេះលែងសូវមានបញ្ហា»។
ប៉ុន្តែទោះជាយ៉ាងណាក៏លោករំពឹងថា ការសាងសង់ផ្លូវល្បឿនលឿននេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តផង និងបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើដំណើរផងដែរ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺពិតជាមានសារៈសំខាន់ណាស់ក្នុងវិស័យដឹកជញ្ជូន ខណៈផ្លូវល្បឿនលឿនកាន់តែច្រើន នឹងជំរុញពាណិជ្ជកម្មតាមព្រំដែនរបស់កម្ពុជាបន្ថែមទៀត។
លោកបានបន្ថែមថា វិស័យឯកជនផ្នែកដឹកជញ្ជូនបានអបអរសាទរតាំងពីការប្រកាសគម្រោងនេះដំបូងដោយរំពឹងថា គម្រោងនេះនឹងអាចប្រកាសបើកការដ្ឋានក្នុងពេលឆាប់ៗ បន្ទាប់ពីក្រសួងសាធារណការបានសិក្សាស៊ីជម្រៅជាមួយអង្គការ JICA។
លោកលើកឡើងថា៖ «យើងមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមួយហើយដែលសង់ជិតរួចរាល់ បើបានផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមួយទៀតកាន់តែងាយស្រួលហើយ ព្រោះកន្លងទៅការដឹកជញ្ជូនទំនិញទៅព្រំដែនកម្ពុជា-វៀតណាម មានតែតាមផ្លូវជាតិលេខ ១ មួយទេ»។
បើយោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គីឡូម៉ែត្រ មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គីឡូម៉ែត្រ និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែកប្តូរទិស ចំនួន ៧ កន្លែង, កន្លែងឈប់សម្រាក ៦ កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ១ ផងដែរ៕