
សកម្មភាពក្រុមកម្មការិនីកំពុងដេរសម្លៀកបំពាក់ក្នុងរោងចក្រមួយកន្លែងនៅភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ប្រាក់ឈ្នួលរបស់កម្មករនិយោជិតនៅក្នុងស្រុក និងប្រាក់បញ្ញើពីពលករចំណាកស្រុកនៅបរទេសក្នុងឆ្នាំ ២០២១ មានសរុបជាង ៦,៧ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យក្រសួងការងារ។
យោងតាមសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ ២០២១ និងទិសដៅត្រូវអនុវត្តបន្តសម្រាប់ឆ្នាំ ២០២២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថា ក្រសួងបានចុះបញ្ជីសហគ្រាស និងគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ១៣ ៥៧១ សហគ្រាស ដែលមានកម្មករចំនួន ១,៤ លាននាក់ និងទទួលបានប្រាក់ឈ្នួលជាមធ្យម ៣,៧ ពាន់លានដុល្លារ។ ដោយឡែកពលករចំណាកស្រុកនៅបរទេសជាង ១,៣ លាននាក់បានផ្ញើប្រាក់មកក្រុមគ្រួសារមានជាង ៣ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០២០ មានជាង ១,២ ពាន់លានដុល្លារប៉ុណ្ណោះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែកុម្ភៈ ថា ចំណូលជាប្រាក់បៀវត្សរ៍របស់កម្មករនិយោជិតនៅក្នុងប្រព័ន្ធនាអំឡុងពេលវិបត្តិកូវីដ ១៩ នៅតែរក្សាបានកំណើនជាធម្មតាសម្រាប់ផ្នែករោងចក្រកាត់ដេរ ទោះបីសហគ្រាសផ្នែកទេសចរណ៍មានបញ្ហាប្រឈមខ្លះក៏ដោយ។
ដោយឡែកចំពោះការកើនឡើងនៃចំនួនប្រាក់បញ្ញើរបស់ពលករនៅក្រៅប្រទេសវិញ ត្រូវបានលោកនិយាយថា៖ «ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ នេះនៅបណ្តាប្រទេសមួយចំនួនដែលមានពលករខ្មែរធ្វើការដូចជា កូរ៉េ និងថៃ (ភាគច្រើនធ្វើការនៅក្នុងរោងចក្រវេចខ្ចប់ម្ហូបអាហារ ឬគ្រឿងកំប៉ុង) គឺសហគ្រាសទាំងនោះអាចរក្សាបានខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ហើយមានពេលខ្លះត្រូវធ្វើការបន្ថែមម៉ោង និងទទួលបានប្រាក់លើកទឹកចិត្តជាដើមទើបធ្វើឱ្យចំណូលរបស់ពួកគេកើនឡើងជាងឆ្នាំ ២០២០»។
លោកបានបន្ថែមថា ថវិកាទាំងអស់នេះមានសារៈសំខាន់ណាស់ក្នុងការជួយទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិតនៅក្នុងប្រទេស និងក្រុមគ្រួសាររបស់ពួកគេដែលបាននិងកំពុងបំពេញការងារនៅក្រៅប្រទេស ព្រោះទោះបីវិស័យកម្មន្តសាលនៅរក្សាមានកំណើនពិតមែន ប៉ុន្តែផលប៉ះពាល់របស់វិស័យផ្សេងទៀតដូចជាសំណង់ និងទេសចរណ៍គឺនៅបន្តកើតមាន។ ការរក្សាបានការងារ និងចំណូលរបស់កម្មករនិយោជិត និងពលករកម្ពុជានៅក្រៅប្រទេស ពិតជាបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសង្គម។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា តម្លៃនៃប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្នុង និងក្រៅប្រទេសនឹងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែប្រសើរ ដែលនេះបង្ហាញថា សកម្មភាពកម្លាំងផលិតកម្មនៅបន្តមានជាធម្មតាទោះស្ថិតនៅក្នុងវិបត្តិក្តី។
លោកបន្ថែមថា ថ្វីដ្បិតតម្លៃនៃប្រាក់ឈ្នួលមានការថយចុះខ្លះបើធៀបនឹងស្ថានភាពមុនពេលមានកូវីដ ១៩ ក៏ពិតមែន ប៉ុន្តែក្នុងឆ្នាំ ២០២២ នេះតម្លៃនៃប្រាក់ឈ្នួលរបស់កម្មករនិយោជិតទាំងក្នុង និងក្រៅស្រុកនឹងបន្តកើនឡើងថែមទៀត។
លោកបញ្ជាក់ថា៖ «ប្រសិនបើយើងពិនិត្យមើលសកម្មភាពសេដ្ឋកិច្ចកម្ពុជា ឬក៏សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជានៅបណ្តាប្រទេសជាដៃគូកម្ពុជា គឺតម្រូវការកម្លាំងពលកម្មនៅតែមានបន្ថែមទៀត ដូចនេះអត្រានៃប្រាក់ចំណូលរបស់និយោជិត-កម្ពុជាទាំងក្នុង និងក្រៅស្រុកនឹងបន្តមានកំណើន»។
របាយការណ៍ក្រសួងការងារបង្ហាញថា ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេសមានចំនួន ១ ៣០១ ៦០៩ នាក់ ក្នុងនោះប្រទេសថៃ មានច្រើនជាងគេ គឺចំនួន ១ ២២០ ១៩៧ នាក់, កូរ៉េ ៤៥ ៨៦៦ នាក់, ម៉ាឡេស៊ី ២៣ ០២៧ នាក់, ជប៉ុន ១១ ៤៥៣ នាក់, សិង្ហបុរី ៨២១ នាក់, ហុងកុង ២០២ នាក់, និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៤៣ នាក់៕ LA