ភ្នំពេញៈ រាជធានី​ភ្នំពេញ​នឹង​ស្វាគមន៍​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ឈានមុខ​គេ​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Accor ដែល​គ្រោង​នឹង​បើក​ដំណើរការ​សណ្ឋាគារ ibis budget Phnom Penh Riverside ជា​លើកដំបូង​របស់ខ្លួន​នៅ​ខែកក្កដា ខាងមុខ​។

បើ​យោងតាម​សារព័ត៌មាន Global Travel Media ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ សណ្ឋាគារ​នេះ​នឹង​ផ្តល់ជូន​នូវ​សេវា​ដ៏​មាន​ផាសុខភាព និង​ការរចនា​បែប​សហសម័យ​ជាមួយ​តម្លៃ​ប្រកួតប្រជែង​យ៉ាងខ្លាំង​។ សណ្ឋាគារ​ដែល​ប្រកួតប្រជែង​យ៉ាងខ្លាំង​។ សណ្ឋាគារ​ដែលមាន ៣២២ បន្ទប់​នេះ​នឹង​រួមបញ្ចូល​ឆន្ទៈ​ដ៏​រឹងមាំ ដែលមាន​ការ​រចនា​បែប​សហ​សម័យ​នៅតាម​បន្ទប់​នីមួយៗ និង​ទីកន្លែង​សាធារណៈ​ផងដែរ​។

ibis budget Phnom Penh Riverside នឹង​ស្ថិតក្នុង​ទីតាំង​យុទ្ធសាស្ត្រ​នៃ​ខណ្ឌចំការមន​។

លោក Garth Simmons អគ្គនាយក​ក្រុមហ៊ុន Accor ទទួលបន្ទុក​អាស៊ីអាគ្នេយ៍ ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង​បាន​និយាយថា ibis Budget Phnom Penh Riverside នឹង​ក្លាយទៅជា​សណ្ឋាគារ​មួយ​ក្នុងចំណោម​សណ្ឋាគារ​ជាច្រើន ដែល​ពេញនិយម​ជាងគេ​សម្រាប់​អ្នកធ្វើដំណើរ​។

លោក Simmons ថ្លែងថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​យ៉ាងខ្លាំង​ក្នុង​ការពង្រីក​បណ្តាញ​សណ្ឋាគារ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ការដាក់​ឱ្យមាន​អាសយដ្ឋាន​សណ្ឋាគារ ibis budget តម្លៃ​ទាប​លើកដំបូង​របស់​យើង​នៅក្នុង​ប្រទេសមួយ​នេះ​។ ibis budget គឺជា​យីហោ​ឈានមុខ​មួយ​របស់​ក្រុមហ៊ុន Accor ក្នុង​ផ្នែក​សេដ្ឋកិច្ច ដោយ​ភ្ញៀវ​ទទួលបាន​តម្លៃ​ដ៏អស្ចារ្យ​សម្រាប់​ទីតាំង​ប្រកបដោយ​ផាសុកភាព ទំនើប និង​មាន​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត​»​។

លោក​បន្ថែមថា​៖ «​ក្នុងការ​អភិវឌ្ឍ​ផែនការ​សម្រាប់​យីហោ​នេះ យើង​តែងតែ​ស្វែងរក​ទីតាំង​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង ជាមួយនឹង​លទ្ធភាព​ទទួល​បាន​ការប្រើប្រាស់​ដោយ​ងាយស្រួល​។ យើង​ជឿថា សណ្ឋាគារ ibis budget Phnom Penh Riverside នឹង​ក្លាយជា​កន្លែង​ពេញនិយម​ជាងគេ​នៅក្នុង​ចំណោម​អ្នកធ្វើដំណើរ​ដែល​ស្វែងរក​កន្លែង​ស្នាក់នៅ​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ២៨ ខែ កុម្ភៈ​ថា វត្តមាន​របស់​សណ្ឋាគារ ibis នឹងមិន​ត្រឹមតែ​បម្រើ​ភ្ញៀវទេសចរ​ក្នុងស្រុក​ដែល​ចូលចិត្ត​យីហោៗ​លំដាប់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់តែ​ច្រើន​ជាមួយនឹង​ឈ្មោះ​ដ៏ល្បីល្បាញ​របស់​ពួកគេ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ចំពោះ​ការចូល​ទីផ្សារ​នៃ​យីហោ​ពិភពលោក​កាន់តែច្រើន​ទៅក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​របស់​យើង ព្រោះ​វា​មិន​ត្រឹមតែ​បម្រើ​ដល់​ភ្ញៀវទេសចរ​ក្នុងស្រុក​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យ​ចូលមក​កាន់តែច្រើន​ផងដែរ​។ ibis គឺជា​យីហោ​ពិភពលោក ហើយ​វា​នឹង​ល្បី​នៅក្នុង​ចំណោម​ប្រជាជន​របស់​យើង ខណៈ​ប្រជាជន​របស់​យើង​ក៏​ចូលចិត្ត​យីហោ​ពិភពលោក​ដែរ​»​។

Accor គឺជា​ប្រតិបត្តិករ​អន្តរជាតិ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែលមាន​សណ្ឋាគារ​ចំនួន ៥ ​មាន​យីហោ ដូចជា​សណ្ឋាគារ Raffles, សណ្ឋាគារ Sofitel និង​សណ្ឋាគារ ibis Styles នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ និង​នៅមាន​គម្រោង​ចំនួន​ ៤ ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ibis budget Phnom Penh Riverside នឹង​ធ្វើឱ្យ​វត្តមាន​សណ្ឋាគារ​ ibis budget ​ជាង​ ៦៣៥ ​នៅ​ទូទាំង​ពិភពលោក​នៅក្នុង ២០ ​ប្រទេស​៕ LA