
លោក ប្រាក់ សុខុន អំឡុងពេលប្រជុំជាមួយភាគីតួកគី។ រូបថត សហការី
ភ្នំពេញៈ កម្ពុជា-សាធារណរដ្ឋតួកគីបានប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី ៣ សំដៅស្វែងរកសកម្មភាពជាក់ស្តែងដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ ពាន់លានដុល្លារក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យស្របតាមសក្តានុពលសេដ្ឋកិច្ចដែលមាននៅក្នុងប្រទេសទាំង ២។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋតួកគី ពីថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំង ២ ត្រូវបានលើកទឹកចិត្តតាមរយៈកិច្ចប្រជុំជាញឹកញាប់រវាងធុរជន ជាពិសេសកិច្ចប្រជុំនាពេលថ្មីៗនេះរវាងគណៈប្រតិភូនៃក្រុមការងារការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសភាពាណិជ្ជកម្មកម្ពុជា និងសមភាគីតួកគីក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងន័យនេះរដ្ឋមន្ត្រីទាំង ២ បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៣ រវាងក្រសួងការបរទេសទាំង ២ នាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំង ២ ក៏បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតសភាបន្ថែមទៀត តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសភា។
សេចក្តីប្រកាសព័ត៌មានសរសេរថា «រដ្ឋមន្ត្រីទាំង ២ បានវាយតម្លៃខ្ពស់ និងបានសម្តែងឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរក ក៏ដូចជាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២ សមស្របនឹងសក្តានុពលនៃប្រទេសទាំង ២ ក្នុងវិស័យពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណង់ ថាមពល កសិកម្ម ទេសចរណ៍ ជួសជុល និងថែទាំ និងការដោះមីន។ ថ្នាក់ដឹកនាំទាំង ២ ក៏បានសម្ដែងការរីករាយចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក»។
ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីទាំង ២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
តួកគី គឺជាដៃគូ DTA ទី ១ ដែលកម្ពុជាមានជាមួយប្រទេសក្នុងតំបន់អឺរ៉ុប និងក៏ជាសមាជិក G 20 ទី ៤ ដែលកម្ពុជាមាន DTA ជាមួយផងដែរ។
ក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-តួកគី នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី កាលពីថ្ងៃទី ២៧ ខែកុម្ភៈ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា និងតួកគីសុទ្ធតែមានអរិយធម៌រុងរឿង និងមានកិច្ចសហប្រតិបត្តិការល្អទាំងសេដ្ឋកិច្ច នយោបាយ និងការទូត។ តួកគី គឺជាច្រកចូលដ៏សំខាន់សម្រាប់ផលិតផល-កម្ពុជាទៅទីផ្សារអឺរ៉ុប ចំណែកកម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅកណ្តាលតំបន់អាស៊ាន ដែលជាច្រកចូលដ៏សំខាន់សម្រាប់ផលិតផលតួកគី។
លោកបានបន្តថា កម្ពុជាមានទីផ្សារទូលំទូលាយដែលវិនិយោគិនអាចនាំផលិតផលផលិតនៅកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលមានប្រជាជនសរុបស្មើនឹង ៣០ ភាគរយនៃចំនួនប្រជាជនទូទាំងពិភពលោក ព្រមទាំងអាចនាំផលិតផលទៅកាន់ប្រទេសចិន កូរ៉េ អាមេរិក អង់គ្លេស សហគមន៍អឺរ៉ុប និងអាស៊ាន ដោយមិនជាប់ពន្ធ។
លោកថ្លែងថា៖ «ប្រទេសទាំង ២ បានចុះកិច្ចព្រមព្រៀងស្តីពីការការពារ និងជំរុញការវិនិយោគ និងបានកំណត់គោលដៅសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មយ៉ាងហោចណាស់ ៥០០ លានដុល្លារក្នុង ១ ឆ្នាំ»។
ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី លោក Ferudun Cevahiroglu បាននិយាយថា សហព័ន្ធបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា លើវិស័យសំខាន់ៗដូចជា ថាមពល ធនធានរ៉ែ បច្ចេកវិទ្យា និង សំណង់ដោយផ្តើមចេញពីការអនុវត្តគម្រោងរួមគ្នាជា BOT ឬ PPP។
លោកបន្ថែមទៀតថា រាល់គម្រោងសហប្រតិបត្តិការទាំងអស់នឹងត្រូវធ្វើតាមរយៈស្ថានទូតកម្ពុជានៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរជនឧស្សាហកម្មតួកគី។ បន្ថែមពីលើនេះលោកក៏គ្រោងនឹងដឹកនាំក្រុមគណៈប្រតិភូធុរកិច្ចទៅបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ៕ LA