ភ្នំពេញៈ វិស័យឯកជនបានស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយសិក្សា និងរៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីទាក់ទាញកប៉ាល់ទេសចរណ៍អន្តរជាតិឱ្យចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ខណៈកន្លងមកការចូលចតរបស់កប៉ាល់ទេសចរណ៍មានចំនួនតិចតួចប៉ុណ្ណោះ បើទោះបីឆ្នេរសមុទ្រ-កម្ពុជា គឺជាសមាជិកពេញសិទ្ធិនៃក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកតាំងពីឆ្នាំ ២០១១ ក៏ដោយ។
ប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៤០ គីឡូម៉ែត្រដោយគ្របដណ្តប់លើខេត្តចំនួន ៤ រួមមាន ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប។ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានគេបញ្ចូលជាសមាជិកពេញសិទ្ធិនៃក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១១ នៅប្រទេសសេណេហ្គាល់។ ចាប់ពីពេលនោះមកឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រសិទ្ធនាមថា តារារះនាទិសនិរតី។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីពិភាក្សាអំពីប្រភពទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា ទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុក្នុងដំណាក់កាលនេះ គឺទីផ្សារអាស៊ាន ដោយមូលហេតុមានភាពងាយស្រួល បត់បែនក្នុងការធ្វើដំណើរ។ ទោះយ៉ាងណាតាមរយៈវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ ដែលរៀបចំនៅខេត្តព្រះសីហនុ កាលពីខែមករា ក៏មានភ្ញៀវទេសចរមកពីតំបន់អឺរ៉ុបជាច្រើនបានចាប់អារម្មណ៍ការធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។
លោកស្រីលើកឡើងទៀតថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញគេចាំបាច់ត្រូវតែធ្វើការសិក្សា និងរៀបចំយុទ្ធសាស្ត្របន្ថែមទៀតសម្រាប់ភ្ញៀវទេសចរតាមកប៉ាល់ ដែលជាក្រុមភ្ញៀវមានសក្តានុពលក្នុងការចំណាយ។
លោកស្រីនិយាយថា៖ «ខ្ញុំសូមស្នើឱ្យស្ថាប័នពាក់ព័ន្ធសិក្សាបន្ថែមដោយធ្វើយ៉ាងណាទាក់ទាញទេសចរណ៍តាមកប៉ាល់ឱ្យបានច្រើន ព្រោះកន្លងមកទោះបីមានកប៉ាល់ចូលចតនៅកំពង់ផែយើងក៏ដោយ ក៏មានទេសចរតិចតួចប៉ុណ្ណោះបានឡើងលើគោកមកទស្សនាកម្ពុជា និងចំណាយពេលតិចតួចបំផុតក្នុងការទស្សនាបើធៀបនឹងប្រទេសផ្សេង»។
បន្ថែមពីលើនេះលោកស្រី ស៊ីវលីន ក៏បានស្នើឱ្យមានការអនុញ្ញាតផ្តល់ទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់ទេសចរណ៍ផងដែរជាពិសេសទេសចរតាមកប៉ាល់។
ចំណែកប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ថា ទោះបីសមុទ្រកម្ពុជាត្រូវបានគេទទួលស្គាល់ថាមានសម្រស់ស្អាត និងមានឆ្នេរខ្សាច់ស ក៏គេមិនសូវឃើញមានភ្ញៀវទេសចរតាមកប៉ាល់ចូលមកកម្សាន្តទេ។ ប្រសិនបើមានកប៉ាល់ទេសចរណ៍អន្តរជាតិចូលចតច្រើន វានឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់វិស័យទេសចរណ៍ ព្រោះជាទូទៅគេដឹងថាអ្នកធ្វើដំណើរទេសចរណ៍តាមកប៉ាល់ គឺជាក្រុមមនុស្សចាស់ដែលមានប្រាក់ចំណូលច្រើន និងមានរយៈពេលលម្ហែយូរ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១ ខែមីនាថា៖ «កន្លងមកភ្ញៀវតាមកប៉ាល់ចូលមកកម្សាន្តនៅកម្ពុជាមានចំនួនតិចតួចនៅឡើយ ប៉ុន្តែរឿងមួយដែលយើងត្រូវដឹង និងចាំ គឺភ្ញៀវតាមកប៉ាល់ជាភ្ញៀវចាយលុយច្រើន ដូច្នេះបើមានភ្ញៀវមកតាមកប៉ាល់កាន់តែច្រើនវានឹងផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចជាតិ»។
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោក វណ្ណ សុខហេង បាននិយាយថា កន្លងមកក្រុមការងាររបស់លោកធ្លាប់ទាក់ទងប្រទេសជិតខាង គឺថៃ វៀតណាម និងឡាវដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទៅវិញទៅមក ប៉ុន្តែត្រូវអាក់ខានដោយសារតែកូវីដ ១៩។ ដោយសារស្ថានភាពនាពេលនេះធូរស្រាល លោកនឹងជំរុញក្រុមការងារនេះឱ្យដំណើរការឡើងវិញ។ លោកបញ្ជាក់ថា៖ «យើងមិនអាចរង់ចាំឱ្យគេមកលេងប្រទេសយើងទេ តែយើងត្រូវរៀបចំកញ្ចប់ឱ្យហើយ និងទៅហៅគេមកលេង ទើបមានប្រសិទ្ធភាព»។
លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសជោគជ័យលើការគ្រប់គ្រងវិបត្តិកូវីដ ១៩ និងឈានដល់ការបើកប្រទេសមុនគេនៅអាស៊ានដោយគ្មានចត្តាឡីស័កសម្រាប់ទទួលអ្នកដំណើរជុំវិញពិភពលោក។ ដើម្បីឱ្យទេសចរណ៍អាចដំណើរការបាន គឺចាំបាច់ត្រូវការកិច្ចសហការរវាងរដ្ឋ និងឯកជនទើបអាចជោគជ័យ។ លោកបន្តទៀតថា នៅពេលនេះទីផ្សារអាស៊ាន និងអឺរ៉ុប គឺជាគោលដៅថ្មីដែលត្រូវគិតគូរមុនគេសម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំងខេត្តព្រះសីហនុ ក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។ ក្រៅពីនេះខេត្តព្រះសីហនុក៏ត្រូវគិតគូរពីការផ្សព្វផ្សាយ និងការសម្របសម្រួលនានា ដើម្បីទាញយកទេសចរណ៍តាមកប៉ាល់ឱ្យបានច្រើនផងដែរ។
ទិន្នន័យក្រសួងទេសចរណ៍បង្ហាញថា ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ១៩៦ ៤៩៥ នាក់ ធ្លាក់ចុះ ៨៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះភ្ញៀវទេសចរតាមផ្លូវទឹកមានចំនួន ១៨៨ នាក់ ធ្លាក់ចុះ ៩៩,៦ ភាគរយពីចំនួន ៥១ ៤៩៤ នាក់ កាលពីឆ្នាំ ២០២០៕ LA