
កសិករនៅខេត្តសៀមរាបប្រមូលទិន្នផលស្រូវ នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញៈ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសចំនួនជាង ១,៨ លានតោននៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ កើនជិត ១០ ភាគរយ ស្មើនឹងជិត ១៦ ម៉ឺនតោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
យោងតាមរបាយការណ៍នាំចេញកសិផលទៅក្រៅប្រទេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញកសិផលចាប់ពីខែមករា ដល់ចុងខែកុម្ភៈ ឆ្នាំ ២០២២ សម្រេចបានប្រមាណ ១ ៨៣៥ ៤៧៥,៧០ តោនកើនឡើង ១៥៩ ៣៣១, ៣៣ តោន ស្មើនឹង ៩,៥១ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១ ៦៧៦ ១៤៤,៣៧ តោន។ ក្នុងនោះការនាំចេញអង្ករមានចំនួន ១០៣ ០៥៨ តោន កើន ២៦ ៨៣៦ តោន (៣៥,២១ ភាគរយ) និងការនាំចេញស្រូវសម្រេចបាន ៦៥១ ១០១ តោន កើនឡើង ៩២ ០៦៨ តោន (១៦,៤៧ ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ កសិផលផ្សេងទៀត ក្រៅពីស្រូវ និងអង្ករនាំចេញបានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើន ០,៥០ ភាគរយ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១ ខែមីនាថា កត្តាដែលជំរុញឱ្យការនាំចេញកសិផលរបស់កម្ពុជាមានកំណើនបែបនេះ ដោយសារតែការផលិតរបស់កសិករមានការកើនឡើង ខណៈតម្រូវការនៅលើទីផ្សារក៏មានច្រើនដូចគ្នា។
លោកថ្លែងថា៖ «ក្នុងបរិបទនេះ មានប្រទេសមួយចំនួនមិនអាចផលិតបាន តែកម្ពុជាអាចផលិតបាន ខណៈមានប្រទេសមួយចំនួនកំពុងមានតម្រូវការផលិតផលកសិកម្មខ្ពស់ខ្លាំង។ ម្យ៉ាងទៀតថ្មីៗនេះ មានប្រទេសខ្លះបានផ្លាស់ប្តូរមុខដំណាំដាំដុះរបស់គេ ដោយការជ្រើសរើសដាំដំណាំណាដែលទទួលបានប្រាក់ចំណេញច្រើន ខណៈកម្ពុជាយើងមានអំណោយផលអាកាសធាតុផងនោះ ជាកត្តាជំរុញឱ្យការនាំចេញកសិផល ២ ខែកើនឡើងដូច្នេះ»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយថា កំណើនការនាំចេញស្រូវ-អង្ករ ព្រោះតែការផលិតស្រូវប្រាំងរបស់ប្រជាកសិករកើនឡើង ដោយសារប្រព័ន្ធធារាសាស្ត្រ មានលក្ខណៈល្អប្រសើរជាងមុន។
លោកបន្ថែមថា ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន កើនឡើងច្រើន ដោយសារតែប្រទេសនេះបានអនុវត្តតាមអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះចំនួន ៤០ ម៉ឺនតោន ដូចនេះភាគីចិនបានបង្កើនការទិញអង្ករពីកម្ពុជា ដែលបានជំរុញឱ្យការនាំចេញជាផ្លូវការកើនឡើងខ្លាំងដល់ជិត ៦០ ភាគរយ។
លោក សារ៉ន បានបញ្ជាក់ថា៖ «ប្រសិនមិនមានអ្វីប្រែប្រួលទេ យើងនឹងនាំចេញអង្ករទៅប្រទេសចិនក្នុងរង្វង់ ៧៥ ម៉ឺនតោន នៅក្នុងឆ្នាំ ២០២២ នេះ។ បែបនេះក្តី នៅមានបញ្ហាប្រឈមសំខាន់មួយ គឺការដឹកជញ្ជូនផ្លូវឆ្ងាយ ដោយសារយើងនៅខ្វះទូកុងតឺន័រសម្រាប់ផ្ទុក ថ្វីដ្បិតតែវាធូរស្រាលជាងឆ្នាំ ២០២១ ប៉ុន្តែមិនបានប្រសើរឡើងខ្លាំងទេ ខណៈដែលតម្លៃនៃការដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុបនៅមានតម្លៃថ្លៃដដែល»។
ទោះយ៉ាងណាលោកបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានងាកមកពង្រីកទីផ្សារក្នុងតំបន់អាស៊ាន និងតំបន់អាស៊ីវិញ ជាពិសេសទៅបណ្តាប្រទេសដែលមានការដឹកជញ្ជូនស្រួល។
ថ្មីៗនេះនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រទេសម៉ាឡេស៊ីបង្កើនការទិញអង្ករពីប្រទេសកម្ពុជាបន្ថែមទៀត ខណៈដែលភាគីម៉ាឡេស៊ីបានយល់ព្រមនឹងពិចារណាសំណើលើនេះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២៕ LA