ភ្នំពេញៈ Win crown(Cambodia) Industrial បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ (CO)​ ដើម្បី​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១ ខែមីនា ថា បន្ទាប់ពី​កិច្ចព្រមព្រៀង RCEP ចូល​ជា​ធរមាន បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​ហើយ ដែល​បានទទួល​ការអនុញ្ញាត​ឱ្យ​នាំចេញ​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង​នេះ ដែលជា​ក្រុមហ៊ុន​នាំចេញ​ស្បែកជើង​បុរស-​នារី​ទៅកាន់​ប្រទេស​ចិន​។

លោក​បញ្ជាក់ថា៖ «​ក្រុមហ៊ុន Win crown (Cambodia) Industrial Company Limited បាន​នាំចេញ​ស្បែកជើង​បុរស-​នារី ចំនួន ៦ ​ប្រភេទ​មាន​លេខ HS code 640299 ស្មើនឹង ៥ ៥៨២ ​គូ​ទៅកាន់​ប្រទេស​ចិន ក្រោម​ក្របខ័ណ្ឌ RCEP​។ ក្រុមហ៊ុន​មួយ​នេះ​បាន​នាំចេញ​ទំនិញ​កាលពី​ថ្ងៃទី​ ៣ ខែកុម្ភ: ឆ្នាំ​ ២០២២ និង​បាន​មកសុំ CO form RCEP ពី​ក្រសួង​ពាណិជ្ជកម្ម ហើយ​ក្រសួង​បាន​ពិនិត្យ និង​ចេញ CO ជូន​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភ: ឆ្នាំ​ ២០២២»​។

លោក​បន្តថា មាន​ក្រុមហ៊ុន ២-៣​ ទៀត​បានមក​សួរ​ព័ត៌មាន ជាពិសេស​លក្ខខណ្ឌ​ក្នុងការ​ទទួលបាន CO ក្រោម​លក្ខខណ្ឌ RCEP នេះ​ជុំវិញ​ការនាំចូល​វត្ថុធាតុដើម​មក​ផលិត​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅបាន​ក្រោម​កិច្ចព្រមព្រៀង​នេះ​។

លោក​អះអាង​ថា​៖ «​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ពី​ក្រសួង​ពាណិជ្ជកម្ម មិនមាន​ភាពស្មុគស្មាញ​ច្រើន​ទេ ដោយ​ការស្នើសុំ​អាចធ្វើ​តាម​អនឡាញ​ដូច​ការស្នើសុំ​ផ្សេងៗ​ទៀត​ដែរ​។ ខ្ញុំ​រំពឹងថា​នៅ​ថ្ងៃ​ខាងមុខ​នឹងមាន​ក្រុមហ៊ុន​មក​ស្នើសុំ​ CO បន្តបន្ទាប់​ទៀត​»​។

បើតាម លោក ស៊ាង ថៃ ដើម្បី​សម្រួល​ដល់​ការនាំចេញ ក្រសួង​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នាំចេញ អាច​នាំចេញ​ទំនិញ​ទៅមុន ហើយ​មក​ស្នើសុំ CO ជាក្រោយ​បាន​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បានឱ្យដឹងថា ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ (CO) ដើម្បី​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស ក្រោម​កិច្ចព្រមព្រៀង RCEP នៅមានកម្រិត ដោយសារ​តែ​ផលិតកម្ម​របស់​កម្ពុជា​នៅ​មាន​កម្រិត គួបផ្សំ​នឹង​វិបត្តិ​កូវីដ​ ១៩ ដែលជា​បញ្ហា​ចម្បង​។

លោក​បន្ថែមថា ផលិតកម្ម​របស់​កម្ពុជា​នៅមានកម្រិត ជាពិសេស​ក្នុង​វិស័យ SME ខណៈ​វិបត្តិ​កូវីដ​ ១៩ នៅតែ​ជា​បញ្ហា​រាំងស្ទះ និង​ជំរុញ​ឱ្យ​ប្រទេស​មួយចំនួន​ធំ​បន្ត​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​នៅឡើយ​។ ​ម្យ៉ាងវិញទៀត នៅក្នុង​បណ្តា​ប្រទេស RCEP ប្រទេស​ដែល​រីកចម្រើន​មានតែ​អូស្ត្រាលី ជប៉ុន និង​នូវែលសេឡង់ ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​ក៏មាន​ផលិតកម្ម​ប្រហាក់ប្រហែល​នឹង​កម្ពុជា​ដែរ​។

ហេតុផល​ផ្សេងទៀត លោក សេរីវឌ្ឍន៍ យល់ឃើញថា ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​នេះ ក៏​ជា​រឿង​ថ្មីថ្មោង​ដែរ ដូចនេះ​អាច​នៅ​ឆ្នាំ​ ២០២៣ នឹងមាន​ក្រុមហ៊ុននាំចេញ​ក្រោម​កិច្ចព្រមព្រៀង​នេះ​ច្រើន ព្រោះ​នៅពេល​ទីផ្សារ​មានការ​កែតម្រូវ​នឹង​អាច​បង្កើន​ឱ្យមាន​ការ​បែងចែក​ផលិតកម្ម​ផ្សេងៗ​ទៅតាម​ថ្លៃដើម​ទាប ឬ​ខ្ពស់​។

ក្រសួង​ពាណិជ្ជកម្ម​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជូន​ដល់​ក្រុមហ៊ុន​ផលិត និង​នាំចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ ដើម្បី​ជួយ​ជំរុញ​កំណើន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង RCEP នេះ ក៏ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​ល្អប្រសើរ​៕ LA