ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២ ​របស់​ថៃ ដែលមាន​តម្លៃ​សមរម្យ​នឹង​ចាប់​បើក​ការហោះហើរ​មក​កម្ពុជា នៅក្នុង​ខែមីនា​នេះ​។ នេះ​បើតាម​ក្រសួងទេសចរណ៍ និង​សមាគម​ទេសចរណ៍​កម្ពុជា​។

ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២២​ នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​អាកាសចរណ៍ Thai Smile របស់​ប្រទេស​ថៃ នឹង​ចាប់ផ្តើម​ហោះហើរ​ឡើងវិញ​ពី​ទីក្រុង​បាងកក​មកកាន់​ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប​ទៅកាន់​ទីក្រុង​បាងកក ចាប់ពី​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២២ ​តទៅ នឹង​បើក​ការហោះហើរ​ត្រង់ ២ ​ជើង​ក្នុង​ ១​ សប្តាហ៍​។ ជាមួយ​គ្នានេះដែរ បើតាម​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​សន្លាង​ឈ្មោះថា VietJet Air របស់​ថៃ​មួយ​ទៀត ក៏​នឹង​បើក​ការហោះហើរ​ចូលមក​កម្ពុជា​នៅ​ខែមីនា​នេះដែរ ដោយ​ក្រុមហ៊ុន​នេះ​កំពុង​សហការ​គ្នា​ជាមួយ​មន្ទីរ​ព្យាបាល ផាយ៉ាថៃ ដើម្បី​បម្រើ​ទេសចរ​សុខាភិបាល​ពី​កម្ពុជា​។

ក្រសួង​ទេសចរណ៍​ក៏បាន​អំពាវនាវ​ដល់​សមាគម​ទេសចរណ៍ ប្រតិបត្តិករ​ទេសចរណ៍ និង​សាធារណជន​បន្ត​ចូលរួម​ផ្សព្វផ្សាយ ក៏ដូចជា​ជំរុញ​ទេសចរ​អន្តរជាតិ​មកកាន់​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​បំផុត​មួយ​របស់​កម្ពុជា​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ ២ ​នេះ សុទ្ធតែ​ប្រភេទ​ក្រុមហ៊ុន​ដែលមាន​តម្លៃ​សំបុត្រ​ធូរ​ថ្លៃ ដោយ​ជើងហោះហើរ​ទាំង​ ២ ​នេះ​នឹង​ដឹកជញ្ជូន​ភ្ញៀវ​ពី​បាងកក​មក​កម្ពុជា ក៏ដូចជា​ទៅកាន់​តែ​ខេត្តសៀមរាប ដែល​នឹង​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​ភ្ញៀវទេសចរ ដែល​ចង់​ហោះហើរ​មក​កម្ពុជា​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​យើង​ចង់ឱ្យមាន​ការហោះហើរ​កាន់តែ​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះថា​ភ្ញៀវ​មាន​ច្រើន​ប្រភេទ ជួនកាល​គាត់​អត់​ចង់​ហោះ​មក​ភ្នំពេញ​ទេ គាត់​ចង់​ហោះ​ទៅ​សៀមរាប​តែម្តង ចៀសវាង​ចំណាយពេល​ច្រើន​។ ​ដូចនេះ​យើង​សង្ឃឹមថា ជើងហោះហើរ​ទាំង​ ២ ​នេះ​នឹង​ទទួលបាន​ភ្ញៀវ​ច្រើន​ប្រភេទ​មក​កម្ពុជា ទាំង​បែប​ធុរកិច្ច និង​បែប​ទេសចរណ៍​»​។

កាលពី​ថ្ងៃទី ​២៤ ខែកុម្ភៈ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​​មួយ​ថា ខេត្ត​សៀមរាប​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ដោយ​រដ្ឋបាលខេត្ត​នេះ​បាន​ចូលរួម​អនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ខេត្តសៀមរាប​នាពេល​កន្លងមក ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់​រហូត​ឈានដល់​ការបើក​ដំណើរការ​សកម្មភាព​ទេសចរណ៍ និង​សេដ្ឋកិច្ច​នានា​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ខណៈ​ដែល​ព្រលានយន្តហោះ​ខេត្តសៀមរាប​បាន​ទទួល​ជើងហោះហើរ​អន្តរជាតិ​ជា​បន្តបន្ទាប់​។

លោក ឈុន មករា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទីភ្នាក់ងារ​ដឹកជញ្ជូន និង​មគ្គុទេសក៍​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារតែ​ខេត្ត​សៀមរាប​ជា​គោលដៅ​ទេសចរណ៍​សំខាន់​របស់​កម្ពុជា និង​ជា​គោលដៅ​ដែលមាន​ការតភ្ជាប់​ជើងហោះហើរ ទើប​ចាំបាច់​ត្រូវមាន​ក្រុមការងារ​ប្រតិបត្តិ​ ដើម្បី​វាយតម្លៃ និង​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ទេសចរ ដែល​បាន​មកលេង​ខេត្ត​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ « សម្រាប់​ខេត្ត​ព្រះសីហនុ យើង​កំពុងតែ​រៀបចំ​ប្រជុំ​បន្តបន្ទាប់ នៅក្នុង​ករណី​ដែលមាន​បញ្ហា​ប្រឈម ដែល​យើង​ត្រូវ​ដោះស្រាយ ព្រោះ​បច្ចុប្បន្ន ខេត្ត​នេះ​មាន​​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ប្រសើរ​ច្រើន និង​ការអនុវត្ត​វិធាន​សុវត្ថិភាព​បាន​ត្រឹមត្រូវ​ច្រើន​ដែរ ដូចនេះ​នៅពេល​មាន​បញ្ហា​ប្រឈម យើង​នឹង​ដោះស្រាយ​តាមរយៈ​កិច្ចប្រជុំ​នេះ​»​។

បើតាម​ក្រសួង​ទេសចរណ៍ ចាប់​តាំងពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២ មាន​ជើង​ហោះហើរ​ពី​បណ្តា​ប្រទេស​នានា​មកកាន់​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៣២៦ ​ជើង មាន​ការកើនឡើង​ជិត​ ២០ ​ភាគរយ ខណៈ​ដែល​ភ្ញៀវទេសចរ​វ៉ាក់សាំង​ដែល​មក​កម្ពុជា​នៅមាន​ចំនួន​តិចតួច​នៅឡើយ​៕