ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា និង​ប្រតិបត្តិករ​ទីផ្សារ​កម្ពុជា​បាន​សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការបន្ត​ផ្តល់​ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធ​ក្នុង​រយៈពេល ៣​ ឆ្នាំ​បន្ថែមទៀត​ដល់​ក្រុមហ៊ុន​សក្តានុពល​ទាំងឡាយ​ដែល​មានបំណង​បោះផ្សាយ​មូលបត្រ​កម្មសិទិ្ធ និង​មូលបត្រ​បំណុល ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​។

យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធ​នឹង​មាន​រយៈពេល ៣ ​ឆ្នាំ​នៃ​ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន ៥០ ​ភាគរយ​សម្រាប់​ក្រុមហ៊ុន​ ឬ​សហគ្រាស​ដែល​បោះផ្សាយ​​កម្មសិទ្ធិ​ចុះបញ្ជី​ភាគហ៊ុន​របស់​ពួកគេ​លើសពី ២០ ​ភាគរយ​នៃ​ភាគហ៊ុន​ដែលមាន​សិទ្ធិ​បោះឆ្នោត ចំណែក​សម្រាប់​ក្រុមហ៊ុន​ ឬ​សហគ្រាស​មានបំណង​បោះផ្សាយ​មូលបត្រ​បំណុល​លើសពី ២០ ​ភាគរយ​នៃ​ទ្រព្យសកម្ម​សរុប​នឹង​ទទួល​បាន​ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ ៥០​ ភាគរយ​។

ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ ឬ​សហគ្រាស​ដែល​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ក្នុង​ទំហំ​ ២០ ​ភាគរយ​ ​ឬ​តិចជាង​នៃ​សិទិ្ធ​បោះឆ្នោត​ការលើកទឹកចិត្ត​ពន្ធ​លើ​ប្រាក់​ចំណូល​តាម​សមាមាត្រ មិនឱ្យ​លើស​ ២០ ​ប៊ីលាន​រៀល ចំណែក​ក្រុមហ៊ុន​ ឬ​សហគ្រាស​បោះផ្សាយ​មូលបត្រ​បំណុល​ក្នុង​ទំហំ​ ២០ ​ភាគរយ​ ឬ​តិចជាង​នៃ​ទ្រព្យសកម្ម​សរុប​នោះ​ការលើក ទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​តាម​សមាមាត្រ​មិនឱ្យ​លើសពី​ ៨ ​ប៊ីលាន​រៀល​។

លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​ទីផ្សារ​មូលបត្រ​កម្ពុជា​បានឱ្យដឹងថា សម្រាប់​ការលើក​ទឹកចិត្ត​ពន្ធ​នេះ​គឺ​ត្រូវធ្វើឡើង​​រយៈពេល​ ៣​ ដង​ហើយ​ជា​ផ្នែក​មួយ​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ និង​ដើម្បី​ផ្តល់ឱកាស​កាន់តែ​ច្រើន​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​សក្តានុពល​បោះផ្សាយ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​លើក​​ទី​ ៣ ​ហើយ ដែល​រដ្ឋាភិបាល​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​។ ហើយ​អ្វីដែល​យើង​ខ្វះ​នោះ​គឺ​ការចូលរួម​ពី​វិស័យ​ឯកជន​ដ៏មាន​សក្ដានុពល​ក្នុង​ការបោះផ្សាយ​មូលបត្រ ឬ​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅលើ​ទីផ្សារ​នេះ​»​។

លោក​ថា​៖ «​នៅក្នុង​បរិបទ​នៃ​ការ​ប្រឈម​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ ក្រុមហ៊ុន​ដែលមាន​សក្តានុពល​គួរ​ពិចារណា​ចាប់យក​ឱកាស​ដោយ​ទាញយក​អត្ថប្រយោជន៍​ពី​ការលើក​ទឹកចិត្ត​ពន្ធ​ដើម្បី​ប្រមូល​មូលនិធិ​ពី​ទីផ្សារ​មូលបត្រ​»​។

លោកស្រី គឹម សុផានីតា នាយិកា​ប្រតិបត្តិការ​ទីផ្សារ​នៃ​ផ្សារមូលបត្រ​កម្ពុជា (CSX) បានឱ្យ​ដឹងថា ការសម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបន្ត​ការលើកទឹកចិត្ត​ពន្ធ​រយៈពេល ៣ ​ឆ្នាំ​ទៀត​នឹង​បន្ត​គាំទ្រ​ទីផ្សារ​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ចុះបញ្ជី និង​វិនិយោគិន​ថ្មីៗ​។

លោកស្រី​ថ្លែងថា​៖ «​ក្រុមហ៊ុន​ជាច្រើន​កំពុង​ស្វែងរក​កំណើន​ប្រកប​ដោយ​និរន្តរភាព ភាពជឿជាក់ និង​ការផ្តល់​ហិរញ្ញប្បទាន​តម្លៃ​ទាប​រយៈពេល​វែង​ (​ជាមួយ​នឹង​ការផ្តល់​ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធ​) មិនគួរ​រង់ចាំ​ទៀត​ទេ​ក្នុងការ​បោះផ្សាយ​លក់​មូលបត្រ​។ ការលើកទឹកចិត្ត​នេះ មាន​រហូតដល់ ២ ​លាន​ដុល្លារ​សម្រាប់​ការចេញ​មូលបត្រ​បំណុល និង​រហូតដល់ ៥ ​លាន​ដុល្លារ​មូលបត្រ​កម្មសិទ្ធិ​»​។

បច្ចុប្បន្ន CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ១៥ និង​បាន​ប្រមូល​មូលនិធិ​សរុប​ចំនួន ២៨១ ​លាន​ដុល្លារ រហូត​មក​ដល់​បច្ចុប្បន្ន​។ ក្នុងនោះ ក្រុមហ៊ុន ៩ បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ និង​ចំនួន​ ៦ ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី CSX៕ LA