កំពតៈ រោងចក្រ​ផ្គុំ និង​ដំឡើង​គ្រឿង​បរិក្ខារ​អគ្គិសនី ដែលមាន​តម្លៃ​ប្រមាណ ២,៥ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន SchneiTec CHINT Co.,Ltd ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក ស្ថិតក្នុង​ភូមិ​អន្សក្តាម ឃុំ​ស្នាអន្សារ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ រោងចក្រ​ផ្គុំ និង​ដំឡើង​គ្រឿង​បរិក្ខារ​អគ្គិសនី​នេះ​នឹង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ថាមពល តាមរយៈ​ការបង្កើន​នូវ​ធនធាន និង​ចំណូល​ក្នុង​ស្រុក​ផងដែរ​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រោងចក្រ​ផ្គុំ និង​ដំឡើង​គ្រឿង​បរិក្ខារ​អគ្គិសនី​កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ​នេះ លោក ហេង សុជាតិ អគ្គនាយក​ក្រុមហ៊ុន SchneiTec បានឱ្យដឹងថា ដោយ​មើលឃើញ​ពី​សម្ទុះ​នៃ​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​ប្រទេស​កម្ពុជា​ដែល​នាំឱ្យ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​តម្រូវការ​គ្រឿង​បរិក្ខារ​អគ្គិសនី ក៏ដូចជា​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ថាមពល តាមរយៈ​ការបង្កើន​នូវ​ធនធាន និង​ចំណូល​ក្នុងស្រុក​ផង​នោះ ក្រុមហ៊ុន​របស់លោក​ក៏បាន​សម្រេចចិត្ត​បណ្តាក់ទុន​រួមគ្នា ដើម្បី​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​គ្រឿង​សម្ភារ​អគ្គិសនី​ក្នុង​ស្រុក​នេះ​ឡើង​។

លោក​បន្តថា ការកើនឡើង​នៃ​រោងចក្រ​នេះ​ក៏បាន​មកពី​ការលើក​ទឹកចិត្ត និង​ជួយ​ជ្រោមជ្រែង​ផ្នែក​ផ្លូវច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មាន​ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អាជ្ញាធរខេត្ត​ជាដើម​ជាមួយ​ទុនវិនិយោគ​ប្រមាណ ២,៥ ​លាន​ដុល្លារ​។ រោងចក្រ​នេះ​សាងសង់​លើ​ផ្ទៃដី ២០ ០០០ ​ម៉ែត្រការ៉េ​ជាមួយ​អគារ​រោងចក្រ ៣ ០០០ ​ម៉ែត្រការ៉េ សម្រាប់​ជំហាន​ទី​ ១ ដែល​ផ្ដោត​ចម្បង​ជាបឋម ទៅលើ​ការផលិត​គ្រឿង​សម្ភារ​អគ្គិសនី តង់ស្យុង​កម្រិត​មធ្យម​គ្រប់​ប្រភេទ និង​សម្ភារ​ប្រព័ន្ធ​សូឡា​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ខ្នាតតូច​។

បើតាម​លោក លោក ហេង សុជាតិ រោងចក្រ​នេះ​មាន​គោលដៅ​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ ក្នុង​ការផលិត​គ្រឿង​សម្ភារ​អគ្គិសនី​គ្រប់​ប្រភេទ ចាប់ពី​តង់ស្យុង​កម្រិត​ទាប មធ្យម រហូតដល់​កម្រិត​ខ្ពស់ ប្រកបដោយ​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ដើម្បី​តម្រូវ​ទីផ្សារ​ក្នុងស្រុក និង​បន្ត​ផែនការ​ក្នុងការ​នាំចេញ​នាពេល​អនាគត​។

លោក​សង្ឃឹមថា​៖ «​ការវិនិយោគ​ក្នុង​ការបង្កើត​រោងចក្រ​​ផ្គុំ និង​ដំឡើង​គ្រឿង​សម្ភារ​អគ្គិសនី​ក្នុងស្រុក​មួយ​នេះ​នឹង​អាច​ធ្វើឱ្យ​អតិថិជន​ដែល​ធ្លាប់ប្រើប្រាស់​សម្ភារ​អគ្គិសនី​នាំចូល​ពី​បរទេស ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក ម៉ាក CHINT នេះ​វិញ​ម្តង​»​។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​សម្ដែង​ការអបអរសាទរ ចំពោះ ជោគជ័យ​នៃ​កិច្ចសហការ និង​ការបណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក គឺ​ក្រុមហ៊ុន​ SchneiTec ជាមួយ​ក្រុម​ចិន CHINT ក្នុង​ការវិនិយោគ​បង្កើតជា​រោងចក្រ​ផ្គុំ និង​ដំឡើង​សម្ភារ​គ្រឿង​បរិក្ខារ​អគ្គិសនី​ដ៏ទំនើប​នេះ​ឡើង នៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក​បាន​ថ្លែងថា ស្រុក​ក្រគរ​ពុំ​ធ្លាប់មាន​ការវិនិយោគ​អ្វី​ទាល់តែ​សោះ​ពីមុនមក ទើបតែ​ពេលនេះ​ទេ​មាន​រោងចក្រ​កាត់ដេរ រោងចក្រ​ផ្តុំ និង​ដំឡើង​បរិក្ខារ​អគ្គិសនី រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ រោងចក្រ​ផលិត​កែវ និង​ទុយោ ធ្វើ​អំពី​គ្រាប់​ធញ្ញជាតិ និង​រោងចក្រ​ផ្តុំ និង​ដំឡើងរថយន្ត​ Ford របស់​សហរដ្ឋអាមេរិក​ផងដែរ​។

លោក​ កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ថ្លែងថា រោងចក្រ​នេះ​នឹង​ផលិត​គ្រឿង​បរិក្ខារ​អគ្គិសនី​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​នៅក្នុង​ស្រុក សម្រាប់​សេវាករ​អគ្គិសនី ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើត​ការធ្វើ​ជូន​ដល់​និស្សិត​កម្ពុជា​។

លោក​បន្តថា មួយវិញ​ទៀត រោងចក្រ​ផ្គុំ និង​ដំឡើង​គ្រឿងបរិក្ខារ​អគ្គិសនី​នេះ​នឹង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ និង​ផ្តល់​ចំណូល​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​នេះ​ឱ្យមាន​ការរីកចម្រើន​។ ជាមួយ​គ្នានេះ កម្ពុជា​ក៏មាន​ផលិតផល​មួយ​ដែលមាន​គុណភាព ដោយ​មិន​ចាំបាច់​នាំ​ផលិតផល​គ្រឿង​ផ្គុំ និង​គ្រឿង​បរិក្ខារ​អគ្គិសនី​នេះ​ពី​ក្រៅ​ស្រុក​ច្រើន​ដែរ​។

តាម​ផែនការ​របស់​រោងចក្រ​ផ្គុំ និង​ដំឡើង​គ្រឿង​បរិក្ខារ​អគ្គិសនី​នេះ នឹង​នាំ​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ គ្រប់​ប្រភេទ​បន្ថែម ដើម្បី​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​លើ​វិស័យ​ថាមពល និង​អគ្គិសនី​បានធ្វើ​ឱ្យមាន​តម្រូវការ​ខ្ពស់​លើ​គ្រឿង​បរិក្ខារ​អគ្គិសនី​សម្រាប់​យកទៅ​ផ្គត់ផ្គង់​សំណង់​អគារ​នានា នៅក្នុង​ប្រទេស​ក្នុង​ដំណាក់កាល​ទី​ ១ ក្រោយ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​។ និង​ក្នុងដំណាក់កាល​ពី ២ រោងចក្រ​នេះ​នឹង​ពង្រីក​ការផលិត​បរិក្ខារ​អគ្គិសនី​ដែលមាន​គុណភាព​សម្រាប់​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ផងដែរ​៕ LA