ភ្នំពេញៈ សម្ព័ន្ធ​ហិរញ្ញវត្ថុ​យុត្តិធម៌​កម្ពុជា (FFCC) បានចង្អុលបង្ហាញ​ថា នៅក្នុង​ការសិក្សា​ចុងក្រោយបង្អស់​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ហិរញ្ញប្បទាន​បៃតង​នៅ​កម្ពុជា បាន​ស្នើឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​ពិចារណា​លើ​គោលនយោបាយ ដើម្បី​ចៀសវាង​ពី​សង្គម ធនធានធម្មជាតិ និង​បរិស្ថាន មុនពេល​បញ្ចេញ​ប្រាក់កម្ចី​។

សម្ព័ន្ធ​ហិរញ្ញវត្ថុ​យុត្តិធម៌​កម្ពុជា គឺជា​វេទិកា​មួយ ក្រោម​ពាក្យស្លោក គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​យុត្តិធម៌​អាស៊ី (Fair Finance Asia) ថ្នាក់​តំបន់ ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ចំនួន​ ៨​ ដោយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​លើកកម្ពស់​ចីរភាព​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​។ ថ្មីៗ​នេះ FFCC បាន​បោះពុម្ពផ្សាយ​ការសិក្សា​លម្អិត​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ហិរញ្ញប្បទាន​បៃតង​នៅ​កម្ពុជា​នៃ​ការអនុវត្ត​គោលនយោបាយ​ហិរញ្ញប្បទាន​បៃតង​នៅ​កម្ពុជា​កាល​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម​ថ្លែងថា កិច្ចការ​ការពារ​បរិស្ថាន និង​សង្គម នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា គឺជា​កង្វល់​ដ៏ធំ​មួយ​។ ឥណទាន​ពី​វិស័យនេះ បានរួម​ចំណែក​យ៉ាង​ទូលំទូលាយ​ដល់​គម្រោង​អភិវឌ្ឍន៍ ឬ​វិនិយោគ​ជាច្រើន ដែល​គម្រោង​ខ្លះ​បាន​បង្ក​ផលប៉ះពាល់​ដល់​សង្គម​ធនធាន​ធម្មជាតិ និង​បរិស្ថាន​។

លោកស្រី​ថ្លែងថា​៖ «​ផ្អែកលើ​កំណើន​ជា​សក្តានុពល​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ការសិក្សា​នេះ​នឹង​ផ្តល់ព័ត៌មាន​យ៉ាងច្រើន​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ធ្វើការ​រួមគ្នា​ ដើម្បី​លើកកម្ពស់​ហិរញ្ញប្បទាន​បៃតង​ប្រកប​ដោយ​ចីរភាព សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​បរិស្ថាន និង​សង្គម​»​។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​ប្រទេស​កម្ពុជា​បានឱ្យដឹងថា គោលនយោបាយ​ហិរញ្ញប្បទាន​បៃតង​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ បរិយាប័ន្ន និង​ចីរភាព​នៅ​កម្ពុជា ហើយ​ស្តង់ដា​បរិស្ថាន និង​សង្គម គឺជា​ចំណុច​គន្លឹះ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ការធានាថា គ្រប់​ទិដ្ឋភាព​នៃ​គម្រោង​អភិវឌ្ឍន៍​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ប្រកបដោយ​សមធម៌​។

កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ​ (BIS) ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​ស្វ៊ីស​បានដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​មូលនិធិ​បើកចំហ​សម្រាប់​ការវិនិយោគ​របស់​ធនាគារ​កណ្តាល​លើ​បណ្ណ​បំណុល​គុណភាព​ខ្ពស់​ដែល​ចេញ​ដោយ​មូលបត្រ បំណុល​រដ្ឋ​គ្រឹះស្ថាន ហិរញ្ញវត្ថុ​អន្តរជាតិ និង​សាជីវកម្ម​។

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឱ្យដឹងថា ក្នុងនាម​ជា​ធនាគារ​កណ្ដាល តួនាទី​របស់​យើង​គឺ​ចូលរួម​កាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ ដែល​បណ្ដាលមកពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​មកលើ​សេដ្ឋកិច្ច ស្ថានភាព​សង្គម និង​បរិស្ថាន​។ NBC ជឿថា ស្ថាប័ន ក៏ដូចជា​បុគ្គល​ម្នាក់ៗ​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​ដល់​កំណើន​ប្រកបដោយ​សមធម៌ និង​ចីរភាព​តាមរយៈ​នៃ​ការកាត់បន្ថយ​ល្បឿន​នៃ​ការប្រែប្រួល​អាកាសធាតុ​យ៉ាង​ឆាប់រហ័ស និង​ហានិភ័យ​នៃ​បម្រែបម្រួល​នេះ​។

លោក​បាន​លើកឡើងថា​៖ «​យើង​លើក​ទឹកចិត្ត​យ៉ាងខ្លាំង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ឱ្យ​ដាក់ចេញ​នូវ​គោលនយោបាយ ដែល​លើកកម្ពស់​ហិរញ្ញប្បទាន​បៃតង និង​គាំទ្រ​ដល់​ការវិនិយោគ​ដែល​ផ្ដល់​ផល​វិជ្ជមាន​ដល់​បរិស្ថាន​»​។

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២១ របស់​ធនាគារជាតិ​នៃ​កម្ពុជា កម្ចី​ដែល​បានផ្ដល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដល់​គ្រប់​វិស័យ​បាន​កើនឡើង ២១,២ ​ភាគរយ​ដល់ ១៨៦,៤ ​ពាន់​ពាន់​លាន​រៀល (៤៥,៧ ​ពាន់​លាន​ដុល្លារ​)៕LA