ភ្នំពេញៈ លោក Joo-Ok Lee ប្រធាន​កម្មវិធី​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​នៃ​គណៈកម្មការប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF)​បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ក្នុងការ​ជួយ​ឱ្យ​សម្រេច​សមិទ្ធផល​អាទិភាព ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល និង​ការសម្រួល​វិនិយោគ​។

ក្នុងជំនួប​ពិភាក្សា​ជាមួយនឹង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថ្ងៃទី​ ២ ខែមីនា ឆ្នាំ​ ២០២២ លោក Joo-Ok Lee ប្រធាន​កម្មវិធី​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​នៃ​គណៈកម្មការ​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) បាន​ថ្លែងថា WEF នឹង​បន្ត​សហការ​បន្ថែមទៀត និង​ពិនិត្យ​លទ្ធភាព​គាំទ្រ​លើ​សមិទ្ធផល​អាទិភាព​ទាំងឡាយ​របស់​កម្ពុជា​ដែល​ចង់​សម្រេចបាន ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​។

លោក​មានប្រសាសន៍​បញ្ជាក់​ថា​៖ «​វេទិកា​សេដ្ឋកិច្ចពិភពលោក​មាន​បំណង​ចង់​ធ្វើជា​ដៃគូ​សហការ​ជាមួយ​អាស៊ាន ព្រោះ​អាស៊ាន​គឺជា​តំបន់​ដ៏មាន​សក្ដានុពល​មួយ​ក្នុងការ​ផ្គត់ផ្គង់​សកល និង​ត្រៀមលក្ខណៈ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នាពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ផងដែរ​»​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដោយ​លោក​បានលើកឡើង​អំពី​ការចូលរួម​យ៉ាងសកម្ម​របស់​គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រាល់​ព្រឹត្តិការណ៍​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កន្លង​មក ជាពិសេស​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​នេះ​។

លោក​បន្តថា សម្ព័ន្ធ​សកល​សម្រាប់​ការសម្របសម្រួល​ពាណិជ្ជកម្ម​ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​ពាណិជ្ជកម្ម​ជាមួយ​នឹង Swisscontact ពិតជា​មាន​សារៈសំខាន់ និង​បានលើកឡើង​អំពី​សមិទ្ធផល​អាទិភាព​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​។

លើសពីនេះ លោក​ ប៉ាន សូរស័ក្តិ ថ្លែងថា ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​កម្ពុជា ២០២១-២០៣៥ កាលពី​ខែឧសភា ឆ្នាំ​ ២០២១ កន្លងទៅ ដែល​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​បានកំណត់​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏រស់រវើក ដោយ​ដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការលើកកម្ពស់​ការទទួល​យក និង​ការផ្លាស់ប្តូរ​ឌីជីថល​នៅក្នុង​គ្រប់​វិស័យ​នៃ​សង្គម ទាំង​រដ្ឋ ពលរដ្ឋ និង​ធុរជន ដើម្បី​ជំរុញ​កំណើន សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម​ដោយ​ផ្អែកទៅលើ​គន្លង "​ធម្មតា​ថ្មី​"​។

លោក​បាន​មានប្រសាសន៍​បន្តទៀតថា​៖ «​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​ឌីជីថល​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត កម្ពុជា​បានអនុម័ត​ច្បាប់​មួយចំនួន ដូចជា​ច្បាប់ពាណិជ្ជកម្ម​អេឡិចត្រូនិក ច្បាប់​ស្ដីពី​ការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្ដីពី​ការប្រកួតប្រជែង​ជាដើម​»​។

លោក​បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​ជាពិសេស បាន​គាំទ្រ​សម្ព័ន្ធ​សកល​សម្រាប់​ការសម្របសម្រួល​ពាណិជ្ជកម្ម (Global Alliance for Trade Facilitation) និង​ការសម្ពោធ​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៃ​កញ្ចប់​ទំនិញ​ខ្នាតតូច សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ កន្លងទៅ​។

ក្នុងជំនួប​ពិភាក្សា​ជាមួយ​នឹង​លោក Joo Ok Lee នៅ​ថ្ងៃទី​ ៣ ខែមីនា នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​អាស៊ាន​បាន​ថ្លែងថា ប្រសិនបើ​គ្មាន​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩​ ជា​សកល​នោះទេ ប្រទេស​កម្ពុជា​នឹងមាន​ការរីកចម្រើន​ជាង​នេះ​ជាមួយ​នឹង​ការកាត់បន្ថយ​ភាពក្រីក្រ​កាន់តែ​ច្រើន​បន្ថែមទៀត​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ កម្ពុជា​បាន​ចាក់​ស្រោច​វ៉ាក់សាំង​កូវីដ​ ១៩ ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ក៏​បាន​បើក​ប្រទេសជាតិ​ឡើងវិញ​កាលពី​ថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ កន្លងទៅ ហើយ​អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ សេដ្ឋកិច្ចកម្ពុជា​រំពឹងថា នឹងមាន​ការកើនឡើង ប្រមាណ​ជា ៥,៦% សម្រាប់​ឆ្នាំ​ ២០២២ នេះ​។

ក្នុងនាម​ជា​ប្រធាន​អាស៊ាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ «​អ្វីដែល​សម្ដេច​ចង់បាន គឺ​អាស៊ាន​សហការគ្នា​បើក​ប្រទេស​ឡើងវិញ​ព្រម​គ្នា ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​នៅពេល​ដែល​ទាំងអស់គ្នា​រស់នៅក្នុង​បរិបទ​ថ្មី​នៃ​សម័យ​កូវីដ​ ១៩ នេះ​»​។

ជាមួយ​គ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ផ្ដល់នូវ​ទស្សនៈ​របស់​លោក​ពាក់ព័ន្ធ​ទៅនឹង​រូបមន្ត​ ១ ​បូក នោះ​គឺ​ការវិនិយោគ​មិន​ប្រមូលផ្ដុំ ដែល​មានន័យថា ការវិនិយោគ​នៅ​ប្រទេស​ ១​ ហើយ គប្បី​វិនិយោគ​នៅ​ប្រទេស​ជាប់​នោះ​ ១​ ទៀត ដើម្បី​ដោះស្រាយ​នៅពេលដែល​ប្រទេស​ ១ ​ជួប​នូវ​​វិបត្តិ ដូចជា​បញ្ហា​ជំងឺ​កូវីដ​ ១៩ រីករាលដាល​ជាដើម ប្រទេស​ ១ ​ទៀត​អាចបំពេញ​នូវ​តម្រូវការ ប្រទេស​ ១ ​ទៀត ដើម្បី​រក្សា​នូវ​ស្ថិរភាព ការ​ផ្គត់ផ្គង់​ទំនិញ ក៏ដូចជា​ការ​ទាញ​ចំណាប់អារម្មណ៍​ទៅលើ​ការវិនិយោគ លើ​វិស័យ​ឌីជីថល ដែល​កន្លងមកនេះ​វិស័យ​ឌីជីថល​មិន​ត្រឹមតែ​មិនមាន​ការប៉ះពាល់​ជាមួយនឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ទេ ផ្ទុយ​ទៅវិញ​វិស័យនេះ បាននិងកំពុង​តែ​វិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ផងដែរ​៕ LA