ភ្នំពេញៈ កម្ពុជា និង​អូម៉ង់ បាន​ឯកភាព​គ្នា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​អនុស្សរណៈ ឬ​កិច្ចព្រមព្រៀង​ផ្សេងៗ​ជាមួយ​គ្នា ទៅតាម​វិស័យ​អាទិភាព​ដែល​ប្រទេស​ទាំង​ ២ ​មាន ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នៅមាន​ចំនួន​តិចតួច​នៅឡើយ​។

នៅក្នុង​ជំនួប​ជាមួយ​លោក Saleh Mohamed Ahmed Al Suqri ឯកអគ្គរាជទូត​តែងតាំង​ថ្មី​នៃ​ប្រទេស​អូម៉ង់​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ២ ខែមីនា លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើងថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​កន្លងមក ពិសេស​ក្នុង​បេសកកម្ម​ការទូត​ដ៏មាន​អត្ថន័យ​របស់​លោក Saleh Mohamed Ahmed Al Suqri កម្ពុជា និង​អូម៉ង់ រំពឹង​នឹងមាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ ពិសេស​ផ្នែក​ពាណិជ្ជកម្ម​។

បន្ថែម​ពីលើ​នេះ​ទៅទៀត លោកស្រី​ក៏បាន​ប្រាប់​ភាគី​អូម៉ង់​ពី ​«​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣» ដែលមាន​សសរស្តម្ភ​ចំនួន​ ៣ គឺ​ការស្តារ​ឡើងវិញ ការកែទម្រង់ និង​ការកសាង​ភាព​ធន់ ព្រមទាំង​សមិទ្ធផល​ខ្ពស់​នៃ​យុទ្ធនាការចាក់​វ៉ាក់សាំង ដែល​ញ៉ាំង​ឱ្យមាន​ការបើក​សកម្មភាព​សេដ្ឋកិច្ច​សង្គម​គ្រប់​វិស័យ​ទូទាំងប្រទេស​ឡើងវិញ​កាលពី​ពេល​ថ្មីៗ​នេះ​។

លោកស្រី​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ ខ្ញុំ​សូម​លើកទឹកចិត្ត​វិនិយោគិន​អូម៉ង់ ឱ្យមក​ចាប់យក​ឱកាស​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​ផលិតកម្ម ការចូលរួម​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​តំបន់ និង​ការវិនិយោគ​លើ​ផលិតផល​សក្តានុពលរ​បស់​កម្ពុជា រួមមាន អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿង​អេឡិចត្រូនិក ទំនិញ​សម្រាប់​ការធ្វើដំណើរ និង​វាយនភណ្ឌ ជាដើម​»​។

ជាមួយ​គ្នានេះដែរ លោក Saleh Mohamed Ahmed Al Suqri ​បាន​និយាយថា ក្រៅពី​មាន​ស្ថិរភាព​នយោបាយ​ល្អ និង​ទទួលបាន​ជោគជ័យ​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ប្រទេស​កម្ពុជា​ក៏មាន​បរិយាកាស​វិនិយោគ​ល្អប្រសើរ​ផងដែរ​។

លោក​បាន​ថ្លែងបន្តថា អូម៉ង់​សូមបញ្ជាក់​ពី​ការប្តេជ្ញា​របស់ខ្លួន​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី និង​ពង្រីក​កិច្ចសហប្រតិបត្តិ​ការឱ្យ​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ កំពង់ផែ​អន្តរជាតិ និង​សភា​ពាណិជ្ជកម្ម​។

ជាងនេះ​ទៅទៀត លោក Saleh Mohamed Ahmed Al Suqri ក៏បាន​ស្នើឱ្យ​មានការ​ជំរុញ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ និង​ធុរជន តាមរយៈ​ការចូលរួម​ការតាំងពិព័រណ៍​នានា​របស់​ភាគី​ទាំង​ ២ ហើយ​បាន​ស្នើឱ្យ​ពិនិត្យ​លទ្ធភាព​បង្កើត​អនុស្សរណៈ ឬ​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៅតាម​វិស័យ​អាទិភាព​នីមួយៗ​របស់​ប្រទេស​ទាំង​ ២​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា កន្លងមក​កម្ពុជា និង​ប្រទេស​អូម៉ង់ មិនសូវ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាមួយគ្នា​ទេ ប៉ុន្តែ​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​, កម្ពុជា​-​កូរ៉េ​ (​ក្នុងពេល​ឆាប់ៗ​) និង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​តំបន់ RCEP និង​ក្លាយជា​កម្លាំងចលករ​មួយ​ដែល​នឹង​ទាក់ទាញ​ចិត្ត​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។

លោក​បាន​ថ្លែង​ពន្យល់​យ៉ាង​ដូច្នេះ​ថា តាមរយៈ​កិច្ចព្រមព្រៀង​ទាំងអស់នេះ វិនិយោគិន​អូម៉ង់​អាច​មក​បើក​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ដើម្បី​ផលិត ឬ​កែច្នៃ​ជា​ផលិតផល​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​គោលដៅ​នានា​ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ដែល​កម្ពុជា​មាន​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ ​ទោះបីជា​សកម្មភាព​នៃ​ការវិនិយោគ និង​ការដោះដូរ​ទំនិញ​រវាង​កម្ពុជា និង​អូម៉ង់ នៅមាន​កម្រិត​ទាប ប៉ុន្តែ​ខ្ញុំ​គិតថា តាមរយៈ​ការសម្រួល​លក្ខខណ្ឌ​នៃ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​ជួយ​ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​ដំណើរការ​ទៅមុខ​កាន់តែ​ល្អ​»​។

បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​អូម៉ង់ ក្នុង​ឆ្នាំ ​២០២០ និង​ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥,៥ ​លាន​ដុល្លារ​។ រីឯ​មុខទំនិញ គឺ​ភាគច្រើន​ជា​ទំនិញ​វាយនភណ្ឌ ជី និង​រ៉ែ​៕ LA