ភ្នំពេញៈ សេដ្ឋី​កសិកម្ម និង​អ្នកជំនាញ​កសិកម្ម​កម្ពុជា អំពាវនាវ​ឱ្យ​កសិករ​រៀន​ផលិត​ជី​កសិកម្ម​សរីរាង្គ​ធម្មជាតិ​ដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃដើម​កសិកម្ម និង​បង្កើន​សុវត្ថិភាព​ដំណាំ​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ ការផលិត​កម្ម​កសិកម្ម​មាន​កំណើន ដែល​ធ្វើឱ្យ​ការនាំ​ចូល​ជី និង​ថ្នាំ​កសិកម្ម​មាន​ការកើនឡើង ខណៈ​ដែល​តម្លៃ​វិញ​ក៏​កើនឡើង​ដូចគ្នា​។ និន្នាការ​នេះ បាន​បន្ត​មកដល់​ឆ្នាំ​ ២០២២ ​នេះ ដោយ​កសិករ​បានលើកឡើង​ថា ជី​កសិកម្ម ទាំង​ជីគីមី​និង​ជីសរីរាង្គ​កើនឡើង​ស្ទើរ​ទ្វេដង​។

លោក ម៉ុង ឬទ្ធី អ្នកជំនួញ​កសិកម្ម​ដ៏ល្បី និង​ជា​អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប តាមរយៈ​ផេច​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​បាន​អំពាវ​ដល់​កសិករ​ចាប់​ផ្តើម​រៀន​ផលិត​ជីសរីរាង្គ​ធម្មជាតិ​ដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​ចំណាយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់ឱ្យ​កសិករ​យើង​ងាក​មក​ផលិត​ជីសរីរាង្គ​ដោយ​ខ្លួនឯង​វិញ​ម្តង សម្រាប់​ពេលនេះ​បើ​យើង​ទិញ​ជីសរីរាង្គ​នាំចូល​តម្លៃ​ ៤២០ ​ដុល្លារ ក្នុង​ ១ ​តោន ដែល​ពីមុនមក​តម្លៃ​ជា​មធ្យម​គឺ​តែ​ ២២០​ ដុល្លារ​ក្នុង​ ១​ តោន តែបើ ខ្ញុំ​ផលិត​ជាក់ស្តែង​ដោយផ្ទាល់​វិញ​អស់​តែ​ ២៤ ​ដុល្លារ​ទេ ក្នុង​ ១ ​តោន ហើយ​ជា​មធ្យម​អាច​ផលិត​បាន​ ២៤​ តោន​ជា​រៀងរាល់ថ្ងៃ បើ​ទិញ​គេ​វិញ​អស់​ប្រមាណ​ជា​ ១ ​ម៉ឺន​ ១ ​ថ្ងៃ​»​។

លោក​ក៏​ស្នើ​ដល់​កសិករ​ និង​ចង់ឱ្យ​កសិករ ប្តូរ​ពូជ​ស្វាយកែវ​រមៀត ដែល​លក់បាន​តម្លៃ​មិន ដល់​ ១០០០​ រៀល​ផង​ក្នុង​ ១ ​គីឡូក្រាម មក​ដាំ​ពូជ​ស្វាយ​ណាំ​ដកម៉ៃ អេវិន អាយវិន និង​ប៉ោម​អូស្ត្រាលី​វិញ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ​ក្នុងប្រទេស​វិញ ដែល​បច្ចុប្បន្ន​លក់បាន​តម្លៃ​ជា​មធ្យម ១៦ ០០០ ​រៀល​ ១ ​គីឡូក្រាម ។

លោក យ៉ង សាំងកុមារ យល់ឃើញថា បញ្ហា​នេះ​នឹង​ផ្តល់​ប៉ះពាល់​ដល់​ថ្លៃដើម​ផលិត និង​ដើមទុន​របស់​កសិករ​នៅ​គ្រា​ដែល​កសិផល​ខ្លះ​គ្មាន​ទីផ្សារ​។

លោក​បាន​បន្ថែមថា នេះ​ក៏​អាច​ឱកាស​មួយ​សម្រាប់​កសិករ​ដែល​គួរតែ​ងាក​មក​រៀន​ផលិត​ជីធម្មជាតិ​ដោយ​ខ្លួនឯង ដើម្បី​ការបន្ថយ​ការចំណាយ និង​ធ្វើឱ្យ​ដំណាំ​មាន​សុវត្ថិភាព​ក្នុង​ការបរិភោគ​ផងដែរ​។

លោក​បាន​បញ្ជាក់ទៀតថា​៖ «​ពេល​ជី​កសិកម្ម​ឡើងថ្លៃ​បែបនេះ​អាច​ជា​ឱកាស​មួយ​ឱ្យ​កសិករ​រៀន​សន្សំ តាមរយៈ​ការចេះ​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​ខ្លួន​មាន រួម​ជា​លាមក​សត្វ ស្លឹកឈើ ដីល្បាប់​ ឬ​ដីមមោក​ជាដើម​ ដើម្បី​បង្កើតជា​ជីធម្មជាតិ​ទុក​ប្រើប្រាស់​សម្រាប់​ដំណាំ​របស់ខ្លួន​»​។

លោក គ្រី ម៉េងឈាង កសិករ​ដាំដុះ​បន្លែ​មើម​ដូចជា ការ៉ុត ដំឡូងបារាំង និង​ស្ពៃបូកគោ នៅ​ខេត្តមណ្ឌលគិរី​បាន​ត្អូញត្អែរ​​ពី​ការឡើងថ្លៃ​ជី​កសិកម្ម និង​ប្រេងឥន្ធនៈ ខណៈ​ដំណាំ​ដែល​ដាំដុះ​បាន​ហើយ បែរ​ជា​គ្មាន​ទីផ្សារ​ថែមទៀត​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ទាំង​ជីគីមី និង​ជីសរីរាង្គ​សុទ្ធតែ​ឡើងថ្លៃ​ដូចគ្នា ដែល​ធ្វើឱ្យ​អ្នក​ដាំដុះ​បន្លែ​នៅ​មណ្ឌលគិរី​ស្ទើរ​ខាតចុង​ខាតដើម នាំឱ្យ​ការចំណាយ​ថ្លៃដើម​ផលិត​កើនឡើង​ទ្វេដង ប៉ុន្តែ​កសិផល​គ្មាន​ទីផ្សារ​ទៅវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការផលិត​ជីសរីរាង្គ​ខ្លួនឯង សម្រាប់​អ្នក​ដាំ​ដំណាំ​ទំហំ​ដី​តូច​ល្មម តែ​សម្រាប់​ដី​ធំៗ​យើង​ចំណាយ​ពេល និង​វត្ថុធាតុដើម​ច្រើន និង​កង្វះ​បច្ចេកទេស​ផងដែរ ដូចនេះ​មិនទាន់​សភាពការណ៍​ក្នុង​ការដាំដុះ​»​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២១ ការនាំ​ចូល​ជី​កសិកម្ម​មាន​ចំនួន ៨៥៨ ៦៣២ ​តោន និង​ថ្នាំ​កសិកម្ម​ចំនួន ៤៧ ៤០៩ តោន ខណៈ​ក្នុង​ឆ្នាំ​ ២០២១ ការនាំ​ចូល​ជី​កសិកម្ម​ចំនួន ១ ៤០៦ ៧៧៥​ តោន និង ថ្នាំ​កសិកម្ម​ចំនួន ១០៣ ០០៥ ​តោន​៕ LA

វីដេអូ៖