The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​មាន​ផលប៉ះពាល់​តិចតួច​បំផុត​ពី​វិបត្តិ​នៅ​អ៊ុយក្រែន

ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​មាន​ផលប៉ះពាល់​តិចតួច​បំផុត​ពី​វិបត្តិ​នៅ​អ៊ុយក្រែន

Content image - Phnom Penh Post
ទោះបី​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន សុទ្ធតែជា​ប្រទេស​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ក៏​ជម្លោះ​ប្រដាប់អាវុធ​ដែល​កំពុង​កើតមាន​រវាង​ប្រទេស​ទាំង ២ នេះ​នឹង​មិនមាន​ផលប៉ះពាល់​អ្វី​គួរឱ្យ​កត់សម្គាល់​ដល់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ឡើយ​។ ហេង ជីវ័ន

ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​មាន​ផលប៉ះពាល់​តិចតួច​បំផុត​ពី​វិបត្តិ​នៅ​អ៊ុយក្រែន

ភ្នំពេញៈ ទោះបី​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន សុទ្ធតែជា​ប្រទេស​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ក៏​ជម្លោះ​ប្រដាប់អាវុធ​ដែល​កំពុង​កើតមាន​រវាង​ប្រទេស​ទាំង ២ នេះ​នឹង​មិនមាន​ផលប៉ះពាល់​អ្វី​គួរឱ្យ​កត់សម្គាល់​ដល់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ឡើយ​។ នេះ​បើ​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)​។

យោងតាម​ការផ្សព្វផ្សាយ​របស់ CRF ក្នុង​រយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ គឺ​ពី​ឆ្នាំ​ ២០១៧ -២០២១ ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​រុស្ស៊ី​ចំនួន ១៧ ៥១២​តោន​។ ក្នុងនោះ​សម្រាប់​ឆ្នាំ​ ២០២១ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​រុស្ស៊ី​មាន​បរិមាណ ២ ២២៣ ​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១ ៩៦៣ ៦៤០ ​ដុល្លារ​។ ចំណែក​ក្នុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​ ២០២២ បរិមាណ​អង្ករ​នាំ​ចេញ​ទៅ​ប្រទេស​រុស្ស៊ី មាន​ចំនួន ២០០​ តោន ដែល​ស្មើនឹង​ទឹកប្រាក់ ២០០ ៦៤០ ​ដុល្លារ​។

CRF ឱ្យ​ដឹងទៀតថា សម្រាប់​ការនាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ពី​ឆ្នាំ​២០១៧-២០២១ គឺមាន​បរិមាណ​ត្រឹមតែ ៥៧២ ​តោន​ប៉ុណ្ណោះ​។

អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង បាន​និយាយ​ថា ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​នឹងមិន​មានការ​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទេ ព្រោះ​ការទទួល​ទិញ​របស់​ប្រទេស​ទាំង ២ គឺមាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ​។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក សុង សារ៉ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ខិតខំ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ដោយ​ផ្តោតលើ​ទីផ្សារ​អាស៊ី​គឺ​ប្រទេស​ចិន (​ហុងកុង និង​ម៉ាកាវ​) ដែលជា​ទីផ្សារ​ធំជាងគេ ព្រមទាំង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។

បើតាម​លោក សារ៉ន ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដោយហេតុ កង្វះ​កុងតឺន័រ និង​ការកើនឡើង​នាំ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ក្នុង​រយៈពេល​ប្រហែល​ជាង ២ ឆ្នាំ​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ កម្ពុជា​មាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ១០៣ ០៥៨ ​តោន កើនឡើង ២៦ ៨៣៦ ​តោន ឬ​ស្មើនឹង ៣៥,២១ ​ភាគរយ បើ​ធៀប​នឹង​បរិមាណ​នាំចេញ​រយៈពេល​ ២ ​ខែ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៧៦ ២២២ ​តោន​។

ក្នុងនោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប (២០ ​ប្រទេស​) មាន​បរិមាណ​សរុប ២៦ ៥០៧ ​តោន កើនឡើង ៣៩,៥៤ ​ភាគរយ​, នាំទៅ​ទិសដៅ​ប្រទេស​ចិន មាន​បរិមាណ​សរុប ៥៦ ៣៨៥ ​តោន កើនឡើង ៤៩,៨៤ ​ភាគរយ​, តំបន់​អាស៊ាន​ (៣ ​ប្រទេស​) មាន​បរិមាណ ៩ ៣៧០ ​តោន កើនឡើង ៥០,៤៣ ​ភាគរយ និង​ទិសដៅ​ដទៃទៀត​ (១៦ ​ប្រទេស​) មាន​បរិមាណ ១០ ៧៩៦ ​តោន ថយចុះ ១៩,២៣ ​ភាគរយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍