ភ្នំពេញោៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្រា្តលី ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ៣២៤ លានដុលា្លរ​កើនទ្បើង ៥២% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ទោះបីជា​មានការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩​ក៏ដោយ​។

ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​អូស្ត្រាលី​មាន​ចំនួន​ទឹកប្រាក់​សរុប​ជាង ២០៥ លាន​ដុល្លារ កើនឡើង​ជិត​ ៥៤​ ភាគរយ ខណៈ​ដែល​ការនាំ​ចូល​ពី​អូស្រា្តលី​វិញ​មាន​ទំហំ​ទឹកប្រាក់​ជាង ១១៩​ លាន​ដុល្លារ កើនឡើង​ជិត​ ៥០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​ ២០២០​។

ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត នៅក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​អនុលេខាធិការ​ទទួលបន្ទុក​អាស៊ីអាគ្នេយ៍ និង​ក្រុម​ដៃគូ​សកល​នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ប្តេជ្ញា​បន្ត​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយគ្នា​បន្តទៀត ជាពិសេស​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​ទើបនឹង​ចូល​ជា​ធរមាន​កាលពីដើមឆ្នាំ​នេះ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​-​អូស្ត្រាលី-​នូវែល​សេឡង់ (AANZFTA) ដែល​កម្ពុជា និង​អូស្ដ្រាលី​ជា​សមាជិក​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅតែមាន​ការកើនឡើង ទោះបីជា​ស្ថិតក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូវីដ​ ១៩ ក៏ដោយ ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ​២០២១​ បាន​កើន​ ៥២% ខណៈ ដែល​ចំណង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី​បាន​បង្កើតឡើង​អស់​រយៈពេល ៧០ ​ឆ្នាំ​។

លោកស្រី ខេទ្រីណា ឃូពឺ អនុរដ្ឋលេខាធិការ​ទទួលបន្ទុក​អាស៊ីអាគ្នេយ៍​នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​សាទរ​ចំពោះ​ការរីកចម្រើន​ពាណិជ្ជកម្ម​ទ្វេភាគី ដោយបាន​ប្តេជ្ញា​បន្ត​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា និង​អូស្ត្រាលី​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តាំងពី​យូរ​មកហើយ ទាំង​ជាមួយ​រដ្ឋ និង​វិស័យ​ឯកជន ដោយ​ប្រទេស​នេះ ជា​ដៃគូ​ដ៏ល្អ​របស់​កម្ពុជា​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​បន្ថែមទៀត​។

លោក​រំពឹងថា ក្រៅពី​កិច្ចព្រមព្រៀង RCEP កម្ពុជា​អាច​នឹងមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា​នាពេល​ខាងមុខ ខណៈ​ដែល​បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម​កំពុង​ខិតខំ​ប្រឹង​ពិភាក្សា​ជាមួយ​ភាគី​អូស្ត្រាលី ដើម្បីឱ្យ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាមួយគ្នា​កាន់តែ​ងាយស្រួល​។

លោក​បន្ថែមថា កន្លងទៅ រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-​អូស្ត្រាលី ហៅ​កាត់​ថា CAVAC (Cambodia-Australia Agriculture Value Chain Program) បាន​ឧបត្ថម្ភ​លើ​ការសិក្សា​ស្រាវជ្រាវ​លើ​សក្តានុពល​ផលិតផល​កសិកម្ម​កម្ពុជា ដើម្បី​ជំរុញ​ការនាំចេញ​ផ្នែក​វិស័យ​កសិកម្ម បន្ទាប់​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​។

បើតាម​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​រូបនេះ កន្លង​ទៅខាង​អូស្ត្រាលី​ធ្លាប់បាន​ពិភាក្សា​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា និង​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច ក្នុង​ការបង្កើត​សួន​ឧស្សាហកម្ម​មួយ ដើម្បី​ទាក់ទាញ​វិនិយោគិន​មកពី​អូស្ត្រាលី អាច​វិនិយោគ​លើ​វិស័យ​កម្មន្តសាល វិស័យ​កាត់ដេរ និង​កសិកម្ម​ជាដើម​។

កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ហៅ​កាត់​ថា CAVAC ដោយ​ក្នុង​នោះបាន​បង្ហាញថា ផលិតផល​កសិកម្ម​របស់​កម្ពុជា​ចំនួន​ ៩​ មុខ រួមមាន ស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែប័រ ល្ង ស្ករត្នោត និង​ចេកក្រៀម មានតម្លៃ​ខ្ពស់ និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​អូស្ត្រាលី នូវែលសេឡង់ អឺរ៉ុប ចិន អាស៊ាន​៕LA