ភ្នំពេញៈ «​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​» ដែល​ត្រូវបាន​រំពឹងថា​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​បរិយាប័ន្ន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​សុក្រ ទី​ ៤ ខែមីនា ឆ្នាំ ​២០២២ នេះ​។

«​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​» ត្រូវបាន​រៀបចំ​ចងក្រង​ឡើង​ដោយ​ផ្ចិតផ្ចង់​ក្រោម​កិច្ចសហការ​គ្នា​រវាង​ស្ថាប័ន​ចំនួន ៣ រួមមាន សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា​។

លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​លើកឡើងថា ការដាក់ឱ្យ​ប្រើប្រាស់​នូវ «​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​» នេះ​គឺ​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦-២០២៥ និង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ ឆ្នាំ​ ២០១៩-២០២៥ ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​សិទ្ធិ និង​ការបង្កើន​កិច្ចការពារ​អតិថិជន ព្រមទាំង​បង្កើន​តម្លាភាព​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយាបន្ន​។ ការបង្កើត​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺជា​ការរួមចំណែក​ធ្វើឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ បរិយាបន្ន ដោយ​ផ្ដោតលើ​តម្រូវការ​អ្នកប្រើប្រាស់ និង​ទំនុកចិត្ត ការកំណត់​បទដ្ឋាន សីលធម៌​នៃ​ការប្រកប​វិជ្ជាជីវៈ​ដោយ​ទំនួល​ខុសត្រូវ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ នេះ​ក៏​នឹង​រួមចំណែក​ទប់ស្កាត់​បំណុល​លើសលប់ និង​ការពារ​អតិថិជន​ដែល​ងាយ​រងគ្រោះ​ផងដែរ​។ ក្រម​នេះ​ក៏​នឹង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​មាន​ស្ថិរភាព ប្រសិទ្ធភាព និង​ពិពិធកម្ម​ទីផ្សារ (Market Diversification) ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាបន្ន ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស គាំទ្រ​ដល់​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជន និង​កាត់បន្ថយ​ភាពក្រីក្រ​»​។

ចំណែក លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយ​ថា ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ​បាន​បង្កើតឡើង​នៅក្នុង​ថេរវេលា​មួយ​សមស្រប ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា តាមរយៈ​ការបង្កើន​នូវ​ការអនុវត្ត​ប្រកប​ទៅដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុង​ការបម្រើ និង​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ប្រកបដោយ​ការការពារ​។

លោក​បាន​បន្ថែមថា វា​មិនមែន​ជា​ការ​ចៃដន្យ​ឡើយ​ក្នុង​ការ​បង្កើត​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​នេះ ព្រោះ​ការបង្កើត​ក្រម​នេះ​ឡើង​ដោយមាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ និង​ដោយមាន​ការគិតគូរ​ប្រុងប្រៀប​ទុកជាមុន និង​សមស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ ឆ្នាំ​ ២០១៩-២០២៥​។

លោក​អះអាង​ថា​៖ «​សមិទ្ធផល​ដ៏ថ្លៃថ្លា​ដែល​កើតមានឡើង​នៅថ្ងៃនេះ គឺ​ដោយសារ​មាន​ការសហការ និង​ការគាំទ្រ​ទាំង​ធនធាន​ថវិកា ធនធាន​បច្ចេកទេស​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នានា ជាពិសេស​ការសហការ គាំទ្រ ណែនាំ និង​ការផ្តល់​អនុសាសន៍​ពី​សំណាក់​ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​ការគាំទ្រ​ដោយផ្ទាល់​ពី​អតិថិជន និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​»​។

បន្ថែម​ពីលើ​នេះ លោក ប៉ិល រ៉េម៉ីស៊ីសុផន ប្រធាន​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា​បាន​និយាយថា វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងមាន​ការរីកលូតលាស់​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​វា​ក៏​បាននិង​កំពុង​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​សហគ្រាស​គ្រប់​ប្រភេទ​សម្រាប់​កំណើន​ផងដែរ​។ ក្រម​ប្រតិបត្តិ​នេះ គឺជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​នឹង​មិនមែនជា​លើក​ចុងក្រោយ​នោះទេ​។

អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោក រ័ត្ន សុវណ្ណនរៈ បាន​ថ្លែង​អបអរសាទរ​ចំពោះ​ការបង្កើត និង​ដាក់ឱ្យ​អនុវត្ត​នូវ​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ ដែល​ក្រម​នេះ​ជួយ​ធ្វើឱ្យ​ការផ្តល់​កម្ចី​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ប្រកប​ដោយ​ការទទួល​ខុសត្រូវ​មាន​វិជ្ជាជីវៈ និង​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។ លោក​បន្តថា នេះ​ជា​សក្ខីកម្ម​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ការចូលរួម​អនុវត្តតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៦-២០២៥ និង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ​ ២០១៩-២០២៥ ដើម្បី​ចូលរួម​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​។

លោក​លើកឡើង​ទៀតថា ការរៀបចំ​ក្រម​ប្រតិបត្តិ​នេះ​បង្ហាញថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​បទប្បញ្ញត្តិ និង​គោលការណ៍​ផ្ទាល់ខ្លួន​សម្រាប់​អនុវត្ត​បន្ថែម​លើ​បទប្បញ្ញត្តិ​នានា​ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​ឆ្លុះបញ្ចាំង​ពី​សុច្ចឆន្ទៈ​នៃ​ការចូលរួម និង​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​សមាគម​ទាំង ៣ ក៏ដូចជា​សមាជិក​ទាំងអស់​ចំពោះ​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ជាពិសេស​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​ប្រកបដោយ​តម្លាភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់​។

លោក​ថ្លែងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​ជឿជាក់​ថា ក្រម​ប្រតិបត្តិ​នេះ​នឹង​ក្លាយជា​គោលការណ៍​រួម​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុង​ការបង្កើត​នូវ​តម្លាភាព​នៃ​ការផ្តល់សេវា និង​កិច្ចការពារ​អតិថិជន ដែល​នឹង​កសាង ទំនាក់ទំនង​ល្អ ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​ស្មោះត្រង់ ដើម្បីឱ្យ​ប្រព័ន្ធ​ធនាគារ​រីកចម្រើន​ប្រកបដោយ​បរិយាប័ន្ន​»​។

លោក​បន្ថែមថា ក្រម​ប្រតិបត្តិ​នេះ គឺ​ប្រៀបប្រដូច​ទៅនឹង​ការកំណត់​ស្តង់ដា​រួម​អប្បរមា​មួយ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​អនុវត្ត​ឱ្យមាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ផងដែរ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​តម្លាភាព និង​ការទទួល​ខុសត្រូវ​។

យោងតាម​លោក ចាន់នី ក្រម​នេះ​នឹងត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើងវិញ​ជាប្រចាំ​ ដើម្បី​តាមដាន​ពី​ការរីកចម្រើន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឬ​នៅពេល​មាន​ការផ្លាស់ប្តូរ​ឯកសារ​នានា ឬ​ត្រូវបាន​តម្រូវ​ដោយ​ច្បាប់​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ ដើម្បី​ធានា​នូវ​អនុលោម​តាម​ក្របខ័ណ្ឌ​ច្បាប់ និង​បទប្បញ្ញតិ្ត​ជាធរមាន​ដែល​ពាក់ព័ន្ធ​។ ក្រម​នេះ​នឹងត្រូវ​ដាក់​ឱ្យ​អនុវត្ត​ជា​ស្វ័យបញ្ញត្តិ (Self-Regulation) ដើម្បីឱ្យ​សមាជិក​អនុវត្ត​ក្រម​នេះ​ក្នុង​កម្រិតស្តង់ដា​អប្បបរមា​នៃ​ក្រម​នេះ​។ សមាជិក​ទាំងអស់​មាន​ពេលវេលា​ពេញ​មួយឆ្នាំ​ ២០២២ ​នេះ ក្នុង​ការកែសម្រួល​ក្រម​ប្រតិបត្តិ​ផ្ទៃក្នុង​របស់​គ្រឹះស្ថាន ឬ​លើក​ជា​យោបល់​បន្ថែម​លើ​ការអនុលោម​តាម​ក្រម​នេះ​៕