ព្រះសីហនុៈ អភិបាល​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឱ្យ​ឥណ្ឌា​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​អ្នក​ទេសចរ និង​អ្នក​វិនិយោគ​របស់​ខ្លួន​ធ្វើ​ដំណើរ​មកប្រទេស​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ឱ្យ​បាន​កាន់​តែ​ច្រើន ខណៈ​ខេត្ត​មួយ​នេះ ត្រូវ​រដ្ឋាភិបាល​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​តារារះ​នាទិសនិរតី។

សំណើនេះ​ត្រូវ​បាន លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២២។

លោក គួច ចំរើន បាន​ថ្លែង​ថា ខេត្ត​ព្រះសីហនុ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​តារា​រះនាទិសនិរតី ដោយ​ប្រើប្រាស់​សក្តានុពល​ពី​ធម្មជាតិ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ។ ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ដែល​មាន​ដូចជា កំពង់ផែ​សមុទ្រ​ទឹកជ្រៅ និង​មាន​អាកាសយានដ្ឋាន​កម្រិត​អន្តរជាតិ ដែល​ត្រូវ​បាន​ពង្រីក​ផ្លូវ​រត់​ប្រវែង ៣ ៣០០​ម៉ែត្រ​ផងដែរ។

លោកបន្ថែមថា ខេត្ត​ព្រះសីហនុ​ក៏​មាន​ផ្លូវ​ល្បឿនលឿន​ដំបូង​គេ​នៅ​កម្ពុជា​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ មក​កាន់​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹងបើក​ឱ្យ​ដំណើរការ​នៅ​ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ផងដែរ។ ក្រៅពី​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងអស់​នេះ ខេត្ត​ព្រះសីហនុ​ក៏​ជា​តំបន់​ទេសចរណ៍ដ៏ទាក់​ទាញ ដោយ​មាន កោះចំនួន ៣២ ឆ្នេរ​ខ្សាច់​ប្រវែង ១៧៥​គីឡូម៉ែត្រ និង​មាន​ព្រៃ​កោងកាង​តាម​បណ្តោយ​ឆ្នេរ​ទៀត​ផង។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ស្នើឱ្យ​លោកស្រី​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​អ្នក​ទេសចរ និង​អ្នក​វិនិយោគ​ឥណ្ឌា​ មក​កាន់​កម្ពុជា ពិសេស​មក​កាន់ខេត្ត​ព្រះសីហនុ​ឱ្យ​បាន​កាន់តែ​ច្រើន»។

ជា​ការ​ឆ្លើយតប លោកស្រី Devyani Utta Khobragade ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​បង្ហាញ​ពី​សក្តានុពល និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ដល់​ក្រុម​ការងារ​របស់​លោកស្រី។

លោកស្រី Devyani Utta Khobragade ក៏​បាន​លើកឡើង​ពី​គោល​បំណង​ចង់​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា ជាពិសេស​ មក​កាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ជំរុញ​អ្នក​ទេសចរ និង​វិនិយោគ​ឥណ្ឌា​ មក​កាន់​ខេត្ត​ព្រះសីហនុ។ លោកស្រី​ក៏​បាន​លើក​ឡើង​ពីកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង ឥណ្ឌា-កម្ពុជា ដែល​កំពុង​មាន​នា​ពេល​នេះ លើ​វិស័យ​មួយ​ចំនួន​ដូចជា ការ​ដឹក​ជញ្ជូន​ទំនិញ, ឱសថ និងការថែទាំ​សុខភាព ការ​សិក្សា និង​បច្ចេក​វិទ្យា​ជាដើម។

ទន្ទឹមនោះ​លោកស្រី Devyani Utta Khobragade ក៏​បាន​លើក​ឡើង​ពី​ការ​ពិភាក្សា​ដើម្បី​រៀប​ចំ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ទីក្រុង​បងប្អូន(Sister City) រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេស​ឥណ្ឌា​ផងដែរ។

ជាចុងក្រោយ លោក គួច ចំរើន បាន​សំណូមពរ​ដល់​ភាគី​ឥណ្ឌា ជួយ​ជំរុញ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ឥណ្ឌា ឱ្យ​មក​បណ្តាក់​ទុន​វិនិយោគដោយ​បង្កើត​រោងចក្រ​ផលិត​ឱសថ​ព្យាបាល​ជំងឺ​កូវីដ នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ៕