ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក Lucky បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​នូវ​សេវាកម្ម​វាយ​តម្លៃ​អចលនទ្រព្យ​តាម​ប្រព័ន្ធ​អនឡាញ​ដ៏ទំនើប​ដែល​ក្រុមហ៊ុន​ទើប​តែ​អភិវឌ្ឍន៍​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ។

នាយកប្រតិបត្តិ​ផ្នែក​វាយ​តម្លៃ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Lucky លោក នាក់ សុផាត បាន​និយាយ​ថា ជាទូទៅ​កាល​ពី​ដំបូង ការ​ធ្វើ​របាយការណ៍​វាយ​តម្លៃ​អចលនទ្រព្យ គឺ​គេ​តែង​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ដៃ ប៉ុន្តែ​ដោយ​ឆ្លងកាត់​ការ​ខិតខំ​ស្រាវជ្រាវ​អភិវឌ្ឍ​អស់​រយៈពេល​ជិត ៣ ឆ្នាំ​មកនេះ និង​ដោយ​មាន​ការ​សហការ​ជាមួយ​ដៃគូ​បរទេស​ផង​នោះ ទើប​ក្រមហ៊ុន​អាច​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ល្អ​នេះ គឺ​អាច​ធ្វើ​របាយការណ៍សង្ខេប​តាម​រយៈប្រព័ន្ធ​អនឡាញ​បាន។

លោក​បាន​បន្ថែម​ថា៖ «សាធារណជន​ទូទៅ ព្រម​ទាំង​ធនាគារ​ទាំងអស់ អាច​ចូល​ទៅ​ប្រើ​សេវា​វាយ​តម្លៃ​តាម​រយៈអនឡាញ​នេះ​ដោយ​ខ្លួនឯង ដោយ​គ្រាន់​តែ​បង្កើត​នូវ​គណនេយ្យ​ផ្ទាល់​ខ្លួន​មួយ​ជាមួយ​ក្រុមហ៊ុន រួច​បញ្ចូល​ទិន្នន័យ​អចលន​ទ្រព្យ​ទៅ​តាម​ទម្រង់​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ជូននោះ និង​ទទួល​បាន​នូវ​តម្លៃ​ទីផ្សារ​របស់​អចលនទ្រព្យ​នោះ​ភ្លាម​តែម្តង»។

យោង​តាម​លោក សុផាត ជាទូទៅ ការ​វាយ​តម្លៃ​អចលនទ្រព្យ​ធម្មតា​មួយ គេ​ត្រូវ​ការ​ពេល ២-៣ថ្ងៃ ទើប​អាច​ចេញ​របាយការណ៍​បាន ប៉ុន្តែការ​វាយ​តម្លៃ​តាម​អនឡាញ​នេះ គឺ​មាន​ល្បឿន​លឿន​ដែល​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​នឹង​ទទួល​បាន​ក្នុង​រយៈពេល​ត្រឹម​តែ ១​ថ្ងៃ​ប៉ុណ្ណោះ។

លោក សុផាត បាន​ប្រាប់​ទៀត​ថា ចំពោះ​វិសាលភាព​នៃ​ការងារ ​គឺ​អាច​វាយ​តម្លៃ​បាន​គ្រប់​ទី​កន្លែង​ទាំងអស់ គឺ​ទាំង ២៥ រាជធានី-ខេត្ត។

នាយក​ប្រតិបត្តិ​រូបនេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា៖ «នេះ​ជា​មោទនភាព​មួយ​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ Lucky ដែល​បាន​រៀប​ចំ​ឱ្យ​មានប្រព័ន្ធ​នេះ។ បច្ចុប្បន្ន​មាន​ធនាគារ​មួយ​ចំនួន​កំពុង​តែ​ប្រើ​សេវា​នេះ​ហើយ ខណៈ​ធនាគារ​មួយ​ចំនួន​ទៀត​កំពុង​តែ​សាកល្បង​ប្រើ​ផងដែរ»៕