ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​រំពឹង​ថា នឹង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​កាន់​តែ​ទូលំទូលាយ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) ថាជាគោលដៅ​ទេសចរណ៍​សុវត្ថិភាព ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ទេសចរណ៍​ចាក់វ៉ាក់សាំងយ៉ាង​មាន​ប្រសិទ្ធភាព។

វេទិកាសេដ្ឋកិច្ច​ពិភពលោក (WEF) គ្រោង​នឹង​ប្រារព្ធ​ឡើង​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ នៅទីក្រុង Davos Town ប្រទេសស្វ៊ីស ដែលក្នុង​វេទិកា​នេះ​នឹង​មាន​ការ​ពិភាក្សា​បង្ហាញ​បទពិសោធន៍​ល្អៗ​អំពី​តំបន់​អាស៊ាន​ផងដែរ។ ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យចូលរួម​ក្នុង​វេទិកា​នេះ ដើម្បី​បង្ហាញ​ពី​គោលដៅ​ទេសចរណ៍​របស់​ខ្លួន។

នៅក្នុងអំឡុង​ជំនួប​ពិភាក្សា​ជាមួយ លោក Lee Joo-Ok ប្រធាន​កម្មវិធី​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​ជា​សមាជិក​នៃ​គណៈកម្មការ​ប្រតិបត្តិ​វេទិកាសេដ្ឋកិច្ច​ពិភពលោក (WEF) កាល​ពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ លោក ប៉ាក់ សុខុម រដ្ឋ​លេខាធិការក្រសួង​ទេសចរណ៍ បាន​លើកឡើង​ពី​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ដែល​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការបើក​សកម្មភាព​សេដ្ឋកិច្ច និង​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ។

លោកអះអាងថា កម្ពុជា​សព្វថ្ងៃ ត្រូវ​បាន​វាយ​តម្លៃ​ថា​​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព។

បន្ថែមពីលើនេះ លោក​ក៏​បាន​បង្ហាញ​អំពី​ចក្ខុវិស័យ ក៏​ដូចជា​ការ​រៀបចំ​ការ​ស្ដារ និង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ឡើងវិញ តាម​រយៈការអនុវត្ត​ដោយ​យក​ចិត្ត​ទុកដាក់​លើ​ផែនទី​ចង្អុល​ទិស​ស្ដីពី​ការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ១៩ ក៏​ដូចជាស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ទេសចរណ៍​ចាក់​វ៉ាក់សាំង ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​រួច​ហើយ​នោះ។

ជាការឆ្លើយតប លោក Lee Joo-Ok បាន​អបអរសាទរ និង​កោតសរសើរ​ដល់​ការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០២២ ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​កន្លងមក។

លោក Lee Joo-Ok ក៏បាន​សន្យាថា នឹង​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​ពេល​រៀបចំ​ព្រឹត្តិការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភពលោកនា​ពេល​ខាងមុខ​ផងដែរ៕