ភ្នំពេញៈ ការនាំចេញ​ផលិតផល វាយនភណ្ឌ​កាត់ដេរ​នៅក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ១១,៣ ​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជាង ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) បាន​បង្ហាញថា ក្នុង​រយៈពេល​ ១២ ​ខែ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ការនាំចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន​ជាង ១១ ៣៨៩ លាន​ដុល្លារ​អាមេរិក​កើនឡើង​ប្រមាណ ១ ៥០៥ ​លាន​ដុល្លារ​អាមេរិក ស្មើនឹង ១៥,២ ​ភាគរយ ក្នុងនោះ​សម្លៀកបំពាក់​មាន​ចំនួន​ ៨ ០១៧ ​លាន​ដុល្លារ ស្បែកជើង ១ ៣៩០ ​លាន​ដុល្លារ និង​ផលិតផល​ធ្វើដំណើរ ១ ៤៩០ ​លាន​ដុល្លារ ក្រៅពីនេះ​គឺ​ផលិតផល​វាយនភណ្ឌ​ផ្សេងៗ​ទៀត​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សមាគម​បាន​កត់សម្គាល់​ឃើញ​ថា ថ្វីដ្បិតតែ​កំណើន​នៃ​ការនាំចេញ​មាន​ជា​វិជ្ជមាន​មែន ប៉ុន្តែ​កម្រិត​នៃ​ប្រាក់ចំណេញ​របស់​វិស័យនេះ មិន​ប្រាកដ​ថា​ល្អប្រសើរ​ដូច​ពេល​កន្លងទៅ​នោះ​ទេ​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​យើង​ដឹង​ហើយ​ថា ពេលនេះ​យើង​មាន​​ការចំណាយ​ច្រើនណាស់​ទៅលើ​វិធានការ​ការពារ​ជំងឺ​កូវីដ ​១៩ រួមផ្សំ​ទាំង​ការកើនឡើង​នៃ​តម្លៃ​ឡូជីស្ទិក ជាពិសេស​ការដឹកជញ្ជូន​តាម​កប៉ាល់ ដូចនេះ​ពេលខ្លះ​កើន​ខ្លាំង​មែន តែ​មិន​ចំណេញ​»​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ កាលពី​ថ្ងៃ​ទី​ ៣ ខែមីនា ជាមួយ​រដ្ឋមន្ត្រី ក្រសួង​ការងារ លោក គង់ សាង ប្រធាន​ GMAC បាន​មានប្រសាសន៍ ឱ្យដឹងថា ក្រសួង​ការងារ នៅតែ​ជា​ក្រសួង​ដែល​ពាក់ព័ន្ធ​សំខាន់​ទី​ ១ សម្រាប់​វិស័យ​របស់​វាយនភណ្ឌ​កាត់ដេរ ដែលជា​វិស័យ​អតិពលកម្ម ដោយ​បច្ចុប្បន្ន​សមាគម GMAC មាន សមាជិក​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ៤៦២ ផលិត​ស្បែកជើង​ចំនួន ​១៣ និង​ផលិតផល​ធ្វើដំណើរ​ចំនួន​ ៩២​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​វិស័យ​ការងារ​មាន​ភាពច្របូកច្របល់​ហើយ​នោះ វិស័យនេះ​នឹងមិន​មាន​និរន្តរភាព និង​កំណើន​បាន​ឡើយ ទោះបីជា​ផ្នែក​ផ្សេងទៀត​ល្អ​យ៉ាងណា​ក៏ដោយ​។ ក្នុងន័យនេះ ការសម្របសម្រួល​បង្កើត​បាន​នូវ​បរិយាកាស​ទំនាក់ទំនង​វិជ្ជាជីវៈ​មួយ​ដែល​ល្អប្រសើរ និង​​មាន​ភាពចាស់ទុំ នាំមក​នូវ​ស្ថិរភាព​ផលិតកម្ម​»​។

លោក​បាន​បន្ថែមថា គោលនយោបាយ​ចាក់​វ៉ាក់សាំង​ដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល រួម​នឹង​ការជួយ​ជ្រោមជ្រែង​ពី​សំណាក់​ក្រសួង​ការងារ​បាន​ធានា​ដល់​ស្ថិរភាព​ផលិតកម្ម និង​កំណើន​នៃ​ការនាំចេញ​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើងថា ចំពោះ​វិធានការ​អន្តរាគមន៍​នានា​របស់​រាជរដ្ឋាភិបាល​ជាមួយ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​ជំងឺ​កូវីដ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដែល​ក្នុងនោះ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព ដោយ​តម្រូវឱ្យមាន នូវ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ឆ្នាំ​ ២០២១-២០២៤ ដែល​ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹង​ធានាបាន​នូវ​និរន្តរភាព​រយៈពេល​យូរ បន្ត​រីកចម្រើន​ទៅមុខ ហើយ​ក៏​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។

លោក​បាន​ប្រសាសន៍​បញ្ជាក់ថា​៖ «​សមាគម​មួយ​នេះ​បាន​ដំណើរការ ២៥ ​ឆ្នាំ​កន្លងមកហើយ បាន​ដើរតួនាទី​ជា​តំណាង​សំឡេង​រួម​តែមួយ​របស់​វិនិយោគិន​ក្នុង​វិស័យ​កាត់ដេរ ការពារ និង​លើកកម្ពស់​សិទ្ធិ និង​ប្រយោជន៍​ស្របច្បាប់​របស់​វិនិយោគិន​ទាំងអស់​ក្នុង​វិស័យនេះ និង​បាន​បង្កើត​នូវ​វេទិកា​សម្រាប់​ការប្រឹក្សា​យោបល់ និង​កិច្ចសន្ទនា​សង្គម​នានា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​ជាច្រើន​ដែលមាន​ផលប៉ះពាល់​ជា​សក្តានុពល​ដល់​បរិយាកាស​វិនិយោគ​ទូទៅ សំដៅ​បង្កើត​នូវ​ស្ថានភាព​មួយ​ដែល​អំណោយផល​ដល់​កំណើន​នៃ​ការនាំចេញ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

បើតាម​រយៈ​កិច្ចពិភាក្សា​រវាង​ភាគី​ទាំង​ ២ បាន​បង្ហាញថា នៅក្នុង​បរិបទ​កំណើន​នៃ​ការបញ្ជាទិញ​គឺ​កើនឡើង​ខ្ពស់ បណ្តាល​ឱ្យ​ខ្វះខាត​នូវ​កម្លាំង​ពលកម្ម ដូចនេះ​ក្រសួង​ការងារ​បាន​បន្ត​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ (NEA) និង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ផ្តល់​ការផ្គត់ផ្គង់​ទៅដល់​រោងចក្រ សហគ្រាស ដែល​កំពុង​តែមាន​តម្រូវការ​កម្លាំង​ពលកម្ម​ខ្ពស់​នេះ ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​ផ្សេងៗ​របស់ខ្លួន​៕ LA