
សំណង់អគារខ្ពស់ៗកំពុងរីកដុះដាលនៅក្រុងព្រះសីហនុក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហេង ជីវ័ន
ភ្នំពេញៈ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានបង្ហាញពីបំណងចង់ឱ្យមានជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ។
ការបង្ហាញពីគោលបំណងរបស់លោកស្រី Devyani Uttam ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ៣ ខែមីនា។ លោកស្រីក៏បានលើកឡើងពីបំណងរៀបចំចងសម្ព័ន្ធមេត្រីភាពទីក្រុងបង ប្អូន (Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌាផងដែរ និងធ្វើកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួនមានដូចជា ឡូជីស្ទិក និងដឹកជញ្ជូន ផ្នែកថ្នាំពេទ្យ និងសុខាភិបាល ផ្នែក បច្ចេកវិទ្យានិងអប់រំជាដើម។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមីនាថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានគាំទ្រឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តព្រះសីហនុ និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីមានទេសចរណ៍ និងវិនិយោគិនឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី ៦ ខែមីនានេះក៏បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដែលចង់មានការហោះហើរត្រង់ពីឥណ្ឌាមកកាន់ប្រទេសកម្ពុជា ជាពិសេសចូលមកកាន់ខេត្តព្រះសីហនុនេះ មានសក្តានុពលខ្ពស់ទាំងទេសចរណ៍ និងវិនិយោគ។
លោកបានថ្លែងថា៖ «ឥណ្ឌាចាយលុយច្រើនមិនចាញ់ប្រជាជាតិផ្សេងទៀតទេ និយាយរួមភ្ញៀវទេសចរឥណ្ឌាមានសក្តានុពលខ្ពស់ ព្រោះមានប្រជាពលរដ្ឋច្រើន។ សម្រាប់ខេត្តព្រះសីហនុ បើសិនជាអាចទាញអ្នកទេសចរ និងវិនិយោគិនឥណ្ឌា វាជាចំណុចល្អបំផុត»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ទីផ្សារទេសចរណ៍នៃប្រទេសឥណ្ឌាមានសក្តានុពលខ្ពស់ និងជាទីផ្សារទេសចរណ៍ធំព្រោះមានប្រជាពលរដ្ឋចំនួនច្រើន ដែលធ្វើឱ្យប្រទេសនានានៅក្នុងតំបន់បានទាញយកច្រើន ព្រោះមានជើងហោះហើរត្រង់ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ព្រោះមិនមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា។
លោកស្រីបន្តថា នៅពេលដែលភាគីទាំង ២ ជំរុញឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់ប្រទេសកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុនេះនឹងជួយទាក់ទាញពីទីផ្សារទេសចរណ៍របស់ប្រទេសឥណ្ឌាឱ្យមកលេងកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀត។ មួយទៀត បន្ទាប់ពីពួកគេមកលេងម្តងហើយ ពួកគាត់នឹងមកលេងម្តងទៀត នៅពេលណាមួយព្រោះពួកគាត់ស្រឡាញ់ប្រទេសកម្ពុជា។
លោកស្រីថ្លែងបន្តទៀតថា៖ «បើយើងមានការតភ្ជាប់ជើងហោះហើរត្រង់ យើងក៏ត្រូវគិតគូរពីការផ្គត់ផ្គង់ម្ហូបអាហារឱ្យត្រូវចំពោះគាត់។ បើយើងមិនមានផលិតផលក្នុងស្រុកមិនសម្បូរបែប ក៏គាត់មិនសប្បាយទេ ព្រោះខាងទីផ្សារឥណ្ឌានេះ ពួកគាត់ចូលចិត្តដើរផ្សារ»។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងជំនួបពិភាក្សាជាមួយលោកស្រី Devyani Uttam Khobragade ថ្លែងថា កម្ពុជា និងឥណ្ឌាមានទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមានរយ:ពេល ៧០ ឆ្នាំ ដោយប្រទេសទាំង ២ មានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ទេសចរណ៍ និងអប់រំទៅវិញទៅមកយ៉ាងជិតស្និទ្ធ៕ LA