ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ថ្លែង​អះអាងថា ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​រុស្ស៊ី​មិន​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ការប្រយុទ្ធ​គ្នា​រវាង​ប្រទេស​ទាំង​ ២ ​ឡើយ ដោយសារ​តែ​បរិមាណ​នាំចេញ​នៅមានកម្រិត​ទាប​នៅឡើយ​។

ទិន្នន័យ​ពី CRF បង្ហាញថា ក្នុង​រយៈពេល ៥ ​ឆ្នាំ​ពី​ឆ្នាំ​ ២០១៧-២០២១ ​ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​រុស្ស៊ី​ចំនួន ១៧ ៥១២ ​តោន​។ ក្នុងនោះ​សម្រាប់​ឆ្នាំ​ ២០២១ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​រុស្ស៊ី​មាន​បរិមាណ​ ២ ២២៣​ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ ១ ៩៦៣ ៦៤០ ដុល្លារ​។ ចំណែក​ក្នុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ ​២០២២ បរិមាណ​អង្ករ​នាំ​ចេញទៅ​ប្រទេស​រុស្ស៊ី​មាន​ចំនួន ២០០ ​តោន​ដែល​ស្មើនឹង​ទឹកប្រាក់ ២០០ ៦៤០​ ដុល្លារ​។

បើតាម CRF សម្រាប់​ការនាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ ពី​ឆ្នាំ ​២០១៧-២០២១ គឺ​មាន​បរិមាណ​ត្រឹមតែ ៥៧២ ​តោន​ប៉ុណ្ណោះ​។

ប្រធាន CRF លោក សុង សារ៉ន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ ខែមីនា​ថា ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន មិនមែន​ជា​ទីផ្សារ​ធំ​សម្រាប់​ការនាំចេញ​អង្ករ​កម្ពុជា​ឡើយ ដូច្នេះ​ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស​ទាំង ២ ដែល​កំពុង​កើតមាន​ក៏​នឹងមិន​ជះឥទ្ធិពល​អវិជ្ជមាន​ណា​គួរឱ្យ​កត់សម្គាល់​សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា​នោះឡើយ​។ លោក​បាន​បញ្ជាក់ថា​៖ «​ការនាំចេញ​អង្ករ​របស់​យើង​ទៅ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​គឺមាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ ដូច្នេះ​នឹងមិន​មាន​អ្វី​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​ឡើយ​»​។

លោក​ប្រាប់ទៀតថា អ្វីដែល​កំពុង​បន្ត​ចោទ​ជា​បញ្ហា​ក្នុង​ឆ្នាំ​ ២០២២ នេះ​គឺ​កត្តា​កង្វះ​ទូ​កុងតឺន័រ​ផ្ទុក​អង្ករ និង​ការកើនឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​ជាពិសេស​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ លោក​បន្តថា ឈរ លើ​បញ្ហា​ប្រឈម​ខាងលើ CRF បានធ្វើ​ពិពិធកម្ម​ទីផ្សារ​ជា​បន្តបន្ទាប់ ពិសេស​ការផ្តោត​លើ​ការជំរុញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។

អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង កាលពី​ចុង​សប្តាហ៍​មុន​បាន​និយាយ ថា ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​នឹងមិន​មានការ​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទេ ព្រោះ​ការទទួល​ទិញ​របស់​ប្រទេស​ទាំង ២ គឺមាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ​។

របាយការណ៍​ក្រសួងកសិកម្ម​បាន​បង្ហាញថា ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ កម្ពុជា មាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ១០៣ ០៥៨ ​តោន កើនឡើង ២៦ ៨៣៦ ​តោន ឬ​ស្មើនឹង ៣៥,២១​ ភាគរយ បើ​ធៀប​នឹង​បរិមាណ​នាំចេញ​រយៈពេល​ ២ ​ខែ​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៧៦ ២២២ ​តោន​។

ក្នុងនោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​មាន​បរិមាណ​សរុប ២៦ ៥០៧ ​តោន កើនឡើង ៣៩,៥៤ ​ភាគរយ​, នាំទៅ​ទិសដៅ​ប្រទេស​ចិន មាន​បរិមាណ​សរុប ៥៦ ៣៨៥ ​តោន កើនឡើង ៤៩,៨៤ ​ភាគរយ​, តំបន់​អាស៊ាន ​(៣​ ប្រទេស​) មាន​បរិមាណ ៩ ៣៧០ ​តោន កើនឡើង ៥០,៤៣ ​ភាគរយ ​និង​ទិសដៅ​ដទៃទៀត​ (១៦​ ប្រទេស​) មាន​បរិមាណ ១០ ៧៩៦ ​តោន ថយចុះ -១៩,២៣ ​ភាគរយ​។ កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​ជាង ៦១៧ ០៦៩ ​តោន បាន​ធ្លាក់ចុះ ១០,៦៨​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០​។ ចំណែក​ការនាំចេញ​ស្រូវ​មាន​ចំនួន ៣ ៥២៧ ៤១៨ ​តោន កើនឡើង ៦១,១៦ ​ភាគរយ​៕ LA