ភ្នំពេញៈ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​៣​បាន​ចាប់ដៃគ្នា​បង្កើត «​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​» សំដៅ​ធានា​ដល់​ការអនុវត្ត ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​តម្លាភាព បង្កើន​សេចក្តី​ទុកចិត្ត និង​កិច្ចការពារ​អតិថិជន​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ និង​បរិយាប័ន្ន​។

«​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​» ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ និង​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ ​ទី ​៤ ខែមីនា ឆ្នាំ​ ២០២២ រវាង សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា​។

លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ថ្លែងថា​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ក្រម​ប្រតិបត្តិ​នេះ​គឺ​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦-២០២៥ និង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥ ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​សិទ្ធិ និង​ការបង្កើន​កិច្ចការពារ​អតិថិជន ព្រមទាំង​បង្កើន​តម្លាភាព​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិយាបន្ន​។ ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ​ក៏​ចូលរួម​ទប់ស្កាត់​បំណុល​លើសលប់ និង​ការពារ​អតិថិជន​ដែល​ងាយ​រងគ្រោះ​ផងដែរ​។

លោក ចាន់នី ៖ «​គោលបំណង​នៃ​ការបង្កើត​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ​ឡើង​គឺ​ស្របទៅនឹង​ការរួមចំណែក​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យមាន​ភាពរឹងមាំ បរិយាប័ន្ន ផ្ដោតលើ​តម្រូវការ​អ្នកប្រើប្រាស់​ និង​ទំនុកចិត្ត កំណត់​បទដ្ឋាន​សីលធម៌​នៃ​ការប្រកប​វិជ្ជាជីវៈ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។

លោក​បាន​ថ្លែងថា​៖ «​ក្រម​នេះ​នឹងត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើងវិញ​ជាប្រចាំ​ដើម្បី​តាមដាន​ពី​ការរីកចម្រើន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឬ​នៅពេល​មាន​ការផ្លាស់ប្តូរ​ឯកសារ​នានា ឬ​ត្រូវបាន​តម្រូវ​ដោយ​ច្បាប់​បទប្បញ្ញត្តិ​ជា​ធរមាន​ ដើម្បី​ធានា​នូវ​អនុលោម​តាម​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញតិ្ត​ជា​ធរមាន​ដែល​ពាក់ព័ន្ធ​»​។

លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែងថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​រួមចំណែក​ធ្វើឱ្យ​ប្រព័ន្ធ​ធនាគារ​កាន់តែ​រឹងមាំ និង​ប្រកប​ទៅដោយ​បរិយាប័ន្ន ក្រម​ប្រតិបត្តិ​សម្រាប់​ធនាគារ ត្រូវបាន​បង្កើត​ជា​លើកដំបូង​ដោយ​ធនាគារ​ចំនួន​ ១៥ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០១៥​។ លោក​ថា​៖ «៥ ​ឆ្នាំ​ក្រោយមក ដោយ​មើលឃើញ​អំពី​ភាពចាំបាច់​នៅក្នុង​ការជំរុញ និង​ពង្រឹង​កិច្ចការពារ​អតិថិជន និង​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ ទើប​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ១ នៃ​គណៈកម្មាធិការ​​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ​ ២០២០ ​បាន សម្រេច​លើ​គម្រោង​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​នេះ​ឡើង និង​ទទួលបាន​នូវ​ការអនុម័ត​ដោយ​ក្រុមប្រឹក្សាភិបាល​សមាគម​ធនាគារ​នៅ​កម្ពុជា​នៅក្នុង​ខែកក្កដា ឆ្នាំ​ ២០២១​។

លោក រ័ត្ន សុវណ្ណនរៈ ឧបការី​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា ការរៀបចំ​ក្រម​ប្រត្តិបត្តិ​នេះ​បង្ហាញឱ្យ​ឃើញថា គ្រឹះស្ថាន​ធនាគារ​​ និង​ហិរញ្ញវត្ថុ​មាន​បទប្បញ្ញត្តិ​ផ្ទាល់ខ្លួន​បន្ថែម​លើ​បទប្បញ្ញត្តិ​នានា​ដែល​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​បាន​ឆ្លុះបញ្ចាំង​ពី​សុច្ឆន្ទៈ​ពី​ការយកចិត្ត​ទុកដាក់​ពី​សមាគម​ទាំង​ ៣ ​ក៏ដូចជា​សមាជិក​ទាំងអស់​ចំពោះ​ប្រសិទ្ធភាព​នៃប្រតិបត្តិការ​ក្នុង​វិស័យនេះ ជាពិសេស​ការផ្តល់​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​ប្រកបដោយ​តម្លាភាព​ និង​ការទទួល​ខុសត្រូវ​ខ្ពស់​។ លោក​ថ្លែងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​ជឿជាក់ថា ក្រម​ប្រតិបត្តិ​នេះ​នឹង​ក្លាយជា​គោលការណ៍​រួម​សម្រាប់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ក្នុងការ​បង្កើន​តម្លាភាព​នៃ​ការផ្តល់សេវា​ និង​កិច្ចការពារ​អតិថិជន​ដែល​នឹង​កសាង​ទំនាក់ទំនង​ល្អ ការប្រកួតប្រជែង និង​ស្មោះត្រង់​ ដើម្បី​ឱ្យ​ប្រព័ន្ធ​ធនាគារ​ និង​ហិរញ្ញវត្ថុ​រីកចម្រើន​ប្រកប​ដោយ​បរិយាប័ន្ន​»៕ LA