​ភ្នំពេញៈ លោកនាយ​រដ្ឋមន្ត្រី ​ហ៊ុន សែន និង​មន្ត្រី​ជំនាញ​បាន​អះអាងថា ការ​ចុះចត​នូវ​យន្តហោះ​ប្រភេទ​ពា​​ណិ​ជ្ជ​កម្ម​នៅ​ព្រលានយន្តហោះ​អន្តរ​ជាតិ​ក្រុងព្រះសីហនុ នា​យប់​ថ្ងៃទី ​៦ ​ខែមីនា កន្លងមកនេះ​ គឺជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ការចាប់ផ្តើម​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច ​និង​ទេសចរណ៍​សម្រាប់​ខេត្ត​តំបន់ឆ្នេរ​មួយ​នេះ​។

​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​តំបន់​តារា​សាគរ នៃ​ខេត្តកោះកុង គឺជា​កន្លែង​ដែល​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​បើកទទួល​ភ្ញៀវទេសចរ​វ៉ាក់សាំង​មុនគេ​នៅ​កម្ពុជា ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ​៣០ ខែវិច្ឆិកា ​បន្ទាប់ពី​បាន​បិទ​មួយរយៈ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិនត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ​ខែ មីនា ឆ្នាំ ​២០២២ លោកនាយក​រដ្ឋមន្ត្រី​មានការ​សាទរ​ចំពោះ​វត្តមាន​របស់​យន្តហោះ​ប្រភេទ​ពាណិជ្ជកម្ម​ដែល​បាន​ចុះចត​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ព្រះសីហនុ បន្ទាប់ពី​ខេត្ត​នេះ​ត្រូវបាន​យាយី​យ៉ាង​ខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ រហូតមកទល់​ពេលនេះ​។

​លោក ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យប់មិញ​ជា​លើកដំបូង​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ខែ​បន្ទាប់ពី​បិទ​ [​ខ្ទប់​] ដែលមាន​យន្តហោះ​ពាណិជ្ជកម្ម​ចុះចត​នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុង​មួយរយៈ​ពេលកន្លងមក​នេះ​ គឺ​មានតែ​ចុះចត​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​ទេ ប៉ុន្តែ​យប់មិញ [​ថ្ងៃទី​ ៦ ខែមីនា​] មាន​ចុះ​ ១ ​ជើង​នៅ​ខេត្ត​ព្រះសីហនុ ដូច្នេះ​នឹងមានការ​ចុះចត​ជា​បន្តបន្ទាប់​ដែល​នឹង​អាច​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ ទោះបី​ទេសចរណ៍​ពុំទាន់​បាន​ធំ​ទូលាយ​»​។​

«​ក៏ប៉ុន្តែ​ការធ្វើដំណើរ​មកកាន់​ក​ម្ពុ​ជា​ដើម្បី​ធ្វើការ​វិនិយោគ និង​រកស៊ី​នៅ​ស្រុក​យើង វា​មាន​ភាពងាយស្រួល ព្រោះ​នៅ​កម្ពុជា​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ហើយ​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​សម្រាប់តែ​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង ប៉ុន្តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ហើយ យើង​គ្រាន់តែ​ធ្វើតេស្ត​រហ័ស​រួចហើយ​បើ​ឃើញ​អវិជ្ជមាន​ គឺ​យើង​អនុញ្ញាត​ឱ្យគេ​ធ្វើដំណើរ​បន្ត​»​។ នេះ​បើ​យោងតាម​ការ​ថ្លែង​របស់លោកនាយករដ្ឋមន្ត្រី​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​វ៉ា​ក់សាំង​ គឺ​សេដ្ឋកិច្ច ព្រោះ​បើ​អត់​មានការ​ចាក់​វ៉ាក់សាំង​ទេ​ភាពស៊ាំ​សហគមន៍​វា​អត់​មាន ដូច្នេះ​ចុះបើ​យើង​អត់​មាន​ភាពស៊ាំ​សហគមន៍​ តើ​យើង​អាច​បើក​សេដ្ឋកិច្ច​ដូចម្តេច​?»​។​

​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ស៊ិន ចាន់​សេរី​វុត្ថា គូសបញ្ជាក់​មក​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៧ ខែមីនា​ថា កាលពី​យប់​ថ្ងៃទី ​៦ ខែមីនា​ កន្លងមកនេះ​ មាន​យន្តហោះ​ប្រភេទ​ពាណិជ្ជកម្ម​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ ដោយ​លោក​យល់​ឃើញថា ការចុះ​ចត​នៃ​យន្តហោះ​ប្រភេទ​នេះ​ គឺ​ផ្តល់​ជា​សញ្ញា​វិជ្ជមាន​ដល់​សេដ្ឋ​កិច្ច​នៃ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា នេះ​គឺជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​ខេត្ត​ព្រះ​សីហនុ បន្ទាប់ពី​មានការ​ស្ងប់ស្ងាត់​ការ​​ចុះចត​នូវ​យន្តហោះ​ប្រភេទ​ពាណិជ្ជកម្ម​បែបនេះ ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​​កូ​វីដ​១៩​។ ដូច្នេះ​យើង​នឹង​ឃើញ​មាននូវ​យន្តហោះ​ប្រភេទ​នេះ ដែល​ផ្ទុក​អ្នក​​ជំនួញ​នានា​នឹងធ្វើ​ការចុះ​ចត​ជា​បន្ត​​បន្ទាប់​»​។ ប៉ុន្តែ​លោក​ពុំបាន​បញ្ជាក់​អំពី​ចំនួន​នៃ​អ្នកដំណើរ​នៅលើ​យន្តហោះ​​ និង​ប្រភេទ​ពិតប្រាកដ​នៃ​យន្តហោះ​នោះឡើយ​។

​កាលពី​ថ្ងៃទី​ ១៦-២២ ខែ មករា ឆ្នាំ ​២០២២ ខេត្ត​ព្រះសីហនុ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ (ATF 2022)៕ LA