
ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅឆ្នេរខេត្តកែបកាលពីពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ១៩៩ ៤២៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១៨៨ ៣៣៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ០៩១ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ នាចុងសប្តាហ៍ ថ្ងៃទី ៥-៦ ខែ មីនា ឆ្នាំ ២០២២ មានសម្ទុះវិជ្ជមានឡើងវិញ បន្ទាប់ពីមានការថមថយ ៣ សប្តាហ៍ជាប់គ្នា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងតាមរយៈរបាយការណ៍មួយផ្សាយនៅថ្ងៃទី ៧ ខែមីនា ឱ្យដឹងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសម្ទុះវិជ្ជមានឡើងវិញ បន្ទាប់ពីមានការថមថយ ៣ សប្តាហ៍ជាប់គ្នា។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើង ២០,៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។
លោកបន្តថា ជាមួយអត្រាឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង ដែលមានលក្ខណៈថមថយខ្លះធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍តាមខេត្តឡើងវិញជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តក៏នៅមិនទាន់មានចំនួនច្រើននៅឡើយធៀបនឹងរយៈពេលមុនមានការកម្រើកឡើងនៃវីរុសប្រភេទអូមីក្រុង។
លោកថ្លែងថា៖ «បើសិនជានិន្នាការនៃការរីករាលដាលនៃអូមីក្រុង បន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រឡប់មកវិញ ពិសេសអាចវិលទៅរកស្ថានភាពមុនការកម្រើកនៃប្រភេទអូមីក្រុងនេះ ដូចកាលពីអំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក»។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ មីនាថា ក្រោយពីរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ និងប្រជាពលរដ្ឋខ្មែរ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានធ្វើឱ្យចរន្តភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា មានចំនួនច្រើន និងកើនឡើង។
លោកបន្តថា ដោយឡែកសម្រាប់ខេត្តកែប ក៏មិនខុសពីខេត្តតំបន់ឆ្នេរផ្សេងទៀតដែរ គឺមានភ្ញៀវទេសចរផ្ទៃក្នុងមក លេងកម្សាន្តច្រើនជាពិសេសនៅរៀងរាល់ចុងសប្តាហ៍ ព្រោះខេត្តកែប ខេត្តព្រះសីហនុ និងកំពតនៅមិនឆ្ងាយពីគ្នា បានធ្វើឱ្យទេសចរណ៍មានភាពប្រទាក់ក្រឡា។
លោកថ្លែងថា៖ «ខ្ញុំសង្កេតមើលភ្ញៀវទេសចរផ្ទៃក្នុង គាត់ចាប់អារម្មណ៍តំបន់ឆ្នេរ ហើយខេត្តកែបក៏មានការកើនឡើងដែរ ដែលជាសញ្ញាមួយល្អសម្រាប់វិស័យទេសចរណ៍របស់យើង»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២២ ថា នៅរៀងរាល់ចុងសប្តាហ៍ ឬក៏មានបុណ្យទាន ភ្ញៀវទេសចរផ្ទៃក្នុងបានចេញដើរ និងធ្វើដំណើរកម្សាន្តច្រើននៅតាមគោលដៅទេសចរណ៍នានា ប៉ុន្តែសម្រាប់ទេសចរជាលក្ខណៈក្រុមធំៗ មានការធ្លាក់ចុះច្រើន។
លោកស្រីពន្យល់ថា ការធ្លាក់ចុះនេះ និងកាត់បន្ថយធ្វើ ដំណើរកម្សាន្តជាលក្ខណៈក្រុមធំៗនេះ ដោយសារតែពួកគេមានការភ័យខ្លាចពីការឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ខណៈជំងឺមួយនេះ មិនមានការថមថយ ប៉ុន្តែដំណើរកម្សាន្តជាលក្ខណៈគ្រួសារនៅតែមានសម្ទុះ ដែលភាគច្រើនគាត់ធ្វើដំណើរទៅ លេងកម្សាន្តនៅមាត់សមុទ្រ និងតំបន់ភ្នំ។
លោកស្រីថ្លែងថា៖ «ដោយអូមីក្រុង មិនមានការថមថយ និងបន្តឆ្លងរីករាលដាល ក្រុមធំៗ អត់មានទេ ប៉ុន្តែការចេញដើរលក្ខណៈគ្រួសារនៅតែមាន។ កាលពីរដូវមុន ពួកគាត់ចេញដើរលក្ខណៈជាក្រុមច្រើន គាត់ចេញដើរតាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ទីភ្នាក់ងារទេសចរណ៍»។
ទោះជាយ៉ាងនេះក្តី លោក ឡឹម កេរឃីម ម្ចាស់ផ្ទះសំណាក់កំពតទឹករលក ដែលមានទីតាំងស្ថិតនៅជិតរង្វង់មូលទឹករលកខេត្តកំពតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ភ្ញៀវទេសចរនៅក្នុងខេត្តកំពតមានស្ថានភាពស្ងាត់ ព្រោះលោកសង្កេតឃើញថា ផ្ទះសំណាក់របស់លោកមិនសូវទទួលបានភ្ញៀវកក់ ឬចូលគេងនោះទេ ចាប់តាំងពីពាក់កណ្តាលខែមករា ឆ្នាំ ២០២២ រហូតមក។
បើយោងទៅតាម លោក ឡឹម កេរឃីម បានថ្លែងឱ្យដឹងបន្តថា ការដែលមិនទទួលបានភ្ញៀវទេសចរស្នាក់នៅនេះ ប្រហែលមកពីភ្ញៀវទេសចរភាគច្រើន មិនទាន់ហ៊ានចេញដើរកម្សាន្ត ព្រោះនៅមានការភ័យខ្លាចពីការឆ្លងនូវជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង៕ LA