ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា​បាន​សហការគ្នា​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការលើកកម្ពស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជាង​មុន​ក្នុងការ​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​។ ការចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៤ ខែមីនា ឆ្នាំ​ ២០២២​។

លោក រេមី ផេល ប្រធាន​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា បាន​លើកឡើងថា តួនាទី​របស់ ស្ថាប័ន ហិរញ្ញវត្ថុ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​ជំរុញ​ឱ្យ​អាជីវកម្ម​ខ្នាតតូច​ដំណើរការ​ទៅមុខ​បាន​ស្រួល ដូចនេះ​ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុង​វិស័យ​ពាក់ព័ន្ធ​ដែល​រួមចំណែក​យ៉ាងសំខាន់​ដើម្បី​សម្រេចបាន​សេដ្ឋកិច្ច​ឌីជីថល​ប្រកបដោយ​បរិយាប័ន្ន ស្ថិរភាព និង​និរន្តរភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​យើង​ជួបប្រទះ​នៅក្នុង​ឧស្សាហកម្ម​របស់​យើង ដែល​មិន​ត្រឹមតែ​នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាសកល​មួយ គឺ​ការ​ក្លែងបន្លំ តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បញ្ហា​សុវត្ថិភាព​នៃ​ទិន្នន័យ​ឯកជន​ភាព​»​។

លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​បច្ចេកវិទ្យា​គឺមាន​តួនាទី​ចាំបាច់​ណាស់​ក្នុង​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ ដោយសារតែ​ការវិវឌ្ឍ​បច្ចេកវិទ្យា គឺ​ជួយ​ឱ្យ​ការផ្តល់សេវា​នៅក្នុង​វិស័យនេះ​មាន​ការប្រែប្រួល​ច្រើន ជាពិសេស​នៅក្នុង​អំឡុង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​ដែលមាន​ការបិទ​ខ្ទប់​កាលពី​អំឡុង​ឆ្នាំ​ ២០២១ ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅតែ​បានផ្តល់​សេវា​ចាំបាច់​ជាទូទៅ​ដល់​អថិជន ដោយសារ​តែ​យើង​បាន​បញ្ជ្រាប​ចំណេះដឹង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដល់​ពួកគាត់​។ នេះហើយ​ដែល​យើង​ឃើញថា បច្ចេកវិទ្យា​ពិតជា​បាន​ជួយ​សម្រួល​ការងារ​យើង​បាន​ច្រើន​»​។

កាលពី​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ​ ២០២១ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើការ​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​អន្តរធនាគារ​មួយ​ដែលមាន​ឈ្មោះថា «​បាគង​» ដែលជា​ការបោះ​ជំហាន​ថ្មី​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចេញ​ផ្សាយ​កាលពី​ចុងខែ​ឧសភា ឆ្នាំ​ ២០២១ ប្រទេស​កម្ពុជា​ទទួលបាន​ចំណូល​ជិត​កន្លះ​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​អាជីវកម្ម​បចេ្ចកវិទ្យា និង​ឌីជីថល​កាលពី​ឆ្នាំ​ ២០១៩​។ ប្រាក់ចំណូល​ឌីជីថល​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ មាន​ចំនួន​សរុប ៤៧០ ​លាន​ដុល្លារ​។ បើ​គិត​តាម​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មាន​ចំនួន ២៧,៦ ​ភាគរយ សេវាកម្ម​អេឡិចត្រូនិក​មាន ៧,៨ ​ភាគរយ ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល ១០,២ ​ភាគរយ បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (AdTech) ១២,៧ ​ភាគរយ ការដឹកជញ្ជូន ៣,៨ ​ភាគរយ និង​ការធ្វើដំណើរ​អនឡាញ ៣៧,៩ ​ភាគរយ​៕ LA