ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បានដាក់​ផែនការ​ឱ្យ​សមាជិក​ដែលជា​ប្រតិបត្តិករ​ទីផ្សារ​ទាំងអស់​ត្រូវ​មាន​វេទិកា​ជួញដូរ​ផ្ទាល់ខ្លួន​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ខាងមុខ​ ដើម្បី​ធានាបាន​នូវ​ការឆ្លើយតប​នឹង​តម្រូវ​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ ការកើនឡើង​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី និង​ចំនួន​វិនិយោគិន​ឈាន​ទៅរក​សមាហរណកម្ម ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ដើម្បី​អាច​ដើរ​ទាន់​នឹង​ការប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ដទៃ​នៅក្នុង​តំបន់ និង​ពិភពលោក​។

លោក ហុង សុហួរ អគ្គនាយក​នៃ CSX បាន​មានប្រសាសន៍​កាលពីពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ខ្លួន​បានរៀបចំ​ឱ្យមាន​ប្រព័ន្ធ​ជួញដូរ​ចល័ត MTS និង​កម្មវិធី​ទូរស័ព្ទ CSX Trade ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​បឋម​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ក្នុង​គោលបំណង​ដើម្បី​សម្រួល​បន្ទុក ចំណាយ​ដល់​សមាជិក​ទីផ្សារ ដែលជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​នៅ​ដំណាក់កាល​កកើត​ទីផ្សារ​ដំបូង ដែល​អាចជា​ខ្ទង់​វិនិយោគ​ខ្ពស់​មួយ​ក្នុង​ការបង្កើត​វេទិកា​បញ្ជា​ទិញ​-​លក់​ផ្ទាល់ខ្លួន ដោយ​អាចមក​ប្រើប្រាស់​វេទិកា​រួម​ដែល​ផ្តល់​ដោយ CSX ដោយ​ឥតគិតថ្លៃ ធ្វើ​យ៉ាងណា​ឱ្យ​វិនិយោគិន​គ្រប់រូប​ដែល​ជា​អតិថិជន​របស់ ​CSX ទទួលបាន​នូវ​បទពិសោធ​បច្ចេកវិទ្យា ដែល​ងាយស្រួល សុវត្ថិភាព និង​ចំណាយ​តិច ក្នុង​ការវិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​។

លោក​បាន​មានប្រសាសន៍ថា​៖ «​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិនិយោគិន ក៏ដូចជា​ជំរុញ​ភាព​ប្រកួតប្រជែង សក្តានុពល និង​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​មូលបត្រ​ជា​សមាជិក​ក្នុង​ការផ្តល់​សេវា ដែល​សម្បូរបែប និង​កាន់តែ​ប្រសើរ​ជូន​វិនិយោគិន CSX គ្រោង​នឹង​បើក​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​មូលបត្រ​ទាំងឡាយ ដែលមាន​លទ្ធភាព​អភិវឌ្ឍ​វេទិកា​ជួញដូរ​ផ្ទាល់ខ្លួន​អាច​ភ្ជាប់​មក​កាន់​ប្រព័ន្ធ​ជួញដូរ​របស់ CSX ចាប់ពី​ឆ្នាំ​ ២០២៣ តទៅ​។ ចំណែកឯ​ក្រុមហ៊ុន​ដែល​មិនមាន​លទ្ធភាព​អាច​បន្ត​ប្រើប្រាស់​វេទិកា​របស់ CSX រួម​រហូតដល់​ឆ្នាំ​ ២០២៥»​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា​ថ្លែងថា ប្រព័ន្ធ MTS បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការសម្រួល​ដល់​ការដាក់​បញ្ជា​ទិញ​-​លក់​របស់​វិនិយោគិន ដោយ​ក្នុងនោះ​ការបញ្ជាទិញ​-​លក់​មូលបត្រ​តាមរយៈ​ប្រព័ន្ធ​នេះ​មាន​រហូតដល់​ ៩៦​ ភាគរយ​នៃ​ចំនួន​បញ្ជា​សរុប ខណៈ​ដែល​ការដាក់​បញ្ជា​តាមរយៈ​ភ្នាក់ងារ​ក្រុមហ៊ុន​មូលបត្រ​មាន​ត្រឹម ៤ ​ភាគរយ​ប៉ុណ្ណោះ​។ លោក​ថា ជាមួយ​កម្មវិធី CSX Trade នឹង​បំពេញ​នូវ​ចំណុច​ខ្វះខាត​ទាំងនេះ​ព្រម​ផ្តល់​កាលានុវត្តភាព​ថ្មី​មួយទៀត​សម្រាប់​ទីផ្សារ​មូលបត្រ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ការធ្វើ​ឌីជីថលូបនីយកម្ម ត្រូវការ​ជា​ចាំបាច់​នូវ​នវានុវត្តន៍ បរិយាប័ន្ន និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​ដែល​អ្នកចូលរួម​ក្នុង​ទីផ្សារ​ត្រូវ​ហ៊ាន​ចាប់ផ្តើម​ជា​ជំហាន​ដំបូង​ក្នុង​កម្រិត​មួយ​តូច ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ តែ​ត្រូវធ្វើ​ឱ្យបាន​ឆាប់រហ័ស​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។ ការចាប់ផ្តើម​ក្នុង​ជំហាន​តូច​ដើម្បី​ឱ្យ​ប្រាកដថា ការចាប់ផ្តើម​នោះ​ជា​ការចាប់ផ្តើម​មួយ​ដ៏ត្រឹមត្រូវ​ដែល​អាច​ពង្រីក​បាន​លឿន​ទៅមុខ​។

បើ​យោងតាម​លោក សុជាតិ ផ្សារមូលបត្រ​កម្ពុ​ជាមាន​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​ប្រមាណ​ជា ២,៤៣​ ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្នុងនោះ​ទំហំ​ជួញដូរ​សរុប​ក្នុង​ឆ្នាំ​ ២០២១ មានការ​កើនឡើង ៣៨៦ ​ភាគរយ និង​ទំហំ​ជួញដូរ​ប្រចាំថ្ងៃ​កើនឡើង​ប្រមាណ​ជា ៣៨២ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២០​។ គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​ ២០២២ ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ចំនួន​ ៩ ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ទីផ្សារ​គោល​មាន​ចំនួន​ ៧ ​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​មាន​ចំនួន​ ២ ​ក្រុមហ៊ុន​។ ដោយឡែក ចំពោះ​ទីផ្សារ​មូលបត្រ​បំណុល​មាន​ក្រុមហ៊ុន​ចំនួន​ ៦​ ចុះបញ្ជី​សញ្ញាបណ្ណ​៕ LA