ភ្នំពេញៈ វៀតណាម​គ្រោង​នឹង​ជួយ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​លើ​អនុវិស័យ​វារីវប្បកម្ម​តាមរយ:​ការផ្តល់​បច្ចេកទេស​ទំនើប​ទាន់សម័យ​ដល់​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​អនុវិស័យ​មួយ​នេះ​ឱ្យមាន​ការរីកចម្រើន​។

នៅក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា កាលពី​ថ្ងៃទី​ ៣ ខែមីនា លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​លើកឡើង​ថា វៀតណាម និង​កម្ពុជា​គួរតែ​ពង្រឹង​កិច្ចសហការ​គ្នា​បន្ថែមទៀត​លើ​អនុវិស័យ​វារីវប្បកម្ម ដោយ​វៀតណាម​នឹង​ផ្តល់​បច្ចេកទេស​សមស្រប ទំនើប​ទាន់សម័យ​ធ្វើយ៉ាងណា​ឱ្យ​អនុវិស័យ​មាន​ការអភិវឌ្ឍ ដើម្បី​កំណើន​ការលូតលាស់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២​។

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​មានប្រសាសន៍ថា ទាក់ទង​នឹង​កិច្ចសហការ​លើ​អនុវិស័យ​វារីវប្បកម្ម លោក​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​នេះ ដោយសារ​បច្ចុប្បន្ន​ផល​ចាប់​មច្ឆជាតិ​ពី​គ្រប់​ប្រភព​ធម្មជាតិ បាននិង​កំពុង​មាន​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ត្រី​ធម្មជាតិ​មានការ​ធ្លាក់ចុះ តែ​ផ្ទុយទៅវិញ​កំណើន​នៃ​បរិមាណ​បរិភោគ​ចេះតែ​កើនឡើង ហេតុនេះ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​បានផ្តល់​អាទិភាព​លើ​ការអភិវឌ្ឍ​អនុវិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ ធ្វើ​យ៉ាងណា​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ផលត្រី​ឱ្យបាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ទាំង​បរិភោគ គុណភាព និង​សុវត្ថិភាព តាមរយ:​ការពង្រឹង គាំទ្រ និង​លើកទឹកចិត្ត​ដល់​វារីវប្បករ​ឱ្យប្រើ​ប្រាស់​បច្ចេកទេស​បង្កាត់ ជ្រើសរើស​ពូជ ចំណី និង​បរិស្ថាន​ចិញ្ចឹម​»​។

លោក តាន់ មុនីវណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុងឫទ្ធី និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​កសិកម្ម យល់ឃើញ​ថា ជា​ឱកាស​ដ៏ល្អ​របស់​កម្ពុជា​ក្នុង​ការពង្រឹង​ខ្លួនឯង ព្រោះថា វៀតណាម​មាន​ភាពខ្លាំង​ផ្នែក​កសិកម្ម ជាពិសេស​ផ្នែក​វារីវប្បកម្ម​នេះ​។

លោក​ថ្លែងបន្តថា នៅក្នុង​តំបន់​អាស៊ាន វៀតណាម និង​ថៃ ជា​ប្រទេស​ដែលមាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការចិញ្ចឹមសត្វ​ក្នុង​ទឹក ដោយ​ប្រទេស​នេះ​បាន​ប្រើប្រាស់​បច្ចេកទេស​ពី​ខាង​ជប៉ុន និង​អ៊ីស្រាអែល​។ ហើយ​កម្ពុជា​គួរតែ​រៀនសូត្រ​បន្ថែម​ពី​ប្រទេស​ទាំងនេះ ដើម្បី​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​របស់ខ្លួន​។

លោក​បាន​គូសបញ្ជាក់​ទៀតថា​៖ «​កម្ពុជា​យើង​នៅ​ខ្វះខាត​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​វារីវប្បកម្ម​នេះ ដោយ​ភាគច្រើន​យើង​មាន​អ្នកជំនាញ​ផ្នែក​កសិកម្ម​លើដី មិនសូវមាន​ផ្នែក​ក្នុង​ទឹក ម្យ៉ាងវិញទៀត បញ្ហា​ទីផ្សារ​ក៏បាន​ធ្វើឱ្យ​អ្នក​ចិញ្ចឹម សត្វ​ក្នុង​ទឹក រួញរា​ក្នុង​ការចិញ្ចឹម និង​ពង្រឹងសមត្ថភាព​ខ្លួនឯង​។ តែ​ខ្ញុំ​រំពឹងថា នៅពេល​មាន​ជំនួយ​បច្ចេកទេស​ពី​វៀតណាម ហើយ​កម្ពុជា​អាច​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ទៀត​នោះ ច្បាស់​ណាស់​ការនាំចេញ​ផ្នែក​វារីវប្បកម្ម​កម្ពុជា​នឹងមាន​កំណើន​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ឱ្យដឹងថា បើសិន​ជាមាន​ការជួយ​ជ្រោមជ្រែង​ពី​ភាគី​វៀតណាម​លើ​វិស័យ​វារីវប្បកម្ម​នេះ ដោយសារតែ អ្នក​ចិញ្ចឹម​ត្រី​ជា​ជនជាតិខ្មែរ បរាជ័យ​ច្រើន ខណៈដែល​ឈ្មួញ​វៀតណាម​នៅតាម​ព្រំដែន​ដែល​ប្រកបរបរ​នេះ​ដូចគ្នា តែ​បាន​ជោគជ័យ​។

លោក​បាន​បន្ថែមថា សព្វថ្ងៃ​អ្នក​ប្រកបរបរ​វារីវប្បកម្ម​នៅ​ខ្មែរ​យើង ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​វៀតណាម ដែលមាន​ជំនាញ​បច្ចេកទេស​ខ្ពស់​ក្នុង​ការចិញ្ចឹម​ត្រី​ដូចនេះ ជា​ការប្រសើរ​ណាស់ ដែលមាន​ការសហការ​គ្នា​ជាមួយ​វៀតណាម​ក្នុងការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យនេះ​បន្ថែមទៀត​។

លោក​បាន​គូសបញ្ជាក់ថា​៖ «​តាម​ដែល​សភាពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​ក្រសួង​កសិកម្ម បាន​សិក្សា​ស្រាវជ្រាវ​ឃើញថា ដោយសារ​ការចិញ្ចឹម​ត្រីភាគ​ច្រើន​ជា​អាណិកជន​វៀតណាម ដែលមាន​ចិញ្ចឹម​យូរ ហើយ​នៅ​កម្ពុជា និង​បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ក៏​យូរហើយ​ដែរ ដូច​នៅពេល​វារីវប្បករ​កម្ពុជា​ចិញ្ចឹម​ដែរ នាំ​ទីផ្សារ​ចង្អៀត​ជាង​មុន​»​។

ទោះជា​យ៉ាងណា​ក៏ដោយ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​អះអាង​ថា ឱ្យ​វារីវប្បករ​កម្ពុជា​មាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​លើ​វិស័យ​វារីវប្បកម្ម​នេះ នោះ​មិនចាំបាច់​មាន ការព្រួយបារម្ភ​ពី​បញ្ហា​ទីផ្សារ​នោះទេ ដោយសារ​តែ​កម្ពុជាមាន​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​មួយចំនួន​រួចហើយ ដែល​អំណោយផល​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា ជាពិសេស​គឺមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ ដែល​បាន​អនុគ្រោះ​ពន្ធ​ស្ទើរតែ​ ១០០ ​ភាគរយ សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​៕ LA