ភ្នំពេញៈ វិស័យ​ឯកជន​ស្នើសុំ​វិនិយោគ​ទេសចរណ៍​ធម្មជាតិ​ខ្នាតតូច​លើ​ផ្ទៃដី​ក្រោម ១០ ​ហិកតា ចំនួន ១៦ គម្រោង​ស្ថិត​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​កោះ​តូច និង​សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ខេត្តកំពត ដើម្បី​រួមចំណែក​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ក៏​ជាការ​ជំរុញ​លើ​ទេសចរណ៍​ធម្មជាតិ​ផងដែរ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមីនា​ថា ក្រុមការងារ​ចម្រុះ​ក្រសួងបរិស្ថាន​បាន​ចុះ​ពិនិត្យ​លើ​គម្រោង​សំណើសុំ​វិនិយោគ​ទេសចរណ៍​ធម្មជាតិ​ខ្នាតតូច​នេះ​កាលពី​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២២ ក្នុង​គោលបំណង​ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ទិន្នន័យ​នៅលើ​ទីតាំង​ជាក់ស្តែង ជាមួយ​នឹង​មន្ត្រី​បច្ចេកទេស ដើម្បី​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ពី​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មុននឹង​ចាប់ផ្តើម​ការអភិវឌ្ឍ​។

លោក​បន្តថា គម្រោង​វិនិយោគ​ទេសចរណ៍​ខ្នាតតូច​នេះ​គឺជា​ការចូលរួម​ពី​វិស័យ​ឯកជន​នៅក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ពីព្រោះ​ផ្ទៃដី​ដែល​ការវិនិយោគ​លើ​ទេសចរណ៍​ធម្មជាតិ​ដែលមាន​ទំហំ​ក្រោម ១០ ​ហិកតា​នេះ គឺ​ដើម្បី​ជំរុញ​បន្ថែម​លើ​ការចូលរួម​របស់​វិស័យ​ឯកជន​នៅក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។

ទោះជា​យ៉ាងណា លោក​ថា សម្រាប់​ផ្ទៃដី​ដែល​ទទួលបាន​នេះ គឺ​ម្ចាស់​គម្រោង​មាន​សិទ្ធិ​ប្រើប្រាស់​បានត្រឹមតែ ៣០ ភាគរយ​ប៉ុណ្ណោះ និង​ ៧០ ​ភាគរយ​ទៀត គឺ​ត្រូវ​រក្សា​ជា​ការងារ​អភិរក្ស ដែល​នេះ គឺ​ការបើកទ្វារ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ក៏​ជាការ​ជំរុញ​លើ​ទេសចរណ៍​ធម្មជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ទេសចរណ៍​ធម្មជាតិ​ជា​ចលករ​មួយ​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន​ព្រោះ​បាន​បង្កើត​ការងារ​ផ្តល់ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​»​។

បើតាម​លោក នេត្រ ភក្ត្រា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​ស្គាល់​ច្បាស់​ពី​តម្លៃ​នៃ​ទេសចរណ៍​ធម្មជាតិ និង​បាន​ដើរកម្សាន្ត​នៅតាម​តំបន់​ការពារ​ធម្មជាតិ​នានា​។ ជាមួយនឹង​ការដើរ​ទស្សនា​​កម្សាន្ត និង​ការស្នាក់នៅ ភ្លក្ស​មុខម្ហូប​របស់​ប្រជាសហគមន៍​ភ្ញៀវទេសចរ​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ទេសភាព​ដ៏ស្រស់ស្អាត​នៃ​តំបន់​ការពារ​ធម្មជាតិ​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​។

លោក​បញ្ជាក់ទៀតថា ជាមួយ​ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​តាមរយៈ​ការអភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ ខេត្តកំពត ដែល​មួយផ្នែក​គ្របដណ្តប់​ដោយ​ផ្ទៃដី​ឧទ្យាន​ជាតិ នឹង​មាន​ការរីករាយ​កាន់តែ​មាន​ភាពទាក់ទាញ និង​ជា​ទិសដៅ​ទេសចរណ៍​ប៉ែក​សមុទ្រ​មួយ​យ៉ាងសំខាន់​បំផុត​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី ​៨ ខែមីនា​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី-​ប៉ាស៊ីហ្វិក-​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២២ នេះ ឱ្យដឹងថា សម្រាប់​គម្រោង​ទេសចរណ៍​ធម្មជាតិ​ខ្នាតតូច​របស់​ក្រសួងបរិស្ថាន​ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​នេះ បើសិនជា​អ្នកស្នើសុំ​ពិតជាមាន​ភាពស្មោះត្រង់​ចំពោះ​ប្រទេសជាតិ និង​កិច្ចសន្យា​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​ទៅជា​តំបន់​ទេសចរណ៍ វា​ពិត​ជាមាន​ផលប្រយោជន៍ សម្រាប់​ប្រទេសជាតិ និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។

លោក​បន្តថា​៖ «​ប៉ុន្តែ​អ្វី​ជា​ឧបសគ្គ​នាពេល​កន្លងមក វា​ភាគតិច​មែនទែន ដែល​វិស័យ​ឯកជន​មួយចំនួន​ទទួលបាន​គម្រោង​យកទៅ​អភិវឌ្ឍ និង​មួយចំនួន​ទៀត យកទៅ​ទុក​លក់​បន្ត និង​មួយទៀត​បាន​ហើយ​កៀរគរ​រក​អ្នកវិនិយោគ ឱ្យចូលរួម​ដាក់​លុយ បើ​រក​អ្នកវិនិយោគ​មិន​បានទេ ក៏​អត់​ទៅ ដែល​នេះ គឺជា​បញ្ហា​»៕ LA