ភ្នំពេញៈ សមាគម​ត្រចៀកកាំ​ខ្មែរ​ត្រូវបាន​រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ផ្លូវការ ដែលជា​ការបើកផ្លូវ​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​ការនាំចេញ​នូវ​ផលិតផល​ដ៏​មាន​សក្តានុពល​មួយ​នេះ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ជាពិសេស​ទីផ្សារ​ចិន​កាន់តែច្រើន​។

លោក ស៊ុយ កុកធាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៨ ខែមីនា ថា បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​ក្រសួង​មហាផ្ទៃ សមាគម​ត្រចៀកកាំ​ខ្មែរ​ជា​ផ្លូវការ នា​ដើមខែ​មីនា ឆ្នាំ​ ២០២២ សមាគម​បាននិងកំពុង​ខិតខំ​ធ្វើការ​គ្រប់បែបយ៉ាង​ដើម្បី​ចូលរួម​ជួយ​ជំរុញ និង​អភិវឌ្ឍ​សកម្មភាព​នៃ​ការរៀបចំ​ផ្ទះ ការចិញ្ចឹម និង​កែច្នៃ​ផលិតផល​ពី​ទឹកមាត់​សត្វ​ត្រចៀកកាំ​ខ្មែរ​ឱ្យមាន​ទីផ្សារ​កាន់តែ​ធំ និង​មាន​គុណភាព​កម្រិតស្តង់ដា​។

លោក​បន្តថា សម្បុក​ត្រចៀកកាំ គឺជា​ផលិតផល​ដែលមាន​ការនិយម​ចូលចិត្ត​ទទួលទាន​ច្រើន​បំផុត​នៅលើ​ពិភពលោក​វៀតណាម​ជាពិសេស​ក្នុងប្រទេស​ចិន ហេតុនេះ​បើ​កម្ពុជា​អាច​ជំរុញ​ឱ្យមាន​ការវិនិយោគ​លើ​ផលិតផល​នេះ​កាន់តែច្រើន វា​នឹង​ជួយ​ផ្តល់ប្រាក់​ចំណូល​ដល់​អ្នក​ចិញ្ចឹម​ផ្ទាល់ ក៏ដូចជា​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។ ឧស្សាហកម្ម​នេះ​នឹង​អាចជួយ​បង្កើន​ប្រាក់ចំណូល​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ​។

លោក​បាន​និយាយថា​៖ «​ទោះបី​ពេលនេះ​ផលិតផល​សម្បុក​ត្រចៀកកាំ​ខ្មែរ​នៅ​មិនទាន់​ទទួល​បាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​សម្រាប់​ទីផ្សារ​គឺ​មិនមាន​បញ្ហា​ទេ​។ យើង​ចង់​ជួយ​ធ្វើឱ្យ​សម្បុក​ត្រចៀកកាំ​ខ្មែរ មាន​ទីផ្សារ​កាន់តែ​ធំ និង​ទទួលបាន​តម្លៃ​កាន់តែ​ខ្ពស់ ពិសេស​ការនាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន​»​។

លោក កុកធាន សកម្មភាព​ចម្បងៗ​ដែល​សមាគម​ត្រចៀកកាំ​ខ្មែរ​បាននិងកំពុង​ធ្វើ មានដូចជា ការជំរុញ និង​លើកទឹកចិត្ត​ចំពោះ​ការវិនិយោគ​លើ​ការចិញ្ចឹម និង​អភិវឌ្ឍ​ផ្ទះ​ត្រចៀកកាំ​, ការពង្រឹង​គុណភាព​ផលិតផល​ពី​ទឹកមាត់​ត្រចៀកកាំ​, ការផ្តល់​ការសិក្សា​ស្វែងយល់ ដំណោះស្រាយ និង​ចែករំលែក​ចំណេះដឹង​ពី​បច្ចេកទេស​ក្នុង​ការចិញ្ចឹម និង​អភិរក្ស​, និង​ការស្វះស្វែង​រក​ទីផ្សារ​នាំចេញ​ទឹកមាត់​ត្រចៀកកាំ​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​ប្រទេស​ចិន​។

លោក​លើកឡើង​ថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន បាន​ចូល​ជា​ធរមាន​ហើយ ហេតុនេះ​ឱកាស​សម្រាប់​ការនាំចេញ​សម្បុក​ត្រចៀកកាំ​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​ចិន ដែលជា​ទីផ្សារ​មាន​តម្រូវការ​ច្រើនជាងគេ​លើ​ពិភពលោក​ក៏​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ដែរ​»​។

ម្ចាស់ផ្ទះ​ត្រចៀកកាំ ១ ​កន្លែង​ក្នុង​ខេត្តកោះកុង​បាន​ប្រាប់ថា លោក​ចាប់ផ្តើម​ចិញ្ចឹម​ត្រចៀកកាំ ៤ ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការវិនិយោគ​នេះ​នៅ​មិនទាន់​ផ្តល់ប្រាក់​ចំណេញ​ទេ​។ លោក​និយាយ ថា​៖ «២-៣ ​ខែ​ទើប​ប្រមូលផល​បាន​ម្តង ហើយ​តម្លៃ​ក៏​មិនបាន​ច្រើន​ទៀត នេះ​ខ្ញុំ​ធ្វើ​លក្ខណៈ​គ្រួសារ​ផង​។ បើ​អាច​នាំចេញ​ទៅ​ចិន​បាន​នោះ តម្លៃ​ប្រាកដជា​កើនឡើង​ខ្ពស់​»​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កន្លងមក​បានឱ្យ​ដឹង​ថា កម្ពុជា​បានដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​ស្នើសុំ​នាំចេញ​ផលិតផល​កសិកម្ម​ដូច ផ្លែ​មៀន​ប៉ៃលិន ម្រេច ទុរេន ក្រូច​ត្លុង និង​សម្បុក​ត្រចៀកកាំ ជាដើម​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ងិន ឆាយ ធ្លាប់បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុមការងារ​របស់​ក្រសួង​កសិកម្ម​កំពុងតែធ្វើការ​ជាមួយ​ផ្នែក​ឯកជន និង​អាជ្ញាធរ​ប្រទេស​ចិន ដើម្បី​នាំចេញ​ផលិតផល​ពី​ទឹកមាត់​ត្រចៀកកាំ​ទៅ​ប្រទេស​ចិន​។ ទោះយ៉ាងណា​ផែនការ​នេះ​មាន​ឧបសគ្គ​ធំៗ​ចំនួន ២ គឺ​ការចរចា​ជាមួយ​ភាគី​ចិន និង​បញ្ហា​ក្នុងស្រុក​។ លោក​បន្តថា បញ្ហា​ខាងក្រៅ គឺ​ភាគី​ចិន​បានកំណត់​គោលការណ៍​ក្នុង​ការចរចា ១ ដង ១ មុខទំនិញ ចំណែក​បញ្ហា​ខាងក្នុង​គឺ​សមត្ថភាព​កែច្នៃ​ដែល​នៅ​មិនទាន់​ស្របតាម​ស្តង់ដា​ដែល​ប្រទេស​ចិន​ចង់បាន​។

លោក​និយាយថា​៖ «​តាម​ការស្រាវជ្រាវ គឺ​កម្ពុជា​នៅ​មិនទាន់​មាន​ការរៀបចំ​រោងចក្រ​កែច្នៃ​ណាមួយ​ដែលមាន​កម្រិត ISO នៅឡើយ​ទេ​»​។

បើ​យោងតាម​ការស្រាវជ្រាវ​ក្នុង​ ១ ​ឆ្នាំៗ​ប្រទេស​ចិន​មាន​តម្រូវ​ការផលិតផល​សម្បុក​ត្រចៀកកាំ​រាប់ពាន់​តោន ខណៈ​ការផ្គត់ផ្គង់​នៅ​ខ្វះ​ជាង ១ ០០០​ តោន​ជា​រៀង រាល់​ឆ្នាំ​។ នេះ​បើតាម​លោក កុកធាន​។

លោក​ប្រាប់ថា​៖ «​បើទោះបី​មិនទាន់​មាន​ការសិក្សា ប៉ុន្តែ​ខ្ញុំ​គិតថា​នៅក្នុង ​១ ​ឆ្នាំៗ ការប្រមូលផល​សម្បុក​ត្រចៀកកាំ​នៅ​កម្ពុជា នៅមាន​បរិមាណ​តិចជាង ១០០ ​តោន​នៅឡើយ ខណៈ​ដែល​កម្ពុជា​ជា​ប្រទេស​ដែលមាន​ធម្មជាតិ​ល្អ​គ្រប់គ្រាន់​សម្រាប់​ការវិនិយោគ​លើផ្ទះ​ត្រចៀកកាំ​»​។

បើតាម​លោក កុកធាន បច្ចុប្បន្ន​សម្បុក​ត្រចៀកកាំ​នៅ​កម្ពុជា​មិនទាន់​សម្អាត មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី ៦៥០-៧០០ ​ដុល្លារ​ក្នុង​ ១​ គីឡូក្រាម និង​សម្អាត​ហើយ​មាន​តម្លៃ​ចន្លោះ​ពី​ ១ ៦០០ ​ដុល្លារ​ទៅជាង ២ ០០០ ​ដុល្លារ​។ ចំណែក​នៅ​ប្រទេស​ម៉ាឡេស៊ី ផលិតផល​សម្បុក​ត្រចៀកកាំ​មិនទាន់​សម្អាត​អាច​មាន​តម្លៃ​ចន្លោះ​ពី ៨០០-១ ០០០ ​ដុល្លារ​ឯណោះ​៕ LA