ភ្នំពេញៈ ក្រុមហ៊ុន​ប៉ាងណាគ្រី​រៀលអ៊ីសស្ទេត ឯ.ក ដែលមាន​ភាគហ៊ុន​ចម្រុះ​ខ្មែរ ចិន និង​ថៃ​បាន​បើក​ឱ្យ​ដំណើរការ​រោងចក្រ​ដែក​ដំបូង​គេ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ចូលរួមចំណែក​ការនាំ​ចូល​ពី​បរទេស​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ការបើក​សម្ពោធ​រោងចក្រ​ដែក​នេះ​ត្រូវ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៨ ខែ មីនា ដែលជា​ការបើក​ដំណើរការ​ផលិតកម្ម និង​កែច្នៃ​ដែក គ្រឿងសំណង់​ ឬ​រោងចក្រ​ដែក​ទី​ ១ នៅ​ខេត្តបន្ទាយមានជ័យ​។ រោងចក្រ​នេះ​គឺមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ខ្លួន​ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

លោក​ តឹក ប៊ុនធឿន តំណាង​ក្រុមហ៊ុន​បានឱ្យ​ដឹងថា ការដាក់ឱ្យ​ដំណើរការ​នូវ​រោងចក្រ​ផលិត​ដែក​នេះ​គឺជា​ការរួមចំណែក​របស់​ក្រុមហ៊ុន​ក្នុងការ​បង្កើត​ការងារ និង​ប្រែក្លាយ​តំបន់​ម៉ាឡៃ​ដែលជា​សមរភូមិ​ក្តៅ​មួយ​ទៅជា​តំបន់​អភិវឌ្ឍន៍​។

លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ការ​ឈានដល់​ស្រុះស្រួល ចូល​ភាគហ៊ុន និង​សុំ​អាជ្ញាប័ណ្ណ​បើក​រោងចក្រ​ដែក​ទី​ ១ ​ឬ​ដំបូង​គេ​នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ គឺជា​ការចូលរួម​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន ជាពិសេស​ប្រែក្លាយ​តំបន់​អតីត​ព្រៃ​ដាច់ស្រយាល តំបន់​អតីត​សមរភូមិ​សង្គ្រាម និង​តំបន់​ចម្ការមីន​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​»​។

លោក​បាន​ថ្លែង​បន្តទៀតថា កន្លងមក​ក្រុមហ៊ុន បាននិង​កំពុង​អភិវឌ្ឍ​តំបន់​នោះ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន​ខ្សែ​ចំណាយ​ប្រមាណ​ ៣ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដោយ​បាន​វិនិយោគ​លើ​វិស័យ​អចលនវត្ថុ​, បង្កើត​ផ្សារ​,​រោងចក្រ​, សេវាកម្ម​មួយចំនួន ដែល​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។ នៅក្នុង​គម្រោង​បន្ត គឺ​ក្រុមហ៊ុន​នឹង​កសាង​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត និង​អាជីវកម្ម វិស័យ​ផ្សេងទៀត​ដើម្បី​ផលចំណេញ​ក្រុមហ៊ុន​ផង និង​រក​ការងារ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍ថា ការដាក់ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ដែក​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ជាក់​របស់​វិស័យ​ឯកជន​មកលើ​ខេត្ត​របស់លោក ហើយ​បានរួមចំណែក​ដល់​ការបង្កើត​ការងារ​ដល់​ខេត្ត​ផងដែរ​។

លោក​បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ «​អាជ្ញាធរខេត្ត​សូម​ស្វាគមន៍​ចំពោះ​វិស័យ​ឯកជន​ក្នុងការ​បោះទុន​វិនិយោគ​នៅ​ខេត្ត មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នឹង​បន្ត​សម្របសម្រួល បង្កលក្ខណ:​ងាយស្រួល​ជូន​ដល់​វិនិយោគិន​ខ្មែរ និង​បរទេស​ទាំងឡាយ​ដែល​មក​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ខេត្ត​កាន់តែច្រើន​បន្ថែមទៀត​»​។

បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​នាំចូល​គ្រឿងសំណង់​មានតម្លៃ​សរុប​ជាង ១,៤ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ កើន​ជាង ២០ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

បើតាម​របាយការណ៍​ដដែល​ស្ថិតិ​នៃ​ការ​នាំចូល​មុខទំនិញ​សំខាន់ៗ​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ ​២០២១ កម្ពុជា​បាន​នាំចូល​គ្រឿងសំណង់​ក្នុង​ទឹកប្រាក់​សរុប ១ ៤២៩​ លាន​ដុល្លារ កើនឡើង ២០,៨៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១ ១៨២ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចូល​សម្ភារ​សំណង់​មាន​ទឹកប្រាក់ ១ ០៦៣ ​លាន​ដុល្លារ កើនឡើង ៣៣​ ភាគរយ ពី​ចំនួន ៨០២ លាន​ដុល្លារ និង​ការ​នាំចូល​ដែក មាន​ទឹកប្រាក់ ៣២៦ លាន​ដុល្លារ កើនឡើង ១ ​ភាគរយ​ពី​ចំនួន ៣២១ ​លាន​ដុល្លារ​។ ដោយឡែក​ការនាំចូល​ស៊ីម៉ងត៍​មាន​តម្លៃ ៤០ ​លាន​ដុល្លារ ធ្លាក់ចុះ ៣៣ ​ភាគរយ​ពី​ចំនួន ៥៩ ​លាន​ដុល្លារ​៕ LA