ភ្នំពេញៈ សន្ធាន​ការីពាណិជ្ជកម្ម​ថ្មី​ចំនួន ១៦ ​រូប​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ​ផ្នែក​សន្ធានកម្ម​ និង​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ក្រៅ​តុលាការ​មជ្ឈមណ្ឌល​ដោះស្រាយ​វិវាទ​ប្រកបដោយ​ប្រសិទ្ធភាព ​(CEDR) បន្ទាប់ពី​កម្មវិធី​បណ្តុះបណ្តាល និង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការផ្តល់សេវា​សន្ធានកម្ម​ចំពោះ​អាជីវកម្ម​ដែលមាន​វិវាទ​។

យោងតាម​ការប្រកាស​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​ កាលពី​ថ្ងៃ​ពុធ ជា​តតិយជន​អព្យាក្រឹត និង​ឯករាជ្យ ដែលជា​សន្ធានការី​ប្រើ​បច្ចេកទេស​ជាច្រើន​ក្នុងការ​ដឹកនាំ​ដំណើរការ​ពិភាក្សា ទីបំផុត​ជួយ​ភាគី​អាជីវកម្ម​ឱ្យ​ឈានដល់​ដំណោះស្រាយ​ដែល​មានការ​ព្រមព្រៀងគ្នា​ធ្វើឱ្យ​ពួកគេ​កាត់បន្ថយ​នីតិវិធីតុលាការ​ដ៏វែង និង​ត្រូវ​ចំណាយ​ច្រើន​។

«​ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ​របស់​កម្ពុជា​ទន្ទឹមនឹង​ការជួយ​​ទ្រទ្រង់​ឱ្យ​ធុរកិច្ច​នានា ស្ទុះ​ងើបឡើង​វិញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ និង​បន្ត​ការបង្កើត​ការងារ IFC និង​មជ្ឈមណ្ឌល​ជាតិ​ផ្នែក​មជ្ឈត្តការ​ពាណិជ្ជកម្ម (NCAC) កំពុង​ជំរុញ​សន្ធានកម្ម​ ដើម្បី​ដោះស្រាយ​វិវាទ​អាជីវកម្ម និង​កសាង​ទំនុកចិត្ត​របស់​វិនិយោគិន​លើ​វិវាទ​ពាណិជ្ជកម្ម​»​។ នេះ​បើ​យោងតាម​ IFC​។

IFC បាន​បន្តថា ដោយសារ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដូចជា​ទីផ្សារ​ផ្សេងទៀត​ដែរ​អាជីវកម្ម​កម្ពុជា​ជួប​ការលំបាក​ជាពិសេស សហគ្រាស​ធុន​តូច និង​មធ្យម (SME) ក្នុងការ​រក្សា​ប្រតិបត្តិការ​។ ស្ថិតក្នុង​បរិការណ៍​នេះ​អត្ថិភាព​នៃ​ការដោះស្រាយ​វិវាទ​តាមបែប​ផ្សេងទៀត​ដែល​អាច​បត់បែន​បាន​ក្រៅ​ប្រព័ន្ធ​តុលាការ ដូចជា សន្ធានកម្ម​ពាណិជ្ជកម្ម​ជាដើម​។

លោក Asad Yaqub តំណាង IFC ប្រចាំ​កម្ពុជា​បានឱ្យដឹងថា នៅ IFC បទពិសោធ​របស់​យើង​បង្ហាញថា​ក្នុងអំឡុងពេល​មាន​វិបត្តិ យន្តការ​សន្ធានកម្ម​ពាណិជ្ជកម្ម​ដ៏រឹងមាំ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជំរុញ​ការដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ឬ​វិវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បំណុល​កាន់តែ​លឿន​ជាង​មុន​។

លោក Asad បាន​ថ្លែងថា​៖ «​ខណ:ពេល​សេដ្ឋកិច្ច កម្ពុជា​ស្ទុះ​ងើបឡើង​វិញ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​បន្ត​រីកចម្រើន ជម្រើស​ដោះស្រាយ​វិវាទ​ក្រៅ​តុលាការ​ប្រកប​ដោយ​ប្រសិទ្ធភាព​នឹង​ផ្តល់ឱ្យ​វិស័យ​ឯកជន​នូវ​ទំនុកចិត្ត​បន្ថែមទៀត​ក្នុង​ការ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ធុរកិច្ច​នានា​ដែល​លើកទឹកចិត្ត​ការវិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុងប្រទេស​»​។

លោក ប៊ុន យូឌី ប្រធាន​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​ពាណិជ្ជកម្ម​ជាតិ​បានឱ្យដឹងថា ទោះបីជា​សន្ធានកម្ម បែប​ប្រពៃណី​ដែលមាន​តាំងពី​យូរយារ​ណាស់​មកហើយ​នៅក្នុង​សង្គម​កម្ពុជា​ក៏ដោយ សន្ធានកម្ម​ពាណិជ្ជកម្ម​ដែលមាន​រចនាសម្ព័ន្ធ​គឺជា​គំនិត​ថ្មី​មួយ សម្រាប់​សហគមន៍​ធុរកិច្ច​នៅទីនេះ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ជឿជាក់ថា​យន្តការ​ដោះស្រាយ​វិវាទ​ជំនួស​ដែល​ត្រូវបាន​ពង្រឹង​រួមជាមួយ​នឹង​សន្ធានការី ដែល​មាន​សមត្ថភាព​នឹង​លើក​ទឹកចិត្ត​ឱ្យ​អាជីវកម្ម​កាន់តែច្រើន​នៅក្នុង​ប្រទេស​នេះ​ទទួល​យក​ការសន្ធានកម្ម​ពាណិជ្ជកម្ម ដែលជា​មធ្យោបាយ​មួយ​ ដើម្បី​ជួយ​ដោះស្រាយ​វិវាទ​របស់​ពួកគេ​ឱ្យបាន​ឆាប់រហ័ស សន្សំសំចៃ និង​មាន​ប្រសិទ្ធភាព​។ ការទទួលស្គាល់​ជា​អន្តរជាតិ​ដល់​សិក្ខាកាម​ទាំង​ ១៦ ​នាក់ គឺជា​ព្រឹត្តិការណ៍​ដ៏គួរឱ្យ​កត់សម្គាល់​មួយ​»​។

កំណត់ត្រា បាន​ពី​សភាពាណិជ្ជកម្ម​អន្តរជាតិ (ICC) បង្ហាញ​ថា ដំណើរការ​សន្ធានកម្ម​ជា​មធ្យម​មាន​រយៈពេល ៤ ខែ​គិត​ចាប់ពី​ថ្ងៃ​ដែល​សំណើ​សម្រាប់​សន្ធានកម្ម​ត្រូវ​បាន​ដាក់​រហូតដល់​ចុងបញ្ចប់​នៃ​ដំណើរការ​។ យ៉ាងណា​ក៏ដោយ ការប្រជុំ​ជាក់ស្តែង​ជាមួយនឹង​សន្ធានការី​មាន​រយៈពេល​តែ​ ១​ ទៅ​ ២ ​ថ្ងៃ​ប៉ុណ្ណោះ​។

បើ​យោងទៅតាម​លោកស្រី ចម និមល រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ខែសីហា ឆ្នាំ​ ២០២១ ថា វិនិយោគិន​មួយចំនួន​បាន​ដាក់ពាក្យ​បណ្តឹង​ចំនួន​ ២៧​ ទាក់ទង​នឹង​វិវាទ​ពាណិជ្ជកម្ម​ទាំងនេះ​ទៅកាន់​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​ពាណិជ្ជកម្ម​ជាតិ (NCAC)៕ LA